​ប្រមុខ​ការទូត​កម្ពុជា ឲ្យ​ឯកអគ្គរាជទូត​-​អគ្គ​កុងស៊ុល​កម្ពុជានៅ​ថៃ រក​មេធាវី ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ​២​នាក់​

ភ្នំពេញ:  ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ណែនាំ​ជាបន្ទាន់ ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ រក​មេធាវី ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ខ្មែរចំនួន​២​នាក់ ដែល​ត្រូវបាន​អាជ្ញាធរមាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ក្នុងការ​ប៉ះទង្គិច​គ្នារវាង​ក្រុមអាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​ថៃ ដែល​ចុះមក​ត្រួតពិនិត្យកម្មសិទ្ធិបញ្ញា លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។
​    ​
​បន្ទាប់ពី​ចាប់ខ្លួន អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ទាំងពីរ​នាក់ ទៅ​តុលាការ​ថៃ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយបាន​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ ចំនួន ៣​ខែ​។​
​    ​
​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ថា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦  មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុមអាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​ថៃ មកពី​ទីក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ កម្មសិទ្ធិបញ្ញា​លើ​ទំនិញ នៅ​ផ្សារ​រ៉ុង​ក្លឿ​។​
​    ​
​លោក​បាន​បន្តថា នៅពេល​មានការ​ប៉ះទង្គិច រវាង​អាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ ជាមួយ​នគរបាល​ថៃ​នោះ បានកើត​មានការ​វាយតប់ និង​គប់​ដុំថ្ម ទៅលើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល អស់​ចំនួន​២​គ្រឿង​។ នគរបាល​ថៃ បាន​ចាប់​អាជីវករ​ខ្មែរ ២​នាក់ ដែល​គេ​ថតរូប​ភាព​បាន ក្នុង​វីដេអូ​របស់​នគរបាល​។

​ហើយ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ម្សិលមិញ​នេះ តុលាការ​ថៃ បាន​កាត់ទោស​អាជីវក​រ​ខ្មែរ​ទាំង ២​នាក់​នេះ ឲ្យ​ជាប់ពន្ធនាគារ ចំនួន​៣​ខែ ។ នគរបាល​ថៃ ក៏បាន​បញ្ជូន​វីដេអូ អាជីវករ ២ នាក់​នេះ មក​ឲ្យ​ស្ថានទូត​យើង នៅ​ទីក្រុង​បាងកក មើល​ផងដែរ ។​
​    ​
​អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជាក់ថា នគរបាល​ថៃ បាន​ជម្រាប​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ នៅ​ខេត្ត​ស្រះកែវ​ថា គេ​មាន​រូបភាព អ្នក​ផ្សេងទៀត ដែល​បាន​វាយប្រហារ​លើ នគរបាល​ថៃ ហើយ​គេ​កំពុងតែ​ស្រាវជ្រាវ ដោយ​ផ្អែកលើ​រូបភាព​វីដេអូ​របស់គេ​។​
​    ​
​លោក​ជុំ សុន្ទរី បានបញ្ជាក់​ទៀតថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ លើក​ទី​៣ នៃ​គណៈកម្មាធិការ សម្របសម្រួល​អន្តររដ្ឋាភិបាល កម្ពុជា​-​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។ ក្រោយពី​បានទទួល​បាន​ព័ត៌មាន​នេះ ក៏បាន​ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ការពារ​ពលរដ្ឋ​ខ្មែរ​។
​    ​
​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ណែនាំ​បន្ទាន់​ភ្លាម ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ រក​មេធាវី ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ​យើង ទោះជា​ក្នុងករណី​ណាក៏ដោយ ដូច​អ្វីដែល​យើង​ធ្លាប់ បានធ្វើ​កន្លងមក ៕V/S