​អាមេរិក​ថា កិច្ចប្រជុំ​លោក អូ​បា​ម៉ា និង​មេដឹកនាំ​អាស៊ាន​នៅ Sunnylands មិនមែន​ដើម្បី​ប្រឆាំង​ចិន​ឡើយ​

​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា​កិច្ចប្រជុំ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក អាស៊ាន​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក​ថ្ងៃ ១៥​ដល់​១៦​កុម្ភៈ​ខាងមុខ​មិនមែន​ប្រឆាំង​ចិន​ឡើយ​។ គេ​រំពឹងថា កិច្ចប្រជុំ​ពិសេស​នេះ​នឹង​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​ក្រោយ​តំ​ឡើងជា​ដៃគូ​យុទ្ធសាស្ត្រ​តែប៉ុណ្ណោះ មិនមែន​បញ្ហា​ចិន​ឡើយ​។​

​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា លោក Daniel Russel  បានប្រកាសថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខនេះ​មិនមែន​ធ្វើឡើង​ដើម្បី​ប្រឆាំង​ក្រុង​ប៉េកាំង​ឡើយ​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ក្រោយពេល​មានការ​លើកឡើងថា អាមេរិក​កំពុង​ទាក់ទាញ​និង​បញ្ចុះ​ប​ញ្ជូ​ល​មេដឹកនាំ​អាស៊ាន​ដើម្បី​ប្រឆាំងនឹង​ឥទ្ធិ​ល​ចិន​ក្នុង​តំបន់​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ក្នុង​កិច្ចប្រជុំ​នៅ​ម៉ាឡេស៊ី​ចុងឆ្នាំ​មុន ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្នើសុំ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ដោយ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០ រួមទាំង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផង​នោះ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ  Sunnylands កាលី​ហ្វ​រ​នីញ៉ា​ពីថ្ងៃ ១៥​ដល់​ថ្ងៃ ១៦ កុម្ភៈ​នេះ​។

​លោក Daniel Russel  បាន​សង្កត់ធ្ងន់ថា កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​មិនមែនជា​កិច្ចពិភាក្សា​ពី​បញ្ហា​ចិន​ឡើយ តែ​ប្រធានបទ​ដែល​ស្ថិតក្នុង​របៀបវារៈ​គឺ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាស៊ាន និង​អាមេរិក​ដែល​ត្រូវបាន​ដំ​ឡើងដល់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កាលពី​ចុង​ឆ្នាំមុន​នោះ​។ ដូច្នេះ​វា​មិនមែនជា​វេទិកា​ប្រឆាំង​ចិន​អ្វី​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​វេទិកា​ពិភាក្សា​ពិសេស​មួយ ដែល​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជជែក​ពុ​ភា​ក្សា​ពី​សមិទ្ធផល​អាមេរិក និង អាស៊ាន​សម្រេចបាន និង​ស្វែងរក​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព​ទ្វេភាគី​បន្ត​ទៅមុខទៀត​ដែរ​។  លោក អូ​បា​ម៉ា នឹង​យក​ឱកាស​កិច្ចប្រជុំ​នេះ
​ត្រួតពិនិត្យ​និង​ពិភាក្សា​ពី​ការវិវត្ត​នៃ​ការវិនិយោគ​អាមេរិក​ក្នុង​រយៈពេល ជាង​៧​ឆ្នាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍ ដែល​វា​ជា​ផ្នែក​មួយ​គោលនយោបាយ​ត្រលប់មក​តំបន់​អាស៊ី​ដែល​ដាក់ចេញ​ដោយ​រដ្ឋបាល​លោក​តាំងពី​ឆ្នាំ  ២០០៩​មក​នោះ​។

​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ខាងលើ​បានបញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​មិនមាន​ចំណែក​អ្វី​ក្នុង ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តែ​អាមេរិក​ខ្វល់ខ្វាយ​ពី​សេរីភាព​នាវាចរណ៍​ដែលជា​ផ្លូវ​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​សមុទ្រ​។

​លោក​ថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​ទាក់ទង​ជម្លោះ​កោះ​និង​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​ល្បែង​ផលបូក​សូន្យ (Zero-Sum Game) ហើយក៏​មិនមែនជា​ជម្លោះ​ដែលមាន​អាមេរិក​និង​ចិន​នៅ​ពីក្រោយ​ដែរ​។ បញ្ហាសំខាន់​គឺ​ត្រូវ​សួរថា​តើ ភាគី​ជម្លោះ​ដែលជា​រដ្ឋ​អាស៊ាន​និង​ចិន​ផ្ទាល់​នោះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​សកល និង​នីតិរដ្ឋ​ដែរ​ឬ​អត់​។

​មហា​ចិន​ទាមទារ​តំបន់​ជម្លោះ​ស្ទើរតែ​៩០​ភាគរយ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​ប្រវត្តិសាស្ត្រ ហើយ​មហាអំណាច​តំបន់​នេះ​មិន​ដែរ​ចង់​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​នេះ​តាមផ្លូវ​ច្បាប់​ឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​