ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​បាន​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​តំបន់​គ្រប់គ្រង​រដ្ឋបាល រវាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង កាលពី​ជាង​កន្លះ​ខែ​មុន​រួច​មក ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស់​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​មិន​ទាន់​ដាច់ស្រេច​ទៅ​ជា​ដែនដី​របស់​ភាគី​ខាង​ណាមួយ​នោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​កោះហៅ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ឱ្យ​ជួប​ប្រជុំ​នៅ​ក្នុង​សាលា​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ឡេ​ង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​មាន​មន្ត្រីរាជការ​មក​ពី​ខេត្ត​ទាំង​ពីរ​ចូលរួម​យ៉ាងច្រើន​កុះករ ដើម្បី​ស្ទាបស្ទង់​មតិ និងរ​កវី​ធី​ដោះស្រាយ​ដែនដី​ដែល​ខ្លួន​នឹង​ត្រូវ​គ្រប់គ្រង​ពិតប្រាកដ យក​ទៅ​ជូន​ក្រសួងមហាផ្ទៃ​ធ្វើការ​សម្រេច ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ឯកឧត្តម ឡេ​ង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត រួម​ដំណើ​ដោយ​លោក អភិបាល​ក្រុ​ប៉ៃលិន លោក​អភិបាលស្រុក​សំឡូត លោក​មេឃុំ ចៅសង្កាត់ លោក​មេ​ភូមិ ដែល​មាន​ព្រំ​ប្រ​ទប់​ជាប់​ជាមួយ​គ្នា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​តំបន់​គ្រប់គ្រង​រដ្ឋបាល​រវាង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង បន្ត​ទៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​ភ្នំ​កុយ ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ខេត្តបាត់ដំបង ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ និង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ក្នុង​ការ​កំណត់​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​ទាំង​ពីរ​អោយ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ។ ឯកឧត្តម កើត​សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​គ្រប់គ្រង​ប្រជាពលរដ្ឋ​លើ​ភូមិសាស្ត្រ​ក្នុងភូមិ​កា​ចាប់​និង​ភូមិ​ភ្នំ​ដំបង ដែល​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​សំឡូត តាម​ស្ថានភាព​ជាក់ស្តែង ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ក្រោយ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នា​ឆ្នាំ​១៩៩៧ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ផ្តល់​សេវា​សាធារណៈ​ជូន​ពួក​គាត់​លើ​គ្រប់​វិស័យ ដូច​ជា​វិស័យ​អប់រំ​សេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និង​បាន​ផ្តល់​ឯកសារ​បញ្ចា​ក់​អត្តសញ្ញាណ​ជាដើម​។ ប៉ុន្តែ​ការ​គ្រប់គ្រង​ភូមិសាស្ត្រ​ក្នុង​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ​មានការ​ត្រួតស៊ីគ្នា​រវាង​ក្រុងប៉ៃលិន និង​ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ​កំណត់​ព្រំប្រទល់​គ្រប់គ្រង​រដ្ឋបាល​អោយ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​គ្រប់គ្រង​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​អោយ​បាន​រីក​ចំរើន​ឡើង ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខេត្តបាត់ដំបង មិន​បាន​យល់ព្រម​ប្រគល់​តំបន់​មួយ​ចំនួន​ដែល​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​គ្រប់គ្រង​នោះ​ឡើយ បើ​ទោះបីជា​ខេត្ត​របស់​ខ្លួន​មាន​ទឹកដី​ធំ​ល្វឹងល្វើយ​ហើយ​ក៏​ដោយ ។

ចំណែក​ឯកឧត្តម ឡេ​ង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​យើង​មិន​ទាន់​សម្រេចចិត្ត​ថា​កាត់​ដី​ដែល​ជា​ដែន​របស់​ខេត្តបាត់ដំបង​ឱ្យទៅ​ខាង​ប៉ៃ​លិ ន​គ្រប់គ្រង​ឬ​យ៉ាងណា​នៅឡើយ​ទេ​ត្រូវ​យក​សំណើរ​នេះ​ទៅ​ថ្នាក់លើ​ដើម្បី​ត្រួតពិនិត្យ​ព្រោះ​ខាង​អាជ្ញាធរ​ខេត្តបាត់ដំបង​មិន​ទាន់​យល់ព្រម​ប្រគល់​ដែនដី​នោះ​ជូន​ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​គ្រប់គ្រង​នៅឡើយ​ទេ ។ ឯកឧត្តម​បញ្ជាក់​ទៀត​ថា​តែបើ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខេត្ត​ខាង​ណា​ជិត​ជាង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ខេត្ត​នោះ​ខាងលើ​នឹង​ពិចារណា​ទៅ​លើ​បញ្ហា​នេះ​នៅ​ពេល​ក្រោយ​បន្ថែម​ទៀត​៕