នាវាមុជទឹក​និង​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​មកដល់​វៀតណាម​បន្តបន្ទាប់​

​នៅ​ដើមខែ​កុម្ភៈ​នេះ​វៀតណាម​ទទួលបាន​នាវាមុជទឹក​ទី ៥​របស់ខ្លួន​ពី​រុស្ស៊ី ហើយ​នាវាមុជទឹក​ចុងក្រោយ​នឹង​មកដល់​វៀតណាម​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​នេះ​។   វៀតណាម​បាន​បញ្ជា​ទិញ​នាវាមុជទឹក ៦​គ្រឿង​ពី​រុស្ស៊ី​តាំង​ឆ្នាំ ២០០៩ ម្ល៉េះ ​ហើយ​នាវាមុជ​ទឹកមួយក្នុងចំណោមនាវា ៤​គ្រឿង​ដែល​មកដល់​វៀតណាមនោះ កំពុងស្ថិត​ក្នុង​ប្រតិបត្តិការ​ល្បាត​នៅក្បែរ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង​។ រាល់​ការនាំ អាវុធ​ទំនើប និង អាវុធ​យុទ្ធសាស្ត្រ​ចូល​ជា​ទឡ្ហីករណ៍​មួយ​បញ្ជាក់ថា វៀតណាម​ត្រៀមខ្លួន​ទប់ទល់​ជាមួយ មហា​យក្ស ចិន​ក្នុង​ជម្លោះដែនសមុទ្រ​នេះ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ក្រោយ​រង់ចាំ​អស់​រយៈពេល​យូរ​ដែរនោះ នាវាមុជទឹក​ទី ៥ ផលិត​ដោយ​រុស្ស៊ី បាន​មកដល់​ប្រទេស​វៀតណាម​ហើយ​។ នាវាមុជទឹក​មាន​ប្រវែង​ជាង​៧០​ម៉ែត្រ និង​ទម្ងន់ ជាង​៣០០០​តោន​នោះ​មាន​ឈ្មោះថា HQ-186 Da Nang ។ នាវាមុជទឹក​នេះ បានចេញ​ដំណើរ​ពី​កំពង់ផែ​ទីក្រុង St Petersburg   ទៅកាន់​ប្រទេស​ហូ​ឡង់ ក្រោយ​សាកល្បង​ដំណើរការ​ជោគជ័យ​នៅ​សមុទ្រ​បាល់​ទិ​ក​។ ក្រោយមក នាវា​នោះ​ត្រូវគេ​ដឹក​តាម​កប៉ាល់​ទំនិញ​ពី​ហូ​ឡង់​នៅ​ថ្ងៃ​២៥​ធ្នូ ឆ្នាំ ២០១៥ បន្តដំណើរ​មកកាន់​កំពង់ផែ Cam Ranh ប្រទេស​វៀតណាម ហើយ​ទើប​មកដល់​គោលដៅ​នៅ​យប់​ថ្ងៃ​អង្គារ​ទី​២​កុម្ភៈ​នេះ​។ ចំណែក​នាវា​ទី​៦ ដែលមាន​ឈ្មោះថា HQ-187 Ba Ria-Vung Tau នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​វៀតណាម​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។

