តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រកាស​មិន​ចូល​រួម​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​ក្នុង​សហរដ្ឋអាមេរិក បង្ហាញ​ជំហរ​យ៉ាង​ដាច់​ណាត់​ថា នឹង​មិន​ចូលរួម​បាតុកម្ម ឬ​ដើរ​ទៅ​​ក្បែរ​កន្លែង​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ពលរដ្ឋ​ខ្មែរ-​អាមេរិកកាំង គ្រោង​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ខាង​មុខ​នេះ​ទេ។

មន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង ដែល​មាន​គម្រោង​ធ្វើ​បាតុកម្ម​នេះ បដិសេធ​មិន​ធ្វើ​អធិប្បាយ​វែង​ឆ្ងាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​ចាត់​ទុក​ថា ការ​ចូលរួម ឬ​មិន​ចូលរួម គឺ​ជា​សិទ្ធិ​សេរីភាព​របស់​បក្ស​ប្រឆាំង។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា អះអាង​ថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រឆាំង​បាន​ណែនាំ​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ឡើយ។

ក្នុង​ឱកាស​ដែល​អ្នក​ទាំងពីរ​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ Youth Professional in International Affairs (YPIA) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ តំណាងរាស្ត្រ​ទាំង​ពីរ​អះអាង​ស្រដៀង​គ្នា​ថា មេដឹកនាំ​លោក​ចង់​ឲ្យ​តំណាងរាស្ត្រ​ទុក​ពេល​វេលា​ដើម្បី​ធ្វើ​កិច្ចការ​នានា​សម្រាប់​គណបក្ស​វិញ៖ «រឿង​បាតុកម្ម​ដែល​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ គឺ​មិន​មែន​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ បាតុកម្ម​នោះ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង»

​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង គ្រោង​រៀបចំ​បាតុកម្ម​ដោយ​អហិង្សា ដែល​មាន​បាតុករ​ចូលរួម​ប្រមាណ​ពី ៣០០ ទៅ ៥០០​​នាក់ ដើម្បី​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​ទីក្រុង​សាន់នីឡេនដ៍ (Sunnyland) រដ្ឋ​កាលីហ្វ័រញ៉ា (California)។

​បាតុករ​ទាំង​អស់​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា គោរព​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​បាន​ពេញលេញ។

លោក ហ៊ុន សែន នឹង​មក​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាស៊ាន-​អាមេរិក នៅ​ថ្ងៃ​ច័ន្ទ ទី​១៥​ និង​ថ្ងៃ​អង្គារ ទី​១៦ ដែល​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

​លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ធ្វើ​បាតុកម្ម​តបត​ចំពោះ​ក្រុម​បាតុករ​ប្រឆាំង​រូបលោក​នៅ​ឯ​ប្រទេស​បារាំង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​បន្ទាប់ ថ្ងៃ​ទី​២៦ ខែ​តុលា ក៏​មាន​បាតុករ​មួយ​ក្រុម​ដែល​គេ​ដឹង​ថា ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​នៅ​ពីមុខ​រដ្ឋ​សភា ទាមទារ​ទម្លាក់​លោក កឹម សុខា ឲ្យ​ចុះ​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា រហូត​ឈាន​ដល់​កើត​អំពើ​ហិង្សា​ដោយ​មាន​ការ​វាយដំ លោក ញ៉យ ចំរើន របួស​ដៃ ក្បាល បាក់​ធ្មេញ និង​លោក គង់ សភា បាក់​ខ្ទង់​ច្រមុះ និង​របួស​កន្លែង​ផ្សេង​ទៀត​យ៉ាង​ធ្ងន់ធ្ងរ។

​កាល​ពី​ខែ​មករា លោក ហ៊ុន សែន ក៏​បាន​គំរាម​ថា នឹង​មាន​បាតុកម្ម​នៅ​ភ្នំពេញ ប្រឆាំង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូបលោក​នៅ​សហរដ្ឋអាមេរិក។

ប្រធាន​អង្គការ​សម្ពន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ថា លោក​មិន​បោះបង់ និង​មិន​រាថយ​ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ថ្លែង​ថា ការ​មិន​ចូលរួម​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នោះ​ជា​សិទ្ធិ​របស់​ពួកគេ។

លោក ទូច  វិបុល បន្ត​ទៀត​ថា លោក​មិន​មែន​ជា​សកម្មជន ឬ​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ខ្លឹមសារ​សំខាន់ គឺ​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​គោរព​សិទ្ធិមនុស្ស លោក​នាយករដ្ឋមន្ត្រី​ត្រូវ​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ហើយ​ជាពិសេស លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញ​ពី​អំណាច»

​លោក ទូច វិបុល រិះគន់​លោក ហ៊ុន សែន ថា មិន​គួរ​គំរាម​សងសឹក​បាតុករ​ឡើយ។ ​លោក​ថា ការ​ធ្វើ​បាតុកម្ម​សងសឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ចារិក​របស់​ជន​ផ្ដាច់ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។