រដ្ឋមន្ត្រី​សន្យា​ជំរុញ​ឲ្យ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ចេញ​មុន​ការ​បោះឆ្នោត​​​ឃុំ​សង្កាត់

ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​ប្រទេស​កម្ពុជា បើក​កិច្ច​ប្រជុំ​លើក​ទី​៧ នៃ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាល​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។ ក្រុម​ការងារ​ចង់​ឱ្យ​ច្បាប់​នេះ ចប់​នៅ​ត្រឹម​ឆ្នាំ​២០១៦។

មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ សន្យា​ថា នឹង​ប្រឹង​ជំរុញ​ឱ្យ​ការ​តាក់តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ចប់​ឆាប់ ដើម្បី​ធានា​ឱ្យ​ច្បាប់​នេះ បាន​អនុម័ត​ចេញ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជុំ​លើក​របស់​ក្រុម​ការងារ​ទី​៧ ថា ការ​ជំរុញ​ឱ្យ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ចេញ​មុន​ការ​បោះ​ឆ្នោត​នេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្វែងរក​ព័ត៌មាន​ពិត​ប្រាកដ និង​ច្បាស់លាស់​មុន​ពេល​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត៖ «សំខាន់​គឺ​យើង​ចង់​ឱ្យ​ប្រជាជន​យើង បើ​កាល​ណា​គាត់​ឮ​ដំណឹង​អី​គាត់​មាន​សិទ្ធិ​ទៅ​ឆែក​មើល ថា​រឿង​ហ្នឹង​វា​អ៊ីចឹង​ឬ​ទេ មែន​ឬ​អត់? អ៊ីចឹង​កាតព្វកិច្ច​ស្ថាប័ន​សាធារណៈ ដែល​ហៅ​ថា ស្ថាប័ន​សាធារណៈ គឺ​ស្ថាប័ន​មាន​ខ្ទង់​ចំណាយ​នៅ​លើ​កញ្ចប់​ថវិកា​រដ្ឋ ពី​ថ្នាក់​កណ្ដាល​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​ទាំង​អស់ រហូត​ដល់​ភូមិ​ឃុំ ដែល​បើក​ប្រាក់ខែ​របស់​រដ្ឋ​ហ្នឹង។ អ៊ីចឹង​ត្រូវ​តែ​មាន​កាតព្វកិច្ច​ផ្ដល់​ព័ត៌មាន​អី​ខ្លះ។ អ៊ីចឹង​ជា​ការ​ល្អ ដែល​ពេល​ហ្នឹង​ទៅ​គាត់ ទី​មួយ​យើង​ឱ្យ​ត្រូវ​មាន​មន្ត្រី​ព័ត៌មាន ដែល​ត្រូវ​ធ្វើការ​ជាមួយ​ប្រជាជន មាន​បញ្ហា​អី​គាត់​ទៅ​បំភ្លឺ​ប្រជាជន​ភ្លាម។ អា​ហ្នឹង​ជា​ការ​ចាប់​បង្ខំ​មន្ត្រី​ខ្លះ ដែល​គាត់​ស្ពឹក​ស្រពន់ ឬ​មន្ត្រី​ខ្លះ​ដែល​កាត់​មិន​មាន​ការ​ទទួល​ខុសត្រូវ ត្រូវ​បង្ខំ​គាត់​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ ពី​ព្រោះ​នៅ​ក្នុង​នេះ​ខុស​ពី​ច្បាប់​ស្ដីពី​សារព័ត៌មាន។ ច្បាប់​សារព័ត៌មាន នរណា​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​ព័ត៌មាន​បាន ប៉ុន្តែ​អត់​មាន​ទោស។ នៅ (ច្បាប់) នេះ គឺ​យើង​មាន​ចែង​ពី​ទោស»

