Man United បានដាក់សំណើដេញថ្លៃ១៩០លានអឺរ៉ូដើម្បីទិញ Neymar

ក្លិប Manchester United បានដាក់សំណើក្នុងទឹកប្រាក់១៩០លានអឺរ៉ូ (ស្មើនឹង២១២,៩លានដុល្លារអាមេរិក) ដើម្បីតារាឆ្នើម Neymar របស់ក្លិប Barcelona អំឡុងពេលបើកទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅ។ នេះបើយោងទៅតាមឪពុករបស់កីឡាកររូបនេះ។
neymar
ក្រុមបិសាចក្រហមមួយនេះ បានត្រៀមរួចជាស្រេចក្នុងការចំណាយទៅលើតម្លៃខ្លួនជាកំណត់ត្រាពិភពលោកនេះដើម្បីរំលាយកិច្ចសន្យារបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ប៉ុន្តែ ក្លិប និងកីឡាករបានរក្សាជំហរយ៉ាងមានលំនឹង ហើយឪពុករបស់ Neymar រំពឹងទុកថា ខ្សែប្រយុទ្ធរូបនេះនឹងបន្តនៅសម្រាប់អនាគតដ៏ល្អប្រសើរមួយ។ លោកបានប្រាប់កាសែត COPE ថា៖ «Manchester United គឺជាក្រុមដែលបានផ្តល់សំណើក្នុងតម្លៃខ្លួន១៩០លានអឺរ៉ូសម្រាប់ Neymar។ រូបគេនៅសល់រយៈពេល២ឆ្នាំទៀតនៅលើកិច្ចសន្យារបស់គេ ប៉ុន្តែ អ្នកបណ្តាញសារព័ត៌មានទាំងអស់អាចស្ងប់អារម្មណ៍ ខណៈដែលកូនប្រុសរបស់ខ្ញុំពិតជារីករាយនៅទីនេះ»។

ក្លិប Man United បានចំណាយប្រាក់ចំនួន១៨០លានផោន (ស្មើនឹង២៦២,៥លានដុល្លារអាមេរិក) ទៅលើកីឡាករថ្មីក្នុងពេលបើកទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅមុន បើទោះបីប្រាក់ភាគច្រើនបានមកពីការលក់ចេញកីឡាករជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការចាកចេញរបស់ Angel Di Maria ទៅកាន់ក្លិប Paris Saint-Germain ប៉ុន្តែ សំណើដេញថ្លៃដ៏ជោគជ័យមួយសម្រាប់តារាឆ្នើមរបស់ Barca រូបនេះ នឹងស្ថិតក្នុងតម្លៃខ្លួនដ៏ខ្ពស់ថ្មីមួយ។ ចាប់តាំងពី Man United បានទទួលបរាជ័យក្នុងការចុះហត្ថលេខាជាមួយនឹងរូបនេះ Neymar បានស៊ុតបាល់បញ្ចូលទី២១គ្រាប់ក្នុងការបង្ហាញខ្លួន២៧លើករាល់ការប្រកួតទាំងអស់សម្រាប់ក្រុម Barcelona នៅរដូវកាលនេះ ដើម្បីបន្តការចាប់ដៃគូដ៏ជោគជ័យរបស់គេជាមួយនឹង Lionel Messi និង Luis Suarez៕

ប្រភពព័ត៌មាន៖ Goal.com