អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​កិច្ចការ​​​ព្រំដែន​​​ថា បង្គោល​​​ព្រំដែន​​​មួយ​​​ចំនួន​​​បោះ​​​មិន​​​ត្រឹម​​​ត្រូវ​​​

ដោយ​​​ធ្វើ​​​បទ​​​បង្ហាញ​​​អំពី​លទ្ធផល​​​ដំបូង​​នៃ​​​ការ​​​ចុះ​​​សិក្សាស្រាវ​ជ្រាវ​​​​អស់​​​រាប់​​​ខែ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​កម្ពុជា​​​ ​​​លោកបណ្ឌិត​ សុខ ទូច បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ដី​​​លាត​​​សន្ធឹង​​​យ៉ាងវែង​នៅ​​​ក​​​្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ត្រូវ​​​បាន​​​កាន់​​​កាប់​​​ដោយ​​​វៀតណាម​​​ដោយ​​​សារ​​​បង្គោល​​​ព្រំដែន​​​បោះ​​​មិន​​​ត្រឹម​​​ត្រូវ​​​អំឡុង​​​សម័យ​​​អាណានិគម​​​បារាំង។

លោក​​​ សុខ ទូច បាន​​​ថ្លែង​​​​នៅ​​​សន្និសីទ​​​កាសែត​​​​​​ថា ដីលាត​​​សន្ធឹង​​​យ៉ាងវែង​នៅ​​​តាម​​​បណ្តោយ​ព្រំដែន​​​​ខេត្ត​​​នេះ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​វៀតណាម​​​ជា​​​យូរ​​​មក​​​ហើយ​​​ ទោះ​​​បី​​​វា​​​ស្ថិត​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​កម្ពុជា​ក៏​​​ដោយ​​​ នេះ​​​បើ​​​យោង​​​តាម​​​ផែន​​​ទី​​​​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​និង​​​ដែល​​​លោក​​​កំពុង​​​ប្រើ​​​នៅ​​​ក្នុង​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​។​​

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ដី​​​នេះ​​​ជា​​​របស់​​​កម្ពុជា​​​។ ប៉ុន្តែ ខ្ញុំ​​​បាន​សួរ​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ជុំ​​​វិញ​​​តំបន់​​​នោះ​​​ហើយ​ ហើយ​ពួក​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​វៀតណាម​​​​​​បាន​​​ដាំ​​​ដើម​​​កៅស៊ូ និង​​​ដំឡូង​​​មី​​​នៅ​​​លើ​​​ដី​​​នោះ​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

លោក សុខ ទូច ដែល​​​រដ្ឋាភិបាល​​​ចាត់​​​តាំង​​​ឲ្យ​​​ដឹក​​​នាំ​​​ក្រុម​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​កិច្ច​​​ការ​​​ព្រំដែន​​​ ធ្វើ​​​បទ​​​បង្ហាញ​​​​​​អំពី​​​លទ្ធផល​​​ដំបូង​​​នៃការ​​​សិក្សា​​​ស្រាវជ្រាវ​​​​​​របស់​​​ខ្លួន​​​នៅ​​​ឯរាជ​​​បណ្ឌិត​​្យសភា​​​កម្ពុជា​​​ កាល​​​ពី​​​ម្សិល​​​មិញ។​​​ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក សុខ ទូច ដែល​​​រដ្ឋាភិបាល​​​ចាត់​​​តាំង​​​ឲ្យ​​​ដឹក​​​នាំ​​​ក្រុម​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​កិច្ច​​​ការ​​​ព្រំដែន​​​ ធ្វើ​​​បទ​​​បង្ហាញ​​​​​​អំពី​​​លទ្ធផល​​​ដំបូង​​​នៃការ​​​សិក្សា​​​ស្រាវជ្រាវ​​​​​​របស់​​​ខ្លួន​​​នៅ​​​ឯរាជ​​​បណ្ឌិត​​្យសភា​​​កម្ពុជា​​​ កាល​​​ពី​​​ម្សិល​​​មិញ។​​​ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

អំឡុង​ពេល​​​​​​​គណបក្ស​​​ប្រឆាំងធ្វើ​យុទ្ធនាការ​​​​នៅ​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៥​​​​​​​​​​​​ ដោយ​​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ថា​​​បាន​​​កាត់​​​ដី​​​ទៅ​​​ឲ្យវៀតណាមនោះ​ ​​​រដ្ឋាភិ​​​បាល​​​បាន​​​ចាត់​​​តាំង​​​ឲ្យ​​​លោក សុខ ​​​ទូច ​​​បណ្ឌិត​​​នៅ​​​ឯ​​​រាជបណ្ឌិត្យ​​​សភា​​​កម្ពុជា​​​ដឹក​​​នាំ​​​អ្នកសិក្សា​​​ស្រាវ​​​ជ្រាវ​​​មួយ​​​ក្រុម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ការ​​​បោះ​​​បង្គោល​​​ព្រំដែន​​​។

