ផ្ទុះ​ហិង្សា​នៅ​ផ្សារ​រុង​ក្លឿ​ ថៃ​ចាប់​ខ្មែរ​២​នាក់

ផ្ទុះ​ហិង្សា​នៅ​ផ្សារ​រុង​ក្លឿ​ ថៃ​ចាប់​ខ្មែរ​២​នាក់

ខេត្តបន្ទាយមានជ័យ ៖​តាម​ប្រភព​ច្បាស់​ការណ៍​ពី​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​បានឱ្យ​ដឹង​ថា អាជីវករ​ខ្មែរ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​៣ កុម្ភៈ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ហិង្សា​នៅ​ផ្សារ​រុង​ក្លឿ​រឿង
ចុះ​ចាប់​ទំនិញ​ដែល​ធ្វើ​ឱ្យ​រថយន្ត​២​គ្រឿង​រង​ការ​ខូចខាត ។ ការ​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច អាជីវករ​ខ្មែរ​ទាំង​២​ខាងលើ ម្នាក់​ឈ្មោះ គង់ សំ​អូន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អាជីវករ​លក់​ភួយ​មុង​កំរាលពូក (​គ្រឿង​បន្ទប់ដេក​) និង​ម្នាក់​ទៀត​ឈ្មោះ ញឹ​ម សីហា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​ជា​អាជីវករ​លក់​គ្រឿង​លម្អ​រថយន្ត ។ ប្រភព​ប្រាប់​ថា ករណី​ចាប់ខ្លួន​អាជីវក​រទាំង​២​សមត្ថកិច្ច​ថៃ​ធ្វើ​ឡើង​តាម​រូបភាព​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ។

តាម​របាយការណ៍​របស់​ថៃ​ថា ហេតុការណ៍​នេះ​ក្រុម​DSI ផ្នែក​ចាប់​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​បាន​រង​របួស​៨​នាក់ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ខ្ល​ង​លឹ​ករ​បួស​៤​នាក់ ។ យ៉ាងណា​ក៏​ដោយ ករណី​នេះ​ត្រូវ​បាន​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ថា ព័ត៌មាន​បឋម​ដែល​លោក​ទទួល​បាន ភាគី​ថៃ​រង​របួស​តែ​៤​នាក់​ទេ ហើយ​ខាង​ខ្មែរ​របួស​១ ។ លោក​អភិបាលក្រុង​បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​កើតឡើង​លោក​បាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ស្រុក​អារញ្ញ​ជាប់​រហូត​កាលពី​ថ្ងៃ​កើតហេតុ​នោះ ហើយ​ភាគី​ថៃ ក៏​មានការ​យោគយល់​ច្រើន លើ​ការ​ទំនាក់ទំនង​របស់​លោក ។

លោក​អភិបាលក្រុង​បញ្ជាក់​ថា​នៅ​ថ្ងៃនេះ​លោក និង​ដឹកនាំ​ក្រុមការងារ​ក្រោម​ឱវាទ​ចូល​ទៅ​ដី​ថៃ​ដើម្បី​សួរសុខទុក្ខ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ ហើយ​ក៏​ជួប​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ​ដើម្បី​រក​ចំណុច​សំខាន់​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​កើត​មាន​ជួយ​ដល់​ប្រជាពលរដ្ឋ ។

តាម​ប្រភព​ព័ត៌មាន​ថា អាជីវករ​ខ្មែរ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ពី​ស្រុក​អារញ្ញ​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ខេត្ត​ស្រះ​កែវ ហើយ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ។ ថ្វី​ត្បិត​តែ​អគ្គ​កុងស៊ុល​ខ្មែរ​លោក ប៊ុ​ន សុខ​វិបុល មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​តែ​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​បាន​ចូល​ទៅ​ទំនាក់ទំនង​ការងារ​ជាមួយ​ភាគី​ថៃ​បាន​ប្រាប់​ថា ពេល​នេះ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ បាន​នឹង​កំពុងធ្វើការ​លើ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​ហើយ ។

សមត្ថកិច្ច​ថៃ​ដែល​ឃាត់ខ្លួន​អាជីវករ​ខ្មែរ​២​នាក់​នោះ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៦ ។

លោក វួ​ច អូន ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃ​ទី​៣ កុម្ភៈ អាជីវករ​និង​កម្មករ​ខ្មែរ​ដែល​លក់ទំនិញ​នៅ​ផ្សា​រុង​ក្លឿ​ប្រទេស​ថៃ បាន​ផ្ទុះ​កំហឹង​បំផ្លាញ​រថយន្ត​មន្ត្រី​មាន​សមត្ថកិច្ច​ថៃ​១​គ្រឿង ដោយ​នាំ​គ្នា​លើក​ក្រឡាប់​ផ្ងារជើង និង​វ៉ៃ​បំបែក​កញ្ចក់ និង​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ថៃ បណ្តាល​ឱ្យ​របួស​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ផ្ទុះ​ហិង្សា​ឡើង​គឺ​បណ្តាល​មក​ពី​មន្ត្រី​ថៃ​ចុះ​ចាប់​ទំនិញ​អាជីវករ​ខ្មែរ​ចំនួន​២​តូប ២​នាក់​ប្តី​ប្រពន្ធ ដែល​លក់​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​មាន​លក់​ខ្សែក្រវាត់ និង​វ៉ែនតា ។ ក្រោយ​ពេល​មន្ត្រី​សមត្ត​កិច្ច​ថៃ​ចុះ​ចាប់​ទំនិញ​អាជីវករ​ខ្មែរ គឺ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ត្រូវ​បាន​អាជីវករ​ខ្មែរ និង​កម្មករ​អូស​រទេះ ដែល​ជា​ជនជាតិ​ខ្មែរ​នាំ​គ្នា​ព្រួត​រំដោះ​យកប្តី​ប្រពន្ធ និង​បាន​ដណ្ដើម​យក​ឥ​វ៉ា​ន់​មក​វិញ​ពី​សមត្ថកិច្ច​ថៃ ។

លោក វួ​ច អូន បន្ត​ថា នៅ​ពេល​ភ្លាម​ៗ​មាន​ផ្ទុះ​ហិង្សា​រវាង​អា​ជីករ​ខ្មែរ​រាប់រយ​នាក់​ទៅ​លើ​សមត្ថកិច្ច​ថៃ​ដែល​កំពុង​ចាប់​យក​ឥ​វ៉ា​ន់​អាជីវករ​ខ្មែរ​ដាក់​រថយន្ត ត្រូវ​បាន​យក​ដុំ​ថ្ម​និង​ដំបង​គប់​ទៅ​លើ​មន្ត្រី​មាន​សមត្ថកិច្ច​ថៃ​បណ្តាល​ឱ្យ​ខ្លះ​របួស​បែកក្បាល​នៅ​ពេល​ចុះ​ធ្វើ​អន្តរាគមន៍ ។

ទោះបីជា​បែប​ណា ស្ថានភាព​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​របស់​អាជីវករ​ខ្មែរ​មានដំណើរ​ការ​ធម្មតា​ទេ ទាំង​ការ​នាំ​ទំនិញ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២ ៕