នាយក​ថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ចូលកាន់​តំណែង​

ភ្នំពេញ: ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំង​លោក Samiuela T. Tukuafu ជា​នាយក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​។ លោក Tukuafu ដែលមាន​សញ្ជាតិ​តុង​ហ្គា ចូលកាន់​តំណែង​នេះ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៦​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹងថា លោក Tukuafu ចូលមក​កាន់តំណែង​ជំនួស​លោក Eric Sidgwick ដែល​ត្រូវបានតែងតាំង​ជា​នាយក​ប្រចាំ​ប្រទេស នៃ​ស្ថាន​បេសកកម្ម​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំ​ប្រទេស​វៀតណាម​។​

​ក្នុងតួនាទី​ថ្មី​នេះ លោក Tukuafu នឹង​ដឹកនាំ​ប្រតិបត្តិការ​របស់ ADB ក្នុងប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ ពោលគឺ​ការលើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ លោក​នឹង​គ្រប់គ្រង​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB ២០១៤-២០១៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ដំណាក់កាល​ទី ៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ របស់​រដ្ឋាភិបាល​។​

​លោក Tukuafu មានប្រសាសន៍ថា “​ប្រទេស​កម្ពុជា​បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ពិសេសៗ​មួយចំនួន​ក៏ដោយ​។ ខ្ញុំ​នឹង​បន្ត​បំពេញការងារ​ជាមួយនឹង​រដ្ឋាភិបាល វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​”​។​

​មុននឹង​ទទួលបាន​ការតែងតាំង​ជា​នាយក​ប្រចាំ​ប្រទេស​កម្ពុជា លោក Tukuafu បាន​បំពេញការងារ​ជា​ប្រធាន​សេដ្ឋវិទូ នៅ​ការិយាល័យ​អគ្គនាយក នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB​។ កន្លងមក លោក​ធ្លាប់​ដឹកនាំ​ការិយាល័យ​ចាត់ចែង​គម្រោង​នៃ​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​របស់​នាយក​ដ្ឋា​ន​អាស៊ីអាគ្នេយ៍ និង​ធ្លាប់​ដឹកនាំ​ប្រតិបត្តិការ​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ​។ ក្នុង​រយៈពេល​នេះ លោក​បានធ្វើការ​ងា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេស​កម្ពុជា ចន្លោះ​ពី​ឆ្នាំ ២០០៤ ដល់ ២០១២ ក្នុងនាម​ជា​ប្រធាន​ក្រុម​គម្រោង សម្រាប់​កសាង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ឡើងវិញ ក៏ដូចជា​ការងារ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សំខាន់ៗ​មួយចំនួន​ផងដែរ​។

​លោក Tukuafu ធ្លាប់​កាន់​មុខតំណែង​ជា​មន្ត្រីជាន់ខ្ពស់ ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ជាង ៣១ ឆ្នាំ​។ មុននឹង​ចូលធ្វើ​ការងារ​ជាមួយ ADB លោក Tukuafu គឺជា​ទេសាភិបាលរង​នៃ​ធនាគារជាតិ​របស់​ប្រទេស​តុង​ហ្គា ពី​ឆ្នាំ ១៩៩៥ ដល់ ២០០០​។ លោក​ក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​ហិរញ្ញវត្ថុ និង​ទីផ្សារ ឲ្យ​ធនាគារ Westpac ក្នុងប្រទេស​តូ​ហ្គា ជាស​វន​ករ​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន Price Waterhouse (​ឥឡូវនេះ មាន​ឈ្មោះថា Price Waterhouse and Coopers) ក្នុងប្រទេស​ហ្វ៊ី​ជី និង​ជា​អគ្គ​គណនេយ្យករ​រង និង​ជា​ប្រធាន​ផ្នែក​ថវិកា នៃ​ក្រសួង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​តុង​ហ្គា​ផងដែរ​។​

​លោក Tukuafu មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង​ពាណិជ្ជកម្ម (​ធនាគារ និង​ហិរញ្ញវត្ថុ​សាជីវកម្ម​) ពី​សកល​វិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​។ លោក​រៀបការ​ហើយ មានកូន ២ នាក់ និង​ចៅ ២ នាក់​។

​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ ៤៨ ប្រទេស មកពី​តំបន់​នេះ​៕

នាយក​ថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ចូលកាន់​តំណែង​