ក្រសួង​សុខាភិបាល​ធ្វើេតស្ត​រក​មេរោគ​ហ្ស៊ីកា​​​​ដោយ​​​ផ្តោត​​​លើ​​​ទីតាំង​​​ចំនួន​​​៣​នៅក្នុង​រាជធានីភ្នំពេញ

យោងតាម​ក្រុម​មន្ត្រី​បាន​ឲ្យដឹងថា​ កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​សុខាភិបាល​​​បាន​​​បន្ថែម​​​ការ​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​ហ្ស៊ីកា (Zika) ដែល​​​ការ​​​ផ្ទុះ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​​នៅក្នុង​ប្រទេស​​​ប្រេស៊ីល​​​​​​​​​ត្រូវ​​​បាន​​ភ្ជាប់​​​ទៅ​នឹង​​​ក្មេង​​​កើត​​​មក​​​មិន​​​គ្រប់​​​​​​លក្ខណៈនោះ​​​​ ចូល​ទៅ​​​ក្នុង​​​ការ​​​អង្កេត​តាម​​​ដាន​​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ និង​​​គ្រុន​​​ឈាម​​​ដែល​ធ្វើ​​​ឡើង​​​ពីរ​​​ឆ្នាំ​​​ម្តង​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។

លោក ហ៊ុយ រ៉េកុល ប្រធាន​​​មជ្ឈមណ្ឌល​​​​​​ជាតិ​​​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ​ប៉ារ៉ាសីុត​​​​​​សាស្ត្រ​ បាណក​​​សាស្ត្រ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំនាញ​​​មក​​​ពី​​​ក្រសួង​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ប្រមូល​​​មូស​​​ និង​​​ដង្កូវទឹក​​​​ចេញ​​​ពី​​ប្រភព​​​ទឹក​​​ស្អាត និង​​​ទឹក​​​កខ្វក់​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ ខណ្ឌ​​​ច្បារ​​​អំពៅ​​​ និង​​​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ។

លោកបាន​​​ពន្យល់​​​ថា “យើង​​​ងាក​​​មក​​​បន្តការ​​​​អង្កេតតាមដាន​​នៅ​​​ក្នុង​​​ទី​​​តាំង​​​ទាំង​​​បី​​​នេះ ព្រោះ​​​យើង​​​ចង់​​​កំណត់​​​ថា តើ​​​​​​មូស​​​ណា​​​ខ្លះ​​​ដែល​​​ចម្លង​​​មេរោគ​​​ ហើយ​​​ថា តើ​​​វា​​​រស់​​​នៅ​​​ និង​​​ពង​​​នៅ​​​កន្លែង​​​ណា​​​​”។