បណ្ឌិត​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​ដំបូង​​​របស់​​​ក្រុម​​​នេះ​​​បង្ហាញ​​​ថា វៀតណាម​​​មិន​​​មែន​​​ជា​​​ដៃ​​​គូ​​​ស្មោះ​​​ត្រង់​​​នៅ​​​ក្នុង​​​កិច្ច​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ទ្វេ​​​ភាគី​​​ដើម្បី​​​កំណត់​​​ព្រំដែន​​​រួម​​​គ្នា​​​​​​ប្រវែង​​​១.២៧០​​​គីឡូម៉ែត្រ​​​នោះ​​​ឡើយ​។

ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​ព្រឹត្តិ​ការណ៍​​​កាល​​​ពី​​​ឆ្នាំ​​​មុ​​​ន​​​ដែល​​​ពល​​​រដ្ឋ​​​ និង​​​ទាហាន​​​វៀតណាម​​​បាន​​​បាញ​​​់​​​ថ្នាំ​​​ពុល​​​លើ​​​ដំណាំ​​​របស់​​​កសិករ​​​ខ្មែរ​​​នៅ​ក្បែរ​​​ស្រុក​​​មេមត់​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ ​​​លោក ​​​សុខ ​​​​​​ទូច បាន​​​លើក​​​ឡើង​​​ថា “វៀតណាម​​​មិន​​​បាន​​​គោរព​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ទេ​​​”។

លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​បាញ់​​​ថ្នាំ​​​បំផ្លាញ​ដំណាំ​​​ ពេល​​​កសិករ​​​ខ្មែរ​​​កំពុង​​​ដាំដុះ​​​?។វៀតណាម​​​បាន​​​​​​និង​​​កំពុង​​​ដាំ​​​ដុះ​​​លើ​​​ដី​​​រាប់​​​ពាន់​​​ហិកតា​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ ប៉ុន្តែ កសិករ​​​ខ្មែរ​​​​​​មិន​​​ដែល​​​ទៅ​​​បាញ់​​​ថ្នាំ​​​បំផ្លាញ​​​ដំណាំ​​នៅ​ក្នុងចម្ការ​​​របស់​​​វៀតណាម​​​ទេ​​​”។

លោក សុខ ទូច បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​បង្គោល​​​ព្រំដែន​​​ចំនួន​​​ប្រាំ​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​​​​​​​ ដែល​​​មាន​​​លេខ ៩៤ ៩៥ ១០៦ ១០៧ និង​​​១០៨ គឺ​​​សុទ្ធ​តែ​បោះ​​​មិន​​​ត្រឹម​​​​​​ត្រូវ ដោយ​​​បង្គោល​​​ព្រំដែន​​​ខ្លះ​​​បោះ​​​ចូល​​​ទឹក​​​ដី​​​ខ្មែរ​​​រហូត​​​ដល់​​​ទៅ​​​១៥០​​​ម៉ែត្រ ​​​ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​​​​ដីទំហំ​​​ប្រហែល​​​១០០ហិកតា​​​​។

ទោះ​​​ជា​​​យា៉ង​​​ណា​​​ លោក​​​បាន​​​ពន្យល់​​​ថា ​​​​បង្គោល​​​ព្រំដែន​​​ភាគ​​​ច្រើន​​​នៅ​​​តាម​​​បណ្តោយ​​​​​​ព្រំដែន​​​ប្រវែង​​​៥០០គីឡូម៉ែត្រ​​​ដែល​​​លោក​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​គឺ​​​សុទ្ធ​​​តែ​​​បាន​​​ចូល​​​ពីរ​​​បី​​​ម៉ែត្រ​​​ពី​​​ទី​​​តាំង​​​ត្រឹម​​​ត្រូវ​​​។ លោកបាន​​​បន្ថែម​​​ថា ក្រុម​​​សិក្សា​​​ស្រាវជ្រាវ​​​របស់​​​លោក​​​នឹង​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​​​​ដោយ​​​សៀវភៅ​​​ស្តី​​​ពី​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​នឹង​​​ត្រូវ​​​បោះពុម្ព​​​ផ្សាយ​​​នៅ​​​ត្រឹម​​ឆ្នាំ​​​២០១៨។

លោក​​​ សុខ ទូច បាន​​​រិះ​​​គន់​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ថា មិន​​​បាន​​​ផ្តល់ឲ្យលោក​នូវ​​​​ផែន​​​ទី​​​​​​ដែល​​​បាត់​​​ចំនួន​​​ពីរ​​​ផ្ទាំង​​​នៃ​​​ផែនទី​​​ព្រំដែន​​​​​​​២៦​​​ផ្ទាំង​​​ ដែល​​​ពួក​គេ​​​ជឿ​​​ជាក់​​​ថា ជា​​​ផែន​​​ទី​ត្រឹម​​​​​ត្រូវ​​​នោះ​ ដោយ​​​រារាំង​​​លោក​​​មិន​​​ឲ្យ​​​ធ្វើ​​​ការ​​​វិភាគ​​​ផ្ទៀង​​​ផ្ទាត់​​​ឲ្យ​​​បាន​​​ពេញ​​​លេញ។

