លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាឲ្យរកមេធាវីការពារ ពលរដ្ឋខ្មែរ២រូបដែលថៃ ចាប់ដាក់ពន្ធនាគារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការ បរទេសខ្មែរ បានថ្លែងឲ្យ ឯកអគ្គរាជទូត និងអគ្គ កុងស៊ុលកម្ពុជា នៅប្រទេសថៃ ជួយរកមេធាវីការពារក្តី ឲ្យប្រជាពលរដ្ឋខ្មែរ ២នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារនៅខេត្តស្រះកែវ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះបានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលកំពុងចូលរួមកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា - ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន  ក្រោយពីបានទទួល បានព័ត៌មាន នេះ ក៏បានជម្រាបទៅសម្តេចតេជោ ហ៊ុន សែន ។

សេចក្តីប្រកាសបន្តថា “ក្រោយមក សម្តេចតេជោបាន ណែនាំឲ្យការពារពលរដ្ឋខ្មែរ ហើយឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង ក៏បានណែនាំបន្ទាន់ភ្លាមឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅ ប្រទេសថៃ រកមេធាវីដើម្បីការពារពលរដ្ឋខ្មែរ យើង ទោះជាក្នុងករណីណាក៏ដោយ ដូចអ្វីដែល យើងធ្លាប់បានធ្វើ កន្លងមក “។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦  មានការប៉ះទង្គិចគ្នា រវាងក្រុមអាជីវករខ្មែរនៅផ្សារ រ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃមកពីទីក្រុងបាងកក ដែលចុះ មកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ ។ នៅពេលមានការប៉ះទង្គិច រវាងអាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ជា មួយនគរបាលថៃនោះ បានកើតមានការវាយតប់ និងគប់ដំថ្មទៅ លើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាល អស់ចំនួន ២គ្រឿង។ នគរបាលថៃបានចាប់អាជីវករខ្មែរ ២ នាក់ ដែលគេថតរូបភាព បានក្នុងវីដេអូរបស់នគរបាល ។

នៅថ្ងៃទី ៤ ខែ កុម្ភៈ ម្សិលមិញនេះ តុលាការថៃបានកាត់ទោស អាជីវករខ្មែរទាំង ២នាក់នេះ ឲ្យជាប់ពន្ធនាគារចំនួន ៣ខែ ។ នគរបាលថៃ ក៏បានបញ្ជូនវីដេអូអាជីវករ ២ នាក់នេះមកឲ្យ ស្ថានទូតនៅទីក្រុងបាងកក មើលផងដែរ ។

នគរបាលថៃបានជម្រាបស្ថានទូត និងស្ថានអគ្គកុងស៊ុលខ្មែរ នៅខេត្តស្រះកែវថា គេមានរូបភាពអ្នក ផ្សេង ទៀតដែលបានវាយ ប្រហារលើនគរបាលថៃ ហើយគេកំពុងតែស្រាវជ្រាវ ដោយផ្អែកលើ រូបភាពវីដេអូរបស់គេ ៕