អធិការ​ខណ្ឌ​ជ្រោយចង្វា​លាក់​ព័ត៌មាន​រឿង​ពួក​គ្រឿងញៀន​បុក​ប៉ូលិស​ពីរ​នាក់​បាក់ដៃ​

ភ្នំពេញ: ប៉ូលិស​ចរាចរណ៍​ម្នាក់ និង​អធិការរង​ម្នាក់​​នៅក្នុង​ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ក្រុម​
​ជួញដូរ​គ្រឿងញៀន និង​ពួក​ញៀន​ថ្នាំ​បើក​​ម៉ូតូ​បំ​បុក​បណ្តាល​ឲ្យ​បាក់ដៃ​។ ការដែល​ពួក​ជួញដូរ​ថ្នាំញៀន​បើក​បុក​ប៉ូលិស​ទាំងពីរ​នាក់​នេះ គឺ​ខណៈពេលដែល​ពួកគាត់​កំពុងតែ​បំពេញការងារ​​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​។​

​ចំពោះ​ករណី​ពួក​ជួញ​ញៀន​បើក​ម៉ូតូ​បុក​​ប៉ូលិស​នេះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣ និង​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប៉ុន្តែ​​ចំពោះ​ករណីនេះ ត្រូវបាន​អធិការ​ខណ្ឌ​​ជ្រោយចង្វា លាក់បាំង​ព័ត៌មាន​មិន​ឲ្យ​​ដឹង​ដល់​ថ្នាក់លើ​នោះទេ ពីព្រោះ​ខ្លាច​ថ្នាក់លើ​ស្តីបន្ទោស​។​

​មន្ត្រីប៉ូលិស​បាន​ប្រាប់​គេហទំព័រ CEN​នៅ​យប់​ថ្ងៃទី​៤ ខែកុម្ភៈ ថា ប៉ូលិស​ចរាចរណ៍​ដែល​ពួក​ជួញដូរ​គ្រឿងញៀន​បើក​ម៉ូតូ​បុក​បណ្តាល​ឲ្យ​បាក់ដៃ​ស្តាំ​​មានឈ្មោះ ស យ៉ា​។ លោ​កស យ៉ា ត្រូវ​​បាន​ពួក​គ្រឿងញៀន​បើក​ម៉ូតូ​បុក​នៅ​​គោលដៅ​មុខ​វត្ត​គៀន​ឃ្លាំង ខណៈពេល​​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ​។ មូលហេតុ​ដែល​ពួក​គ្រឿងញៀន​បើក​បុក ដោយសារតែ​ពួកវា​បាន​ជិះ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​(​ជិះ​បក​ក្រោយ​) ហើយ​លោ​កស យ៉ា បាន​​ចេញមក​ស្ទាក់ ក៏ត្រូវ​ពួកវា​បើក​ម៉ូតូ​បំ​បុក​យកតែ​ម្តង​។ ហើយ​ពួក​គ្រឿងញៀន​3​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន និង​បាន​​រកឃើញ​គ្រឿងញៀន​នៅក្នុង​ខ្លួន​ពួកវា​។​
​សេចក្តី​រាយ​ការ​ណ័​បាន​បន្តថា ចំណែក​​លោក ចាន់ ស្លី អធិការរង​ខណ្ឌ​ជ្រោយចង្វា ទទួល​ផែន​អន្តរាគមន៍ ក៏ត្រូវ​បាន​​ពួក​ថ្នាំញៀន​បើក​ម៉ូតូ​បុក​ឲ្យ​បាក់ដៃ​​ខាងឆ្វេង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៤ ខែកុម្ភៈ ខណៈពេល​​ដែល​ចុះ​បំពេញការងារ​។​
​មន្ត្រីប៉ូលិស​នៅ​ខណ្ឌ​ជ្រោយចង្វា បាន​រិះគន់​អធិការ​របស់ខ្លួន ដែល​លាក់បាំង​រឿងនេះ​មុន​ឲ្យ​ថ្នាក់លើ​ដឹង​។​
​ចំពោះ​ករណីនេះ ចាំមើល​លោកស្នងការ​ក្រុងភ្នំពេញ និង​អគ្គស្នងការ​នគរបាល​​ជាតិ មាន​ចំណាត់ការ​យ៉ាងណាដែរ ?

​សូមបញ្ជាក់​ផងដែរ ពាក់ព័ន្ធ​ករណី​ខាងលើនេះ គេហទំព័រ CEN មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អ​ធិ​រការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បានទេ​៕

អធិការ​ខណ្ឌ​ជ្រោយចង្វា​លាក់​ព័ត៌មាន​រឿង​ពួក​គ្រឿងញៀន​បុក​ប៉ូលិស​ពីរ​នាក់​បាក់ដៃ​