កូនប្រុស​លោក វ៉ា ជុង ហួត អគ្គនាយករង​កំពុង​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ស្រវឹងស្រា​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ចរាចរណ៍​ថ្មី​

ខេត្ត​ព្រះសីហនុ​៖ ភាព​ភ្ញាក់​ផ្អើលឆោឡោ បាន​កើតឡើង​នៅវេលា​ម៉ោង​ពាក់កណ្តាល​អា​ធ្រា​ត្រ បន្ទាប់ពី​រថយន្ត​មួយ​ម៉ាក​ឡង់​គ្រី​ស័​រ ១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង​បោះពួយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ថ្ងៃ​ឈានចូល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្រុមទី​១ ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-​ខេត្ដ​ព្រះសីហនុ ។​

​យោងតាម​ប្រភព​សមត្ថកិច្ច​ចរាចរណ៍​បាន​ប្រាប់​អោយដឹងថា​៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ត្រូវ​រថយន្ដបុក​បំផ្លាញ​ខាងលើ​នោះ ម្ចាស់​ឈ្មោះ​ប៉ោ សុផល ភេទ​ស្រី អាយុ​៦២​ឆ្នាំ ។ ផ្ទះ​នេះ​ក្រៅពី​ការរស់នៅ ម្ចាស់ផ្ទះ​បាន​ជួល​មួយផ្នែក​ឱ្យគេ​ធ្វើ​អាជីវកម្ម​ដេរ​ពួក​។​ក្នុង​ហេតុ​ការ​នេះ​បណ្តាលអោយ​ទ្វារ​រមួល​ចំនួន​២​ផ្ទាំង​បាន​រង​ការ​ខូ​ត​ខាត​ទាំងស្រុង ហើយ​ជញ្ជាំង ផ្ទះ​ក៏ត្រូវ​បាក់​ទាំងស្រុង​។ ក្នុងនោះ​សសរ ផ្នែក​ខាងមុខ ម៉ាស៊ីនដេរ​ពួក និង​សម្ភារៈ មួយចំនួនទៀត​ក៏បាន​រង​ការ​ខូ​ត​ខាត​ផងដែរ​។​

ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បង្ហើប​ថា ក្រោយពី​កើតហេតុ​អ្នកបើកប​រថយន្ដ​មិនបាន​រត់គេចខ្លួន តែមាន​ការសម្របសម្រួល​ជាមួយនឹង​ម្ចាស់ផ្ទះ​ដោយ ផ្ដល់​សំណង​១.៨០០​ដុល្លារ​សម្រាប់​សង ថ្លៃ​ការ​ខូ​ត​ខាត​ផ្ទះសម្បែង​។ ចំណែក​សម្ភារៈ​របស់​អ្នក​ជួល​ដេរ​ពួក​អ្នកបើក បរ​ខាងលើនេះ​បាន​សង​ចំនួន​៨០០​ដុល្លារ​ដើម្បី​បញ្ចប់​កុំឱ្យ​សមត្ថកិច្ច​ឈឺក្បាល​។​

នៅក្នុង​ករណី​ខាងលើនេះ​ជនបង្ក​គ្រោះថ្នាក់​បាន​ព្យាយាម​លាក់បាំង​ឈ្មោះ ប៉ុន្ដែ​ទោះជា​យ៉ាងណា​មាន​គេ​ប្រាប់​ឱ្យដឹងថា អ្នក​ដែល​បើក​រថយន្ដបុក​ចូល​ផ្ទះ ប្រជាពលរដ្ឋ មានឈ្មោះ ហុង សុ​ធាង អាយុ​ប្រហែលជា​២០​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​១៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ដ​ព្រះសីហនុ​។ ត្រូវជា​កូនប្រុស​របស់លោក វ៉ា ជុង ហួត អគ្គនាយករង​កំពុង​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជា​ម្ចាស់ រថយន្ដ ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-1789 ។​

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​រិះគន់​ទៅលើ​សមត្ថកិច្ច​មូលដ្ឋាន​ថា មិន​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ចរាចរណ៍​ថ្មី​ទៅលើ​ជនបង្ក​តាមផ្លូវ​ច្បាប់​។ ការមិន​ចាត់ការ​ជន​បើកបរ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ទៅតាម​ផ្លូវច្បាប់​នេះ គឺជា​ភាពកំសោយ​របស់​សមត្ថ​កិច្ច ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​។ ដូច្នេះ​ដើម្បី​ឲ្យ​ស្មើមុខស្មើមាត់​ចំពោះ​ផ្លូវច្បាប់​សមត្ថកិច្ច​គួរតែ​ឃាត់ខ្លួន​ជនបង្ក​បញ្ជូនទៅ​តុលាការ បើទោះជា​ជនបង្ក​ផ្ដល់​សំណង​ការ​ខូ​ត​ខាត​ក៏ដោយ​ដើម្បី​កុំ​ឲ្យ​មានការ​ប្តឹង​នោះ ហើយ​ច្បាប់​ចរាចរណ៍​ថ្មី​អាច​ក្លាយជា​ក្រដាសអនាម័យ​របស់​អ្នកមាន​លុយ​សំអាត​ភាព​ល្មើសច្បាប់​របស់​ពួកគេ ៕ សមុទ្រ​ខៀវ​

KA-04-02-2016-27 KA-04-02-2016-28 KA-04-02-2016-29 KA-04-02-2016-30