ទន្ទឹម​គ្នា​នឹង​កិច្ច​ប្រឹងប្រែង​នេះ​ដែរ លោក​ថ្លែង​ថា កិច្ច​ពិភាក្សា​នៅ​ពេល​នេះ មាន​ដំណើរ​ការ​យឺត និង​ទៅ​មុខ​ទៅ​ក្រោយ ព្រោះ​ស្ថាប័ន​ខ្លះ​បញ្ជូន​មនុស្ស​ថ្មី​ផ្សេង​មក​ចូលរួម​ពិភាក្សា ដោយ​មិន​បាន​ដឹង​ពី​ខ្លឹមសារ​ដែល​បាន​សម្រេច​ហើយ។ បញ្ហា​នេះ លោក​ត្រូវ​ចំណាយ​ពេល​ពន្យល់​ឡើង​វិញ នូវ​អ្វី​ដែល​បាន​សម្រេច​កាល​ពី​ចុង​ឆ្នាំ​២០១៥។ ដើម្បី​ដោះស្រាយ​បញ្ហា​យឺតយ៉ាវ​នេះ លោក​សុំ​ឱ្យ​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​នានា បញ្ជូន​មន្ត្រី​ដដែល​មក​ចូលរួម​កិច្ច​ពិភាក្សា ហើយ​ពិនិត្យ​សេចក្ដី​ព្រាង​ឱ្យ​បាន​សព្វគ្រប់​មុន​ពេល​ពិភាក្សា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​តស៊ូ​មតិ គឺ​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ លោក ណែប ស៊ីនថៃ យល់​ថា ការ​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ មាន​លក្ខណៈ​ល្អ​ជាង​ច្បាប់​សហជីព ហើយ​កិច្ច​ពិភាក្សា​របស់​ក្រុម​ការងារ​បច្ចេកទេស មាន​បរិយាកាស​ល្អ។ លោក​រំពឹង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នឹង​បាន​ល្អ​ក្រោយ​ពេល​រដ្ឋសភា​អនុមតិ ព្រោះ​ក្រុម​ការងារ​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​មាន​សមាជិក​ពាក់ព័ន្ធ​ចូលរួម។

លោក ណែប ស៊ីនថៃ៖ «ព្រោះ​យើង​ឃើញ​ថា ស្មារតី​បើក​ទូលាយ​ឱ្យ​មាន​ការ​ចូលរួម​ផ្ដល់​យោបល់​នេះ​ស៊ី​សង្វាក់ ហើយ​ម្នាក់ៗ ធ្វើ​យ៉ាង​ណា​ឱ្យ​មាត្រា​នីមួយៗ ដែល​បាន​លើក​ឡើង​ចំណុច​នីមួយៗ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ហ្នឹង ហើយ​ខ្ញុំ​សូម​បន់ស្រន់​ថា សូម​ឱ្យ​បរិយាកាស​នេះ​ចាប់​ផ្ដើម​ពី​ដើម​រហូត​ដល់​ចប់។ បើ​សិន​ជា​បរិយាកាស​នេះ​បាន​បញ្ចប់​ដល់​ចុង​ក្រោយ ខ្ញុំ​អាច​និយាយ​បាន​ថា ច្បាប់​នេះ​ឆ្លុះ​បញ្ចាំង​គ្រប់​ទិដ្ឋភាព ដែល​សង្គម​យើង​ចង់​បាន»

ទាក់ទង​នឹង​កិច្ច​ដំណើរ​ការ​​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ តំណាង​អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) ថ្លែង​ថា ការ​សម្ពោធ​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា គឺ​កិច្ច​ដំណើរ​ការ​តាក់តែង​គួរ​ឱ្យ​សរសើរ​មួយ ដែល​បើក​ចំហ​ឱ្យ​សាធារណជន​អាច​ចូល​រួម​ផ្ដល់​មតិ​យោបល់ បាន​ពី​គ្រប់​មជ្ឈដ្ឋាន។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឱ្យ​ដឹង​ថា ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ គឺ​យក​តាម​ច្បាប់​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ហើយ​នីតិវិធី​គោល​ខ្លះ យក​តាម​ប្រទេស​ណា​ដែល​ធ្វើ​បាន​ល្អ​រួច​មក​ហើយ ដូច​ជា​ច្បាប់​ប្រទេស​ស៊ុយអែត បារាំង និង​អាស៊ី​មាន​ជប៉ុន​ជា​ដើម។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន មាន ៩​ជំពូក និង ៣៤ មាត្រា។ រហូត​មក​ដល់​កិច្ច​ប្រជុំ​លើក​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ក្រុម​ការងារ​បាន​ពិភាក្សា​សម្រេច​ខ្លឹមសារ​មាត្រា ១០ នៃ​ជំពូក​ទី​៣ ស្ដីពី​នីតិវិធី​ស្នើសុំ និង​ផ្ដល់​ព័ត៌មាន។ មាត្រា