ហើយ​​​ខណៈ​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​នៅ​​​មន្ទីរ​​​ពិសោធន៍​​​រក​ជំងឺ​​​គ្រុន​​​ចាញ់ និងគ្រុន​​​ឈាម​​​នឹង​​​ចេញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នោះ​​​ លោក ​​​ហ៊ុយ រ៉េកុល​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​ហ្ស៊ីកា​​​អាច​​​ចំណាយ​​​ពេល​​​ពីរ​​​សប្តាហ៍​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង​​​​​​គ្មាន​​​ឧបករណ៍​​​ដើម្បី​​​វិភាគ​​​មេរោគ​​​ហ្ស៊ីកា​​​នេះ​​​ទេ ហេតុ​​​ដូច្នេះ​​​យើង​​​ត្រូវ​​​បញ្ជូន​​​វា​​​ទៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ បាន​​​ចេញ​​​សេចក្តី​​ប្រកាស​មួយ​ដោយ​​ចាត់ ទុក​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​មេរោគ​​​ហ្ស៊ីកា​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នៅ​​​​​​​ប្រទេស​​​ប្រេស៊ីល​​​​​​​ថា​ជា​​​ក្តីព្រួយ​​​បារម្ភ​ដែល​ត្រូវ​ប្រកាស​អាសន្ន​ទូ​​​ទាំង​​​ពិភព​​​លោក​ ​​​ដោយ​​​លើក​​​ឡើង​​​ពីការដែលអាច​មាន​​​​ ទំនាក់​​​ទំនង​​​រវាង​​​​​​​​មេរោគ​​​នេះ​​​​​​​​​ ទៅនឹង​ទារក​​​ដែល​​​កើត​​​មក​​​មានក្បាល​​​តូច​​​ខុសពីធម្មតា​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រសួង​​​សុខាភិបាល​​​បាន​​​ចេញ​​​សេចក្តី​​​ប្រកាស​​​មួយ​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​ពល​​​រដ្ឋ​​​ធ្វើ​​​យ៉ាង​​​ណា​​​​​​កុំ​​​ឲ្យ​​​មូស​​​ខាំ​​​ និងកុំ​ឲ្យ​ឆ្លង​មេរោគហ្ស៊ីកា​ តាម​​​រយៈ​​​ការ​​​ស្លៀក​​​ពាក់​​​ខោ​​​អាវ​​​ដៃ​វែង​ជើង​​​វែង​​ និង​ដេក​​​ក្នុ​​​ងមុង​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​ Didier Fontenille ប្រធាន​​​វិទ្យាស្ថាន​​​បា៉ស្ទ័រ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ផ្តល់​​​ដំបូន្មាន​​​បែប​​​នេះ​​​កាល​​​ពីម្សិលមិញ​​​ ដោយ​​​គូស​​​បញ្ជាក់ថា ​​​មេ​​​រោគ​​​ហ្ស៊ីកា​​​ដែល​​​ដូច​​​នឹង​​​ជំងឺ​​​គ្រុនឈាម​​​ឆ្លង​​​តាម​​​រយៈ​​​មូស​​​ខាំ​​​អំឡុង​​​ពេល​​​ថ្ងៃ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “វិធី​​​ល្អបំផុត​​​ដើម្បី​​​កុំ​​​ឲ្យ​​​មូស​​​ខាំ​​​ គឺ​​​ត្រូវ​​​ចាក់​​​ទឹក​​​កខ្វក់​​​​​​នៅ​​​ក្នុង​​​កំប៉ុង​​​ ពាង ​​​ឬ​​​សម្បក​​​​​​​​​កង់​​​ចាស់​​​ៗ​​​ចោល និង​​​លាប​​​ថ្នាំ​​​ការពារ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​ប្រភេទ​​​មេរោគ​​​ហ្ស៊ីកា​​​ថ្មី​​​ដែល​​​ផ្ទុះ​​​ឡើង​​​នៅ​​​ក្នុង​​​ទ្វីប​​​អាមេរិក​​​ខាង​​​ត្បូង​​​មក​​​តំបន់​​​​​​អាស៊ីអាគ្នេយ៍​​​ គឺ​​​ស្ថិត​​​ក្នុង​​​ហានិភ័យ​​​ខ្ពស់​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ច្បាស់​​​ណាស់​​​ថា ​​​យើង​​​នឹង​​​មាន​​​ករណី​​​ឆ្លង​​​កាន់​​​តែ​​​ច្រើន​​​​​​គ្រប់​​​ទី​​​កន្លែង​​​​ទូទាំង​​​ពិភព​​​លោក​​​ឲ្យតែ​​​មាន​​​សត្វ​​​មូស​​​ដែល​អាច​​​ចម្លង​​​មេរោគ​​​នេះ​​​”។

“ ប្រសិន​​​បើ​​​វា​​​មក​​​ដល់​​​តំបន់​​​អាស៊ី​​​ វា​​​នឹង​​​ឆ្លង​​​រាល​​​ដាល​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ ហើយ​​​ខណៈ​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​​​​វា​​​នឹង​បង្ក​​​គ្រោះថ្នាក់​​​ ឬអត់​​​នោះ យើង​​​ត្រូវ​​​តែ​​​ត្រៀម​​​ដើម្បី​​​ទប់​​​ស្កាត់​​​​”៕​​​ស៊ុយឈាង​

The post ក្រសួង​សុខាភិបាល​ធ្វើេតស្ត​រក​មេរោគ​ហ្ស៊ីកា​​​​ដោយ​​​ផ្តោត​​​លើ​​​ទីតាំង​​​ចំនួន​​​៣​នៅក្នុង​រាជធានីភ្នំពេញ appeared first on ខេមបូឌា ដេលី.