​តាមពិតទៅ នាវាមុជទឹក​ទាំង​៦​គ្រឿង​ត្រូវបាន​ផលិតឡើង​ក្រោម​កិច្ចសន្យា​ទំហំ ២​ពាន់​លាន​ដុល្លារ​អាមេរិក​រវាង​វៀតណាម​និង​រុស្ស៊ី ដែល​ត្រូវបាន​ចុះ​ហ​ត្ថ​លេខា​ដោយ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀង តាន់​ស៊ុ​ង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៩ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​វៀតណាម​ចំណាយលុយ​ច្រើនសន្ធឹក​ដើម្បី​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា ដោយ​នាំចូល​អាវុធ​ច្រើនសន្ធឹក​មាន​នាវាមុជទឹក យន្តហោះ​ចម្បាំង ដាក់​គម្រោង​សង់​នាវាចម្បាំង យន្តហោះ​ស៊ើបការណ៍ និង​ចរចា​ទិញ​អាវុធ​ពី​លោកខាងលិច​ផង​។ គេ​សន្និដ្ឋានថា វៀតណាម​កំពុងតែ​កសាង​អំណាច​យោធា​ដើម្បី​ទប់ទល់​ជាមួយ​មហាអំណាច​ចិន​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នាវាមុជទឹក​នេះ​ទើប​មកដល់​វៀតណាម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​យន្តហោះ​រុស្ស៊ី Su-30 ចំនួន​២​គ្រឿង​មកដល់​វៀតណាម ដែល​ធ្វើ​ឲ្យ​ចំនួន​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​កើន​ដល់​៣២​គ្រឿង​ហើយ​។​

១.​នាវាមុជទឹក​បួន​គ្រឿង​ស្ថិតក្នុង​ប្រតិបត្តិការ​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួចហើយ​
​តាំងពី​ឆ្នាំ ២០១៤​មក វៀតណាម​បានទទួល​នាវាមុជទឹក​ចំនួន ៤​គ្រឿង​រួចទៅហើយ ហើយ​នាវា​ទាំងនោះ​ស្ថិតក្រោម​ការថែទាំង​និង​ប្រើប្រាស់​របស់​កងទ័ពជើងទឹក​វៀតណាម​ដែរ​។ បើតាម​សារព័ត៌មាន​រដ្ឋ​វៀតណាម Thahn Nien នាវាមុជទឹក​មួយ​ក្នុងចំណោម​នាវា​ទាំង​បួន​នោះ​ស្ថិតក្នុង​ប្រតិបត្តិការ​ល្បាត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​រួចទៅហើយ​។ ជារួម​នាវាមុជទឹក​ដែល​វៀតណាម​បាន​នាំ​មកនេះ ទំនងជា​ត្រូវ​ប្រើប្រាស់​ដើម្បី​ការពារ​ដែនទឹក​របស់​ខ្លួន​ទប់ទល់​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ ជាពិសេស​ចិន​តែម្តង​។​នាវា​ទាំងនោះ​អាច​ប្រើប្រាស់​បាន​ដើម្បី​ប្រឆាំង​ទ័ពជើងទឹក​ចិន​បាន​ក្នុងករណី​មាន​ជម្លោះ​ឬ​ការប៉ះទង្គិច​គ្នា​កើតមានឡើង​ជាយថាហេតុ​។

​បើទោះជា​វៀតណាម​មាន​នាវាចម្បាំង ឬ​នាវាមុជទឹក​តិច​ណាស់​បើ​ប្រៀប​នឹង​ចិន វា​ក៏​អាចមាន​លទ្ធភាព​ធ្វើអោយ​ចិន​ញរ​ញើ​ត និង​មិនអាច​បន្តធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ឡើយ​។ នាវា​នេះ​អាច​ដឹក​មនុ​ស្សបាន​ជិត​៦០​នាក់ មុជ​ទឹកបាន​ជម្រៅ ៣០០​ម៉ែត្រ ព្រមទាំង​ធ្វើដំណើរ​បាន​ចម្ងាយ ៦​ពាន់​ទៅ ៧៥០០​ម៉ា​ល៍ ក្នុង​រយៈពេល​៤៥​ថ្ងៃ​ឥត​ឈប់​។ ក្រៅពីនេះ​នាវា​នេះ​មាន​បំពាក់​សព្វាវុធ​ទំនើបៗ​ជាច្រើន​មាន​ទាំង​កាំជ្រួច​មី​ស៊ី​លបាញ់​យន្តហោះ​រយៈ​ម្ងា​យ​ឆ្ងាយ កាំជ្រួច​ការពារ​អាកាស និង​បាញ់​យន្តហោះ​ជាដើម​។