លោក​​​បាន​​​ថ្លែង​ថា “គណបក្ស​​​ប្រឆាំង​​​បាន​​​បង្កើត​​​បញ្ហា​​​ ព្រោះ​​​ពួក​​​គេ​​​អះអាង​​​ថា ខ្លួន​​​មាន​​​ផែន​​​ទី​​​ត្រឹម​​​ត្រូវ​​​ ប៉ុន្តែ ពួកគេ​​​ឲ្យ​​​មក​​​យើង​​​តែ​​​២៤​​​ផ្ទាំង​​​ប៉ុណ្ណោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​​​លោក​​​កំពុង​​​ត្រៀម​​​ខ្លួន​​​និយាយ​​​ការ​​​ពារ​​​ប្រឆាំង​​​​​​នឹង​​​ការ​​​អះអាង​​​របស់​​​លោក អ៊ុំ ​​​សំអាន ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ថា ការ​​​ងារ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​របស់​​​លោក​​​គ្មាន​​​ភាព​​​ច្បាស់​​​លាស់។

​​​លោក​​​បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ការ​​​សន្និដ្ឋាន​​​របស់​​​ខ្ញុំ​​​ខុស​​​ ខ្ញុំ​​​ហា៊ន​​​ភ្នាល់​​​ដាក់​​​ជីវិត​​​​​​។ ប៉ុន្តែ បើ​​​សិន​​​​​​គាត់​​​ចាញ​​​់​​ ខ្ញុំ​​​សុំ​​​តែ​​​ស្រា​​​​​​មួយ​​​ដប​​​​​​តែ​​​ប៉ុណ្ណោះ​​​”។

បណ្ឌិត​​​រូបនេះ​​​ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​របស់​​​លោក​​​មិន​​​មែន​​​មិន​​​ជួប​​​ការ​​​លំបាក​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​​​​ឡើង​​​ថា “អ្នក​​​រួម​​​ការ​​​ងារ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្រុម​​​​​​សិក្សា​​​ស្រាវជ្រាវ​​​របស់​​​ខ្ញុំ​​​ស្ទើរ​​​តែ​​​លង់​​​ទឹក​​​ស្លាប់​​​ទៅ​​​ហើយ​​​ ហើយ​​​ខ្ញុំ​​​បាន​​​ស្ទុះ​​​ទៅ​​​ជួយ​​គាត់​​​ភ្លាមៗ​​​។ ពួក​​​យើង​​​ប៊ិះ​​​តែ​​​នឹង​​​ស្លាប់​​​ជា​​​មួយ​​​គ្នា​​​នៅ​​​ពេល​​​នោះ​​​”។

លោក វ៉ា គឹមហុង ប្រធាន​​​គណៈកម្មាធិការ​​​​​​កិច្ច​​​ការ​​​ព្រំដែន​​​​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​លទ្ធផល​​​នៃការ​​​សិក្សា​​​ស្រា​​​វ​​​ជ្រាវ​​​របស់​​​លោក សុខ ទូច ពាក់​​​ព័ន្ធ​​​​​នឹង​​​បង្គោល​​​ព្រំ​​​ ដែន​​​ ដែលថា​​​​បោះ​​​ចូល​​​ក្នុង​​​ទឹក​​​ដីកម្ពុជា​​​នោះ​។

លោកបាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​បញ្ហា​​​នេះ​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​ឃើញ​​​បង្គោល​​​ព្រំដែន​​​។ ខ្ញុំ​​​មិន​​​ហ៊ាន​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ថា លទ្ធផល​​​នេះ​​​ខុស​​​នោះ​​​ទេ​​​ព្រោះ​​​យើង​​​ត្រូវ​​​ការ​​​ចុះ​​​ទៅ​​​មើល​​​បង្គោល​​​ព្រំដែន​​​ឲ្យ​បាន​​​ច្បាស់​​​សិន​​​”។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់់​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​ជឿ​​​ថា លោក សុខ ទូច មិន​​​មែន​​​ជា​​​​​​មនុស្ស​​​​​​ដែល​​​ស័ក្តិ​សមនឹង​​អនុវត្ត​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​តាំង​​​ពី​​​ដើម​​​ទ​​​ី​​​មក​​​ម្លេ៉ះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​លោក សុខ ទូច គ្មាន​​​ការ​​​អប់​​​រំ​​​ ឬ​​​ចំណេះ​​​ដឹង​​​​​​ ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​ការ​​​ព្រំដែន​​​ឡើយ​។ ប្រហែល​​​ជា​​​កម្ពុជា​​​ត្រូវ​​​រក​​​អ្នក​​​ជំនាញ​​​អន្តរជាតិ​​​មក​​​ជួយ​​​ដោះ​​​ស្រាយ​​​ហើយ​​​ទើប​បាន​​​”៕ ​​​ស៊ុយឈាង ​​​(រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

 

The post អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​កិច្ចការ​​​ព្រំដែន​​​ថា បង្គោល​​​ព្រំដែន​​​មួយ​​​ចំនួន​​​បោះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ appeared first on ខេមបូឌា ដេលី.