ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

យោង​តាម​របាយការណ៍​ថ្មី​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទី​២ ក្នុង​ពិភពលោក ។ ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​រហូត​ដល់​២២០​លាន​នៅ​ចុងឆ្នាំ ២០១៥ ។

ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​បាន​កើនឡើង​ប្រមាណ​ជា​១៥​ភាគរយ ពី​១​ឆ្នាំទៅ​១​ឆ្នាំ ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ​២០១៥  ពោល​គឺ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​១០០​លាន​គ្រឿង ដែល​តួលេខ​នេះ​បាន​កើនឡើង​ប្រមាណ​ជា​២៣​ភាគរយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ស្ទើរតែ​៥០​ភាគរយ​នៃ​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៥ ដែល​ផលិតផល​ទាំងនោះ​ផលិត និង​ដំឡើង​ក្នុង​ប្រទេស​តែ​ម្តង ហើយ​ជិត​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប គឺជា​ស្មា​ត​ហ្វូ​ន ។ យ៉ាងណាមិញ​ការ​លក់រាយ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​ណេ​ត​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​អត្រា​អ្នក​ប្រើប្រាស់​ច្រើន ខណៈ​ទូរស័ព្ទ​១​ក្នុង​ចំណោម​ទូរស័ព្ទ​បី​គ្រឿង​ត្រូវ​បាន​លក់​តាម​រយៈ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។

ងាក​មក​មើល​ពី​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​វិញ​គែ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន Samsung ស្ថិត​នៅ​កំពូល​តារាង ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ឥណ្ឌា​គឺ Micromax  ឈរ​នៅ​លេខ​២ និង​លេខ​៣ លេខ​៤ ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​គឺ Intex និង Lava ចំណែក​ក្រុមហ៊ុន​ចិន Lenovo ស្ថិត​នៅ​លេខ​៥ ៕