២.​វៀតណាម​ទិញ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បំពាក់​នាវា​ខ្លួន​រួចហើយ​
​ដោយឡែក កាលពី​ពាក់កណ្តាល​ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​នាំចូល​ប្រភេទ​មី​ស៊ី​ល​បំពាក់​នាវាមុជទឹក ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក និង​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ថែមទៀត​។ បើតាម​ការអះអាង​រប​ស់​អ្នកជំនាញ​យុទ្ធសាស្ត្រ​យោធា វៀតណាម​គ្រោង​នឹង​ប្រើប្រាស់​កាំជ្រួច​បំពាក់​នាវាមុជទឹក​នេះ ដើម្បី​បំភ័យ​ក្រុង​ប៉េកាំង ដែលជា​ភាគី​មួយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ កាលនោះ ចិន​ប្រតិកម្ម​ដែរ​ដោយ​ចាត់ទុក ការ​នាំចូល​នាវាមុជទឹក និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រដ្ឋាភិបាល​វៀត​ណា​ម ជាការ​បង្ករឿង​មួយ ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​ថែមទៀត​។​

​វៀតណាម​បានក្លាយ​ជា​រដ្ឋ​ដំបូង​បំផុត​របស់​អាស៊ាន ដែល​ហ៊ាន​ទិញ​អាវុធ​ប្រភេទ​នេះ ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​យោធា និង​បំពាក់​នាវាមុជទឹក​រប​ស់​ខ្លួន​។ វិស័យ​យោធា​របស់​វៀតណាម​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​យោធា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សូម្បីតែ​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មួយ​ដែរនោះ មិនទាន់​ទាំង​មាន​នាវាមុជទឹក​ប្រើ​ផង​។ 

​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បំពាក់​នាវាមុជទឹក ជា​ប្រភេទ​អាវុធ​មាន​ឥទ្ធិពល​ក្នុងការ​ប្រឆាំង​នាវាចម្បាំង និង​កម្ទេច​គោលដៅ​ទាំងឡាយ ដែល​នៅលើ​គោក​ស្ថិតក្នុង​ចម្ងាយ​ដែល​អាវុធ​នេះ​អាច​រត់​ទៅដល់​។ បើតាម​ទីតាំង​ភូមិសាស្ត្រ មី​ស៊ី​ល​ថ្មី​នេះ អាច​នឹងត្រូវ​ប្រើប្រាស់​ប្រឆាំង​ចិន ប្រសិនជា​ករណី​មានការ​ប្រយុទ្ធ​គ្នា​កើតឡើង ដ្បិត​មី​ស៊ី​ល​នេះ​អាច​បាញ់​ដល់ទី​ក្រុង​មួយចំនួន​របស់​ចិន ដែល​ស្ថិតនៅតាម​មាត់សមុទ្រ​ថែម​ទៀតផង​។

​អ្នកជំនាញ​បាន​វាយតម្លៃ​រួចហើយ​ថា ការ​នាំចូល​អាវុធ​ប្រភេទ​នេះ តិច​ឬ​ច្រើន​វា​នឹងធ្វើ​ឲ្យ​ចិន ញរ​ញើ​ត ហើយ​ចិន​ក៏​ពិបាក​វាយតម្លៃ​ពី​សមត្ថភាព​យោធា និង​រៀបចំ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រសិនបើ​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​មែន​នោះ​។ យ៉ាងណាក៏ដោយ​មន្ត្រី និង​ក្រសួងការពារជាតិ​វៀតណាម​មិនបាន​ផ្តល់យោបល់​ឬ​ឆ្លើយតប​ចំពោះ​ព័ត៌មាន​ទិញ​មី​ស៊ី​ល​ថ្មី​នេះឡើយ ប៉ុន្តែ​កាល​មុន​ក្រសួងការពារជាតិ​ប្រទេស​នេះ​បាន​បញ្ជាក់ថា ការ​នាំចូល​អាវុធ​ថ្មី​ជា​រឿង​ទាក់ទង​ការការពារ​ជាតិ​ប៉ុណ្ណោះ មិនមែន​គំរាម​រដ្ឋ​ណាមួយ​ឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​