គ្រូបង្វឹក Valencia ​មិន​លាលែង​ឡើយ ​​ទោះ Barcelona លត់​ ៧-០

អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម ក្លាយ​ជា​គ្រូបង្វឹក លោក Gary Nevile បាន​អះ​អាង​ថា លោក​ពុំ​​លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់ Valencia ឡើយ ទោះ​បី​ជា​ក្លិប​នេះ​បាន​រង​ការ​អាម៉ាស ដោយ​បានទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ Barcelona ក្នុង​លទ្ធផល ៧-០ កាល​ពី​រាត្រី​ថ្ងៃពុធ នៅ​កីឡដ្ឋាន Camp Nou ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​របស់​ក្លិប​នៅ​ពុំ​ទាន់​បាន​និយាយ​អ្វី​ពី​អនាគត​របស់​លោក​នោះ​ឡើយ។

nevilleលោក Neville ត្រូវ​បាន​គេសួរថា តើ​លោក​មាន​បំណង​ចង់​លាលែង​ពី​តំណែង​ជា​គ្រូ​បង្វឹក​ដែរ​ឬ​ទេ បន្ទាប់​ពី​ក្រុម​នេះ​បាន​បណ្តោយ​ឲ្យ​កីឡារករ Luis Suárez ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​បាន​ចំនួន​ ៤ ​គ្រាប់ និង Lionel Messsi ចំនួន ៣ គ្រាប់ ដែល​បាន​ធ្វើ​ឲ្យ​ Valencia ធ្លាក់​ពី​ក្របខណ្ឌ Copa Del Rey? លោក Neville បាន​ឆ្លើយ​យ៉ាង​ខ្លី​បំផុត​ថា​ «ទេ»​ ចំពោះ​សំនួរ​នេះ។ អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ​និយាយ​ថា៖ «វាគឺ​ជារាត្រី​ដ៏​ឈឺ​ចាប់​បំផុត​ក្នុង​ជីវិត​បាល់ទាត់​របស់​ខ្ញុំ។ អ្នក​គាំទ្រ​របស់​យើង​ពុំ​សម​នឹង​ទទួល​បាន​បែប​នេះ​ឡើយ​កាល​ពី​រាត្រី​ថ្ងៃពុធ តែ​យើង​បាន​ស្រោចស្រង់​ការ​លេង​ឡើង​វិញ​បាន​យ៉ាង​ឆាប់​រហ័ស»។

ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ទោះ​ជា​ការ​ចាប់​ផ្តើម​នៃ​អាជីព​ជា​គ្រូបង្វឹក​របស់​លោក​ត្រូវ​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​លោក​នឹង​ពុំ​លាលែង​ពី​តំណែង​ជា​ដាច់​ខាត។
លោក​បាន​ពន្យល់​ថា៖ «សុទិដ្ឋិនិយម​គឺ​ជា​គោល​ការណ៍​ដែល​មិន​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​ខ្ញុំ។ កាល​ពី​ ១៨ ឆ្នាំ​មុន ខ្ញុំ​ក៏​ជួប​បញ្ហា​បែប​នេះ​ដែរ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​កីឡាករ​បាល់​ទាត់។ ខ្ញុំ​បាន​អភិវឌ្ឍ​វិធីសាស្រ្ត​មួយ​នៅ​ពេល​នោះ​សម្រាប់​បញ្ហា​បែប​នេះ ហើយ​យើង​នឹង​បាន​បង្ហាញ​វា​ឲ្យ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​ជា​មួយ​នឹង​ Real Betis នៅ​ថ្ងៃ​អាទិត្យ»។ លោក Suso García Pitarch អគ្គនាយក​ក្លិប Valencia បាន​ហៅ​បរាជ័យ​នេះ​ថា​ជា «លទ្ធផល​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​របស់​ក្លិប» ហើយ​លោក​បាន​គេច​ពុំ​ឆ្លើយ​សំនួរ​ទាក់​ទិន​នឹង​អនាគត​របស់​គ្រូប​បង្វឹក​ក្លិប​របស់​លោក។

គួរ​កត់​សម្គាល់​ផងដែរថា ក្រោម​ការ​ដឹក​នាំ​របស់​លោក Neville ក្រុម Valencia បាន​ឈ្នះ​ត្រឹម​តែ​ ៤ ​ប្រកួត​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម ១៥ ប្រកួត។ ការ​ទទួល​បរាជ័យ​ជា​បន្ត​បន្ទាប់​បាន​ដាក់​សម្ពាធ​បន្ថែម​មក​ក្នុង​ក្លិប បើទោះ​បី​ជា​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ធ្វើ​ការ​បន្ទោស​ទៅ​លើ​ការ​លេង​មិន​ល្អ​របស់​កីឡាករ​ជា​ជាង​ការ​ដឹក​នាំ​របស់​លោក៕