ជន​អ៊ីស្រាអែល​២​នាក់​ត្រូវ​បាន​កាត់ទោស​ចំពោះ​ការ​សម្លាប់​យុវជន​ប៉ាឡេស្ទីន​ម្នាក់

ជន​អ៊ីស្រាអែល​២​នាក់​ត្រូវ​បាន​កាត់ទោស​ចំពោះ​ការ​សម្លាប់​យុវជន​ប៉ាឡេស្ទីន​ម្នាក់

លោកស្រី Suha Abu Khdeir (រូប​កណ្តាល) ​ជា​ម្តាយ​របស់​ជន​ឈ្មោះ Mohammed Abu Khdeir ដែល​ជា​ជនជាតិ​ប៉ាឡេស្ទីន​ វ័យ​១៦ឆ្នាំ និង​ដែល​ត្រូវ​បាន​គេ​សម្លាប់។ លោកស្រី​បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​តុលាការ​ក្នុង​ពេល​កាត់ទោស​លើ​ជន​ជាប់​ចោទ​ចំនួន​២រូប​ នៅ​ក្នុង​ហ្ស៊េរុយសាឡិម (Jerusalem) កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

តុលាការ​អ៊ីស្រាអែល​បាន​កាត់​ទោស​ជនជាតិ​អ៊ីស្រាអែល​២​នាក់​ ដោយ​ម្នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​និង​ម្នាក់​ទៀត​ដាក់​ពន្ធនាគារ​រយៈពេល​២១​ឆ្នាំ ចំពោះ​ការ​សម្លាប់​យុវជន​ប៉ាឡេស្ទីន​ម្នាក់​កាល​ពី​ឆ្នាំ​២០១៤​ ដែល​នេះ​ជា​ករណី​ឧក្រិដ្ឋកម្ម​មួយ​ដែល​បាន​បង្ក​ជា​ហេតុការណ៍​ផ្សេងៗ​រហូត​ឈាន​ទៅ​ដល់​សង្រ្គាម​នៅ Gaza​ កាល​ពី​ចុង​ឆ្នាំ​នោះ។

ជនជាតិ​អ៊ីស្រាអែល​ទី​៣​កំពុង​តែ​រង់ចាំ​សាលក្រម​តុលាការ​ ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​បញ្ហា​ផ្លូវ​ចិត្ត​រួច។ ចុង​ចោទ​២​រូប​មាន​អាយុ​១៦​ឆ្នាំ​កាល​ពី​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស ខណៈ​ដែល​ជន​ទី​៣​មាន​អាយុ​១៨​ឆ្នាំ​កាល​ពី​ពេល​នោះ។ ពួកគេ​ទាំង​នោះ​មក​ពី​គ្រួសារ​ដែល​កាន់​សាសនា​គ្រិស្ត​និកាយ Orthodox យ៉ាង​ខ្ជាប់ខ្ជួន។

ចុងចោទ​៣​នាក់​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​កាល​ពី​ខែ​វិច្ឆិកា​ ដោយ​បាន​ចាប់​ខ្លួន​យុវជន​ឈ្មោះ Mohammed Abu Khdeir អាយុ​១៦​ឆ្នាំ ពី​ផ្លូវ​មួយ​ដែល​ស្ថិត​នៅ​ខាង​កើត​ទីក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ហើយ​ពួកគេ​បាន​បើក​រថយន្ត​នាំ​យុវជន​រូប​នោះ​ទៅ​ក្នុង​ព្រៃ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​បាន​វាយ​ដំ​ និង​ដុត​យុវជន​នោះ​ទាំង​រស់​រហូត​ដល់​ស្លាប់៕