សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​លី ច័ន្ទ​សីហា បាន​ភ្ជាប់ពាក្យ​ហើយ​ជាមួយ​មន្ត្រី​យោធា​វ័យ​ជាង​២០​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន​របស់​នាង​ស្ថិត​នៅ​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ ។

បើ​ទោះបីជា​ពិធី​ភ្ជាប់ពាក្យ​បាន​រំលេច​ឡើង​ក៏​ដោយ ប៉ុន្តែ​ពិធី​មង្គលការ​មិន​ទាន់​កំណត់ពេល​ទេ ខណៈ​ពេល​ដែល​ខាង​ប្រុស​កំពុង​តែ​ជាប់​រៀន​ផ្នែក​យោធា​នៅ​ប្រទេស​វៀតណាម ។

ពិធី​ភ្ជាប់ពាក្យ​របស់​កញ្ញា​លី ច័ន្ទ​សីហា ក្រោម​ក្រសែភ្នែក​ចាស់ទុំ​ទាំង​សងខាង ជាមួយនឹង​វត្តមាន​តារា​សម្តែង ល្បី​ៗ​នៅ​ក្នុងស្រុក​ជា​ច្រើន​នាក់​ចូលរួម​អបអរសាទរ​ចំពោះ​ចំណង​ស្នេហ៍​ជាង​៣​ឆ្នាំ​នេះ ។

ឪពុក​កញ្ញា​លី ច័ន្ទ​សីហា លោក​លី សុជន​អះអាង​ថា កូនស្រី​របស់​លោក​នៅ​មិន​ទាន់​ដឹង​ថា​នឹង​រៀប​ការ​នៅ​ពេល​ណា​ទេ បើ​ទោះ​នាង និង​អនាគត​ស្វាមី​លោក​ច័ន្ទ ថៃ​សេង បាន​រៀបចំ​ពិធី​បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​ហើយ​ក៏​ដោយ ។

បើ​តាម​លោក​លី សុជន គម្រោង​រៀប​ការ គឺ​លុះត្រាតែ​សាមីខ្លួន​ទាំង​ពីរ​ទំនេរ​ទើប​អាច​កំណត់​បាន ហើយ​អ្វី​ដែល​សំខាន់​នោះ​ទំនងជា​អាច​ត្រូវ​រង់ចាំ​ខាង​ប្រុស​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម ។

លោក​លី សុជន ឱ្យ​ដឹង​ថា លោក​ច័ន្ទ ថៃ​សេង អនាគត​កូនប្រសា​របស់​លោក​មាន​វ័យ​២៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ជាប់​រៀន​ផ្នែក​យោធា​មិន​ទាន់​ចប់​នៅ​ប្រទេស​វៀតណាម ដូច្នេះ​ហើយ​ទើប​មិន​ទាន់​អាច​គិត​រឿង​រៀប​ការ​នៅ​ដើមឆ្នាំ​២០១៦​នេះ​បាន ។ នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦ អនាគត​កូនប្រសា​របស់​លោក នឹង​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយ​ក្រោយ​ពី​ត្រឡប់​មក​ស្រុក​វិញ​ទើប​គិត​រឿង​រៀប​ការ ។

លោក​លី សុជន បញ្ជាក់​ថា នៅ​ពេល​កូនស្រី​របស់​លោក​ឈាន​ដល់​ពិធី​មង្គលការ​ហើយ​នោះ នាង​អាច​បញ្ចប់​អាជីព​សិល្បៈ​ដែរ ព្រោះ​ភាគី​ខាង​ប្រុស​មិន​ចង់​ឲ្យ​នាង​បន្ត​អាជីព​នេះ​ទៀត​ឡើយ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​គេ​ជា​មន្ត្រី​មានមុខមាត់​ម្នាក់​ដែរ ។

កន្លង​មក​តារា​ទឹកភ្នែក​លី ច័ន្ទ​សីហា ធ្លាប់​អះអាង​ថា មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ជ្រើសរើស​លោក​ច័ន្ទ ថៃ​សេង គឺ​ដោយសារ​គាត់​ស្រឡាញ់​នាង ស្រឡាញ់​គ្រួសារ ចេះ​យល់ចិត្ត ជា​មនុស្ស​ចេះ​គិត​វាង​ឆ្ងាយ អាច​គ្រប់គ្រង​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​បាន និង​ជា​មនុស្ស​ចិត្ត​ទូលាយ ជា​ពិសេស​គាត់​អោយ​តម្លៃ​នាង ។ លើស​ពី​នេះ​ប៉ា​ម៉ាក់​និង​បងប្អូន​របស់​គេ ក៏​ស្រឡាញ់​ពេញចិត្ត​នាង​ដែរ ។ កញ្ញា​លី ច័ន្ទ​សីហា បង្ហាញ​ទឹកចិត្ត​ចង់​បន្ត​អាជីព​សិល្បៈ​ទៀត បើ​ទោះបីជា​នាង​មានគ្រួសារ​ក៏​ដោយ ដោយ​នាង​អះអាង​ថា នឹង​នៅ​បន្ត​អាជីព​នេះ​ទៀត បើ​មាន​ពេល តែ​នាង​មិនដឹង​ទៅ​ថ្ងៃ​មុខ​ទៀត​យ៉ាងណា​ទេ ព្រោះ​ក្រៅពី​សំអាងការ​នាង​មានមុខ​របរ​មួយទៀត​ដែល​ទើប​ដំណើរការ ថ្មី​ៗ​កន្លង​មក ៕