នគរបាល​ចាប់ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម​ក្នុងការ​ឆ្មក់ចូល​ចាប់​គ្រឿង​ញៀន​នៅ​សណ្ឋាគារ​សុខាភ្នំពេញ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​មនុស្ស​បួន​នាក់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​សង្ស័យ​ពីបទ​​ជួញដូរ​​​គ្រឿង​​​ញៀន​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុម​មន្ត្រី​បាន​ឆ្មក់​ចូល​បន្ទប់​មួយ​ ហើយ​បាន​រក​ឃើញ​​ម៉ាទឹកកក​ទម្ងន់​ប្រហែល​កន្លះគីឡូក្រាម។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ជន​សង្ស័យ​ទាំង​នេះ​សារភាព​ថា បាន​​​​បោះ​ថ្នាំ​ញៀន​ទម្ងន់​​ប្រាំគីឡូក្រាម​ទៀត​ចូល​ក្នុង​បង្គន់​។

លោក ប៊ន សំអាត ស្នងការរង​នគរ​បាល​រាជធានី​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ជាង​១០​នាក់​បាន​ឆ្មក់​ចូល​បន្ទប់​សណ្ឋាគារ​ដែល​ជន​ជាតិ​ចិន​បី​នាក់​​ស្នាក់​នៅ គឺ​ប្រុស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ និង​ស្ត្រី​ជន​ជាតិវៀតណាម​ម្នាក់​នៅ​ម៉ោង​ប្រហែល​៨យប់ បន្ទាប់ពី​ទទួល​បានព័ត៌មាន​​ពី​បុគ្គលិក​សណ្ឋាគារ​​ ដែល​សង្ស័យ​ពី​អាកប្បកិរិយា​របស់​ក្រុម​​នេះ​។

លោក ប៊ន សំអាត បាន​ថ្លែង​ថា “​​​​កម្លាំង​​​របស់​​​​យើង​​ជាង​១០នាក់​​​​បាន​ចូល​​ដល់​បន្ទប់​របស់​ជន​សង្ស័យ​ក្នុង​សណ្ឋាគារ​សុខា បន្ទាប់ពី​យើង​ទទួល​បានព័ត៌មាន​​ពី​ពួកគេ។ បន្ទាប់​មក យើង​បានឡោម​ព័ទ្ធ​បន្ទប់​នេះ ហើយ​​​ព្យាយាម​​​​ចូល​ខាង​ក្នុង​​ ខណៈ​ដែល​ជនសង្ស័យ​ទាំង​នេះ​បាន​​​​រំលែក​ម៉ាទឹក​កក​ដាក់​ក្នុង​កញ្ចប់​ប្លាស្ទិក​​ផ្សេង​ៗគ្នា​”។

លោក​បាន​​លើក​ឡើង​ថា ​បន្ទាប់​ពី​ជន​​​ជួញដូរ​ទាំង​នេះ​មិនស្តាប់​សំណើ​ដំបូង​របស់​​​​នគរ​បាល​សុំចូល​ទៅ​ក្នុង​បន្ទប់ មន្ត្រី​​​​នគរ​​​បាល​​​​​​​​បាន​ព្យាយាមប្រើ​កម្លាំង​​​រុញច្រាន​​ចូល​ ប៉ុន្តែ​ត្រូវ​ បាន​ពាំង​ទប់​ទល់​ដោយ​ជន​សង្ស័យ​​​ទាំង​នេះ​។

លោក​បាន​ថ្លែង​ថា “​យើង​ប្រើ​​ពេល​៥​នាទី​ទម្រាំបើក​ទ្វារបាន​​ ពីព្រោះ​ពួកគេ​បាន​ព្យាយាម​ខ្ទប់​​​ទ្វារ​ពី​ខាង​ក្នុង ដូច្នេះ​កម្លាំង​របស់​យើង​​ត្រូវ​រុញច្រាន​យ៉ាង​ខ្លាំង​”។

នៅ​ពេល​ក្រុម​នេះ​​ត្រូវ​បាន​ឃាត់​ខ្លួន​ ម៉ាទឹកកក​​ទម្ងន់​កន្លះគីឡូក្រាម​ត្រូវ​បាន​ដក​ហូត​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​ក្រុម​នេះ​ត្រូវ​បាន​ដឹក​ទៅកាន់​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ដើម្បី​ធ្វើការ​សាកសួរ។

លោក​បាន​បន្ថែមថា ​មនុស្ស​ពីរនាក់​ទៀត​នៅ​ក្នុង​ក្រុម​នេះ​សារភាព​ថា បាន​​​បោះ​ថ្នាំ​​​ញៀន​ទម្ងន់​៥គីឡូក្រាម​ចូល​ក្នុង​បង្គន់​ផង​ដែរ​ ខណៈ​ដែល​ពីរ​នាក់​ទៀត​​បាន​រារាំង​នគរបាល​​មិន​ឲ្យ​​ចូល​​ក្នុង​បន្ទប់។

លោក​បាន​ថ្លែង​ថា “​នៅពេល​យើង​ស៊ើប​​​អង្កេត​ យើ​ងរកឃើញ​ថា ជន​សង្ស័យ​ទាំង​​​នេះ​​​​សារភាព​ថា​​បាន​បោះ​ថ្នាំ​មេតំហ្វេតាមីន​​៥​​​គីឡូក្រាម​ចូល​ក្នុង​បង្គន់មែន​។ប៉ុន្តែ​នៅ​ពេល​យើង​​រុញច្រាន​​ចូល​ទៅ​ខាង​ក្នុង​ ជន​សង្ស័យ​ជាជន​ជាតិ​ចិននេះ​​កាន់​​ថ្នាំញៀន​នៅ​ក្នុង​ដៃ​ទម្ងន់​តែ​កន្លះ​គីឡូ​ក្រាម​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា ពួកគេ​ចង់​កាត់​បន្ថយ​ទម្ងន់​ថ្នាំញៀន​ដែល​ពួកគេ​មាន​”។

លោក ប៊ន សំអាត បាន​ថ្លែង​ថា នគរ​បាល​​ក៏​បាន​រក​ឃើញ​កម្ទេច​​​ថ្នាំញៀន​សេស​​​សល់​​​​នៅ​លើ​ចាន​បង្គន់​ផង​ដែរ។ លោក​បាន​អះ​​​អាង​ថា ​មិន​ស្គាល់​ឈ្មោះ​ជន​សង្ស័យ​​​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​នេះទេ​។

មន្ត្រី​នគរ​បាលសង្កាត់​ជ្រោយចង្វារ​ ​ខណ្ឌ ជ្រោយ​ចង្វារ​ទីដែល​សណ្ឋាគារ​នេះ​ស្ថិត​នៅ​បាន​លើក​ឡើង​ថា ពួកគេ​មិន​ដឹង​អំពី​ករណី​ នេះ​​​​ទេ។ គេ​មិន​អាច​ទាក់​ទង​អ្នក​គ្រប់​​​គ្រង​សណ្ឋា​គារ​​ដើម្បី​សុំអត្ថាធិប្បាយ​បាន​ទេ​៕សារុន​​

The post នគរបាល​ចាប់ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម​ក្នុងការ​ឆ្មក់ចូល​ចាប់​គ្រឿង​ញៀន​នៅ​សណ្ឋាគារ​សុខាភ្នំពេញ appeared first on ខេមបូឌា ដេលី.