ក្លិប Shakhtar ប្រកាសថា Teixeira នឹងចូលរួមជាមួយក្លិបរបស់ចិន Jiangsu Suning

ក្លិប Shakhtar Donetsk បានធ្វើការអះអាងថា ពួកគេបានយលព្រមក្នុងការលក់ខ្សែបម្រើប្រយុទ្ធ Alex Teixeira ទៅឲ្យក្លិប Jiangsu Suning របស់ក្របខ័ណ្ឌចិន Super League ក្នុងតម្លៃខ្លួនចំនួន៥០លានអឺរ៉ូ (ស្មើនឹង៥៦លានដុល្លារអាមេរិក)។
Teixeira
Teixeira ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Liverpool អំឡុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា ប៉ុន្តែ ក្រុមហង្សក្រហមមួយនេះ មិនមានបំណងក្នុងការបំពេញតាមការស្នើសុំតម្លៃខ្លួនរបស់ក្លិបអ៊ុយក្រែនមួយនេះឡើយ។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បច្ចុប្បន្ន ហាក់ដូចជាដើរតាមផ្លូវរបស់ខ្សែបម្រើ Ramires ខ្សែប្រយុទ្ធ Jackson Martinez និង Gervinho តាមរយៈការបំពេញការផ្ទេរទៅកាន់ក្លិបរបស់ចិននៅរដូវរងានេះ។ លោក Mircea Lucescu បានប្រាប់ទូរទស្សន៍ ESPN ប្រចាំប្រេស៊ីលថា៖ «យើងបានយល់ព្រមលក់ Alex Teixeira ទៅឲ្យចិន ប៉ុន្តែ យើងនឹងត្រូវតែរង់ចាំបន្តិចដើម្បីបំពេញការផ្ទេរនេះដោយសារតែស្ថានភាពរបស់ Luiz Adriano។

ប៉ុន្តែ វាស្ថិតយ៉ាងប្រកៀកពីភាគីខាងយើង»។ លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានពន្យល់កាលពីពេលមុននេះពីមូលហេតុដែលក្រុមរបស់លោកបានជ្រើសរើសយកធ្វើការប្រឆាំងនឹងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិប្រេស៊ីល Teixeira ដែលបានស៊ុតបាល់បញ្ចូលទី២២គ្រាប់រួចជាស្រេចនៅរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «វាពិតជាសំខាន់ណាស់ លោកអ្នកអាចជឿជាក់លើយើងបាន។ វាជាការសម្រេចចិត្តដ៏សាមញ្ញមួយទៅលើ Teixeira។ យើងមិនអាចលេងហ្គេមនេះរហូតដល់ចប់បានឡើយ»៕

ប្រភពព័ត៌មាន៖ Daily Mail