គណៈកម្មាធិការ​អ.ស.ប៖ ប្រទេស​អាហ្វ្រិក​ជា​ច្រើន​មិន​គោរព​សិទ្ធិ​កុមារ

គណៈកម្មាធិការ​អ.ស.ប៖ ប្រទេស​អាហ្វ្រិក​ជា​ច្រើន​មិន​គោរព​សិទ្ធិ​កុមារ

បង​ប្អូន​ភ្លោះ​សុំ​ទាន​នៅ​ច្រក​ចូល​ទៅ​ក្នុង​វិហារ​ឥស្លាម​មួយ​ក្នុង​ក្រុង Touba ប្រទេស​សេណេហ្គាល់ (Senegal) កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥។

គណៈកម្មាធិការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា ប្រទេស​នៅ​អាហ្វ្រិក​ជា​ច្រើន​មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​អនុសញ្ញា​សិទ្ធិ​កុមារ​ឆ្នាំ​១៩៩០​នោះ​ទេ។ ប្រពៃណី​ទំនៀម​ទម្លាប់​ដ៏​ព្រៃផ្សៃ​ក៏​ដូចជា​រាល់​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​អនុវត្ត​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។

​គណៈកម្មាធិការរបស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បន្ទុក​លើ​សិទ្ធិ​កុមារ និង​ដែល​បាន​តាម​ដាន​ការ​អនុវត្ត​អនុសញ្ញា​នេះ ទើប​តែ​បាន​បញ្ចប់​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​៣​សប្តាហ៍​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ។ អ្នក​ជំនាញ​ការ​ឯករាជ្យ​ទាំង​១៨​បាន​តាមដាន​ទៅ​លើ​ប្រទេស​ចំនួន​១៤ ដោយ​រួមមាន​ទាំង​ប្រទេស​អាហ្វ្រិក​ចំនួន​៥​ផង​ដែរ រួម​មាន ប្រទេស​បេណាំង (Benin) កេនយ៉ា សេណេហ្គាល់ (Senegal) សំប៊ី (Zambia) និង​ស៊ីមបាវ៉េ (Zimbabwe)។

គណៈកម្មាធិការ​នេះ​បាន​រកឃើញ​ការអនុវត្ត​ដ៏​ព្រៃផ្សៃ​មួយ​ចំនួន​ ដូចជា​ការច្រឹម​ប្រដាប់​ភេទ​ស្រ្តី និង​ការរៀបការ​កុមារ​នៅ​វ័យ​ក្មេង ដែល​នៅ​តែ​បន្ត​អនុវត្ត​ក្នុង​បណ្តា​ប្រទេស​ដែល​បាន​តាមដាន​អង្កេត​នេះ។ ក្នុង​ករណី​ប្រទេស​កេនយ៉ា អ្នកជំនាញការ​បាន​បញ្ចេញ​នូវ​ការព្រួយបារម្ភ​អំពី​ការយក​ក្មេងស្រី​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទនៅ​ក្នុង​គ្រួសារ​ដែល​ជារឿយៗ​ឈាន​ទៅ​ដល់​ការរំលោភ​សេពសន្ថវៈ។

​ក្រុម​អ្នកជំនាញការ​ឯករាជ្យ​ថ្កោលទោស​ការសម្លាប់​និង​ការជួញដូរ​កុមារ​ភឿក​ដើម្បី​យក​សរីរាង្គ​ផ្សេងៗ​នៅ​ប្រទេស​កេនយ៉ា ដែល​ករណី​មួយ​ចំនួន​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​របស់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ផ្ទាល់។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ការ​បញ្ជាក់​ថា ការ​អនុវត្ត​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​១៦៕