ហេតុផល​ដែល​អ្នក​ចាប់ផ្តើម​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ពី​ពេលនេះ​តទៅ​

ហេតុផល​ដែល​អ្នក​ចាប់ផ្តើម​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ពី​ពេលនេះ​តទៅ​

​ទឹក​ផ្លែ​ប៉ោម​មួយ​កែវ​មាន​ប្រសិទ្ធភាព​ការពារ​សុខភាព​បាន​យ៉ាងហោច​ណាស់​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ពិតណាស់ វា​ពិតជា​មិន​អាច​ប៉ះពាល់​អ្វី​ដល់​សុខភាព​ប្រចាំថ្ងៃ​របស់​អ្នក​ឡើយ ផ្ទុយទៅវិញ​វា​បែរជា​មាន​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ច្រើន​ទៅទៀត​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ញ៉ាំ​ទឹក​ផ្លែ​ប៉ោ​ម​។

ជួយ​បំបាត់​ជំងឺ​ទឹកនោម​ផ្អែម​
មាន​ហេតុផល​ពីរ​យ៉ាង​ដែល​និយាយថា ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ​ជាប្រចាំ​អាច​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ទីមួយ វា​ជួយ​ភ្ញោ​ច​លំពែង​ផលិត​អាំង​ស៊ុយ​លីន​កាន់តែច្រើន​សម្រាប់​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ទី​ពីរ រាល់​ទឹក​ផ្លែ​ប៉ោម​មួយ​កែវៗ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ដែល​អាច​សម្រួល​ដល់​ថាមពល និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។

ជួយ​សម្រក​ទម្ងន់​
ផលិតផល​ថែរក្សា​រាង​មួយ​នេះ​ច្រើនតែ​គ្មាន​ផល​រំខាន និង​ផលវិបាក​ចំពោះ​សុខភាព​ឡើយ​។ វា​ក៏​ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​ចំណាយ​តិច​ដែរ​ក្នុង​ការ​សម្រក​ទម្ងន់​។ ទឹក​ផ្លែ​ប៉ោម​មាន​ជីវជាតិ​យ៉​ងា​ច្រើន​ដែល​អាច​ការពារ​មិន​ឱ្យ​រាងកាយ​ឃ្លាន​ខ្លាំង​បាន​។ វា​ក៏​មាន​ជាតិ​សរសៃ​ច្រើន​សម្រាប់​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ផងដែរ​។

ល្អ​ចំពោះ​បេះដូង​
បើសិន​ជា​អ្នក​ស្រឡាញ់​សុខភាព​បេះដូង ចូរ​ធ្វើ​ទឹក​ផ្លែ​ប៉ោម​ញ៉ាំ​ទៅ​។ ជាតិ​សរសៃ និង​អង់​ទី​អុកស៊ី​ដង់​របស់​វា​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចោល​។ ម្យ៉ាងវិញទៀត ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ទៀងទាត់​ប្រហែល​ជា​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាថ​ឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ទៀតផង​។ ទឹក​ផ្លែ​ប៉ោម​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជា​ជាតិ​រ៉ែ​ដ៏​ល្អ​សម្រាប់​សាច់ដុំ​បេះដូង​។

បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​
អ្នកជំនាញ​ខាង​សរសៃប្រសាទ​និយាយថា ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ​យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយ​សប្តាហ៍​ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​រហូត​ដល់ ៧៥​ភាគរយ​ឯណោះ​។

កាត់បន្ថយ​ជំងឺមហារីក​
អ្នកជំនាញ​និយាយថា ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ​គឺជា​ឱសថ​ដ៏​ល្អ​បំផុត​ក្នុង​ការបំបាត់​ជំងឺមហារីក​សួត និង​ពោះវៀនធំ​។ ការសិក្សា​បង្ហាញថា វា​គឺជា​ភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក​ស្បែក និង​សុដន់​ដ៏​ឆ្លាត​វ៉ៃ​។ អង់​ទី​អុកស៊ី​ដង់​របស់​វា​នឹង​ជួយ​ការពារ​កោសិការ​ពី​រ៉ាឌីកាល​សេរី និង​ទប់ស្កាត់​ការ​រលាក ដែលនាំឱ្យ​កើត​មហារីក​បាន​។

ជំនួយ​ប្រព័ន្ធ​ភាព​ស៊ាំ​
វីតាមីន C ក្នុង​ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ​គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​បំផុ​តដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ បើសិន​ជា​អ្នក​ឧស្សាហ៍​ក្អក ផ្តាសាយ មាន​ការបង្ក​រោគ និង​អាឡែ​ហ្ស៊ី​ធម្មតាៗ​ទេ អ្នក​អាច​ជួយ​ខ្លួនឯង​បាន​តាមរយៈ​ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​នេះ​តែម្តង​។

ធ្វើឱ្យ​សម្រស់​កាន់តែ​ក្មេង​វ័យ និង​ស្រស់ស្អាត​
ដោយសារតែ​ឥទ្ធិពល​របស់​វីតាមីន C ការ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​អាច​ជួយ​ឱ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ និង​ស្រស់​ស្អាត​បាន​។ វីតាមីន C នេះ​ដែរ​ជួយ​បន្សាប​ជាតិពុល​ក្នុង​ខ្លួន ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ស្បែក​កាន់តែ​មាន​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។