អ្នក​ភូមិ​បិទផ្លូវ​ដោយ​ដាំ​បង្គោល​រារាំង​រថយន្ត​ដឹក​ថ្ម​ឆ្លងកាត់

អ្នក​ភូមិ​បិទផ្លូវ​ដោយ​ដាំ​បង្គោល​រារាំង​រថយន្ត​ដឹក​ថ្ម​ឆ្លងកាត់

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង និង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ដែល​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​កិន​ថ្ម ដោះស្រាយ​រឿង​ដី​ហុយ​ប៉ះពាល់​សុខភាព​នោះ​មក​ដល់​ថ្ងៃ​ទី​៤ កុម្ភៈ ដែល​ជា​ថ្ងៃ​ទី​៣​នៃ​ការ​តវ៉ា​ដែល​គ្មាន​ដំណោះស្រាយ​ក្រុម​អ្នក​ភូមិ​បាន​យក​បង្គោល​ឈើ​មក​ដាំ​កណ្តាល​ទ្រូងផ្លូវ​តែ​ម្តង ។

ការ​តវ៉ា​ពី​សំណាក់​ក្រុម​អ្នក​ភូមិ​ខាងលើ​នេះ​ដឹកនាំ​ដោយ​អនុប្រធាន​ភូមិ​ម្នាក់ ហើយ​ថា​មក​ដល់​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ ការ​តវ៉ា​នៅ​តែ​បន្ត ខណៈ​មន្ត្រី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​កិន​ថ្ម​ចំនួន​២ មិន​ទាន់​ឯកភាព​តាម​សំណើ​របស់​ក្រុម​អ្នក​ភូមិ​ទាំងនោះ ។

តំណាង​ក្រុមហ៊ុន​លោក តាន់ ឃុន បានឱ្យ​ដឹង​ថា តាម​ពិត​ក្រុមហ៊ុន​មិនមែន​ព្រងើយកន្តើយ មិន​គិតគូរ​នោះ​ទេ ។ ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កៀរ​ដី​មិន​ឱ្យ​មាន​ជ​ង្ហុ​គ និង​ស្រោច​ទឹក​ជាប់​ជា​ប្រចាំ មិន​ដែល​លស់​ថ្ងៃ   ឡើយ ។ លោក តាន់ ឃុន បន្ត​ថា លោក​ពិតជា​មិន​យល់​ទាល់តែ​សោះ​ថា តើ​ពួក​គាត់​ចង់បាន​អ្វី​ឱ្យ​ពិតប្រាកដ​នោះ បើ​ខាង​ក្រុមហ៊ុន​អញ្ជើញ​ឱ្យ​ពួក​គាត់​មក​ជួប​ប្រជុំ​គ្នា នៅ​សាលាឃុំ​មហា​សាំង ពួក​គាត់​មិន​មក គិតតែ​ពី​នាំ​គ្នា​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ចូល​ដឹក​ថ្ម ។ លោក​បន្ត​ថា សំណើ​ពួក​គាត់​សុំ​ឱ្យធ្វើ​ផ្លូវ មិនមែន​ខាង​ក្រុមហ៊ុន​មិន​ព្រម​ឯណា តែ​យើង​ហៅ​គាត់​មក គាត់​មិន​មក​សាលាឃុំ​ដើម្បី​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា ដោយ​មាន​អាជ្ញាធរ​ដឹង​ឮ និង​ធ្វើ​ជា​សាក្សី​ទេ ។ គ្រាន់តែ​ខាង​ក្រុមហ៊ុន​ទាំង​២​សុំ​រយៈពេល​៤​ឆ្នាំ​ក្រោយ ទើប​ធ្វើ​ឱ្យ តែ​ពេល​នេះ​សុំ​ត្រឹមតែ​ថែទាំ ដោយ​ស្រោច​ទឹក​និង​ឈូស​កៀរ​កុំឱ្យ​មាន​រណ្តៅ​ពិបាកធ្វើ​ដំណើរ ។

ក្រុម​អ្នក​ភូមិ​និយាយ​ថា មិនមែន​ពួក​គាត់​មិន​ចង់​ដោះស្រាយ​នោះ​ទេ តែ​ពួក​គាត់​ទាមទារ​ឱ្យមក​ដោះស្រាយ​គ្នា​នៅ​កន្លែង​ដែល​ពួក​គាត់​តវ៉ា តែ​គេ​មិន​ព្រម​នៅ​តែ​ហៅ​ឱ្យទៅ​ចរចា​នៅ​ឃុំ ។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​សុំ​ឱ្យធ្វើ​ផ្លូវ​ឱ្យ​បាន​ឆាប់​ដើម្បី​ចៀសវាង​កុំអោយ​កូនចៅ​ពួក​គាត់​ជួប​ប្រទះ​នឹង​ជំងឺ ដោយសារ​តែ​ដី​ហុយ​នេះ ហើយ​បើ​មិន​មានការ​ដោះស្រាយ​ទេ​ពួក​គាត់​នឹង​បន្ត​បិទផ្លូវ​មិន​ឱ្យ​មាន​រថយន្ត​ធំ​ចូល​មក​ដឹក​ថ្ម​បាន​ទេ ។ ពួក​គាត់​ថា លុះត្រាតែ​មាន​ដំណោះស្រាយ​ជា​មុន​ទើបបាន​អនុញាត​ឱ្យ​មាន​រថយន្ត​ដឹក​ថ្ម​ឆ្លងកាត់​ផ្លូវ​ភូមិ​បាន ។

