ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ផ្សែងហុយ​ចេញពី​ក្នុង​ដី​ឡូត៍​ទុក​ចោល​នៅ​ជាប់​សណ្ឋាគារ​សុខា​ផ្អើល​សមត្ថកិច្ច​និង​មន្ត្រីអគ្គិសនី​ស្មាន​តែ​ឆេះ​សណ្ឋាគារ​សុខាបង្ក​ឲ្យ​​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទីយប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ តាម​បណ្តោយ​ផ្លូវ​ទន្លេសាប ​ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​។

តាម​ប្រភព​ព័​ត៌​មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​សណ្ឋាគារ​សុខា​បាន​​​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញ​​ពី​ក្នុង​ព្រៃ​ដី​ឡូត៍​ដែល​ព័ទ្ធ​របង​ទុក​ចោល​នៅ​ជាប់​នឹង​សណ្ឋាគារ​សុខា ធ្វើ​ឲ្យ​សន្តិសុខ​យាម​នៅ​សណ្ឋាគារ​នាំ​គ្នា​ដើរ​រក​មើល​គ្រប់​បន្ទប់​ តែ​រក​មិនឃើញទាល់តែ​ផ្សែង​កាន់តែ​ហុយ​ខ្លាំង ​និង​មាន​អណ្តាតភ្លើង​​ឆេះ​​ឡើង​ ទើប​មានការ​ផ្អើល​ឆោឡោ​ដឹង​ថា ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ដី​ឡូត៍​នៅ​ជាប់​សណ្ឋាគារ​សុខា ភ្លាម​ៗ​នោះ​សន្តិសុខ​បាន​នាំគ្នា​យក​បំពង់​ពន្លត់អគ្គិ​ភ័យ​បាញ់​អស់​៨​បំពង់​ ទើប​រលត់​អស់ទាំង​ស្រុង ។

អគ្គិ​ភ័យ​ខាងលើ​នេះ​​បាន​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​កង​​រាជ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ​និង​មន្ត្រី​អគ្គិសនី​កម្ពុជា​ចុះ​ទៅ​ដល់កន្លែង​កើតហេតុ ដោយសារ​មុន​ដំបូង​ស្មាន​តែ​ភ្លើង​ឆេះ​សណ្ឋាគារ​សុខា ។ ចំពោះ​មូលហេតុ ដែល​បណ្តាល​ឲ្យ​ឆេះ​​នេះ​ មិនដឹង​ថា​មាន​អ្នក​ចោល​កន្ទុយបារី​ចូល​ទៅ​ក្នុង​ព្រៃ ឬ​ក៏​មាន​អ្នក​លួចដុត​នៅឡើយ​ទេ ។ អគ្គិ​ភ័យ​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល ៕