សូម​រំឭក​ថា ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត​២០០​នាក់ រស់នៅ​ក្នុង​ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង  និង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ចំនួន​១២​ភូមិ​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ គឺ​ផ្លូវលំ​ចុះ​ពី​ផ្លូវជាតិ​លេខ​៤ មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់​ដោយសារ​តែ​ពួក​គាត់​ទ្រាំ​នឹង​ដី​ហុយ​មិន​បាន ពេល​រថយន្ត​បើក​ឆ្លងកាត់​ម្តង​ៗ ។

ការ​តវ៉ា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​កិន​ថ្ម​ចំនួន​២ និង​អាជ្ញាធរ​ដោះស្រាយ​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ២០១៦ នៅ​មុខ​ខ្លោងទ្វារវត្ត​ត្រពាំង​អោប ស្ថិត​ក្នុង​ឃុំ​មហា​សាំង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។ ការ​តវ៉ា​នេះ​មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ។

ពលរដ្ឋ​ខឹង​រថយន្ត​ដឹក​ដី​បើក​ឆ្លងកាត់​អត់​ស្រោច​ទឹក​នាំ​គ្នា​បិទផ្លូវ
រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ឃាត់​រថយន្ត​ដឹក​ដី ខ្សាច់ និង​ថ្ម​ធុន​ធំ​ជា​ច្រើន​គ្រឿង ដែល​បើក​ឆ្លងកាត់​តាម​ផ្លូវ​៣០​ម៉ែត្រ បង្ក​ឲ្យ​កកស្ទះ​ជាង​១​ម៉ោង ដោយ​ពួក​គាត់​អះអាង​ថា រថយន្ត​ដឹក​ដី​ទាំងនោះ​បើក​លឿន ខណៈ​ផ្លូវ​អត់​ស្រោច​ទឹក​បណ្ដាល​ឲ្យ​ហុយ​ទ្រលោម ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ ។

រថយន្ត​ទាំងនោះ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ នៅ​តាម​ដងផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ខណៈនោះ​មានការ​កកស្ទះ​ចរាចរណ៍​ជិត​១​ម៉ោង​។ ប្រជាពលរដ្ឋ​និយាយ​ថា តំបន់​អភិវឌ្ឍន៍​ត្រូវ​តែ​មានការ​ដឹក​ដី​ពី​កន្លែង​មួយ​ទៅ​ចាក់​នៅ​កន្លែង​មួយទៀត​បែប​នោះ​ហើយ ប៉ុន្តែ​ពួក​គាត់​ឃាត់​រថយន្ត​ទាំងនោះ គឺ​ដោយសារ​តែ​បើកបរ​ក្នុង​ល្បឿន​លឿន ខណៈ​ផ្លូវ​អត់​ស្រោច​ទឹក បង្ក​ឲ្យ​ហុយ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។ ពួក​គាត់​ស្នើ​ថៅកែ​រថយន្ត​ស្រោច​ទឹក​លើ​ដងផ្លូវ​នោះ​ដើម្បី​កុំ​ឲ្យ​ហុយ​ទៀត ។

ម្យ៉ាងទៀត​ចង់ឱ្យ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​អនុញ្ញាត​ឱ្យ​មានការ​ជីកដី និង​ដឹក​ដី នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​របស់​ខ្លួន ត្រួតពិនិត្យ​ឡើង​វិញ ដោយ​ប្រាប់​ឱ្យ​ក្រុម​អ្នក​ដឹក​ដី​ទាំងនោះ ស្រោច​ទឹក​ផង អាណិត​ប្រជាពលរដ្ឋ ។

បន្ទាប់​ពី​ឃាត់​បាន​រយៈពេល​ប្រមាណ​ជិត​១​ម៉ោង​រួច​មក ប្រជាពលរដ្ឋ​បាន​ដោះ​លែង​រថយន្ត​ទាំងនោះ​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ព្រោះ​ខណៈនោះ​ក្រុម​អ្នក​ដឹក​ដី ខ្សាច់ និង​ថ្ម​បាន​ដឹក​ទឹក​យក​ទៅ​ស្រោច​ផ្លូវ​តាម​សំណូមពរ​របស់​ពួក​គាត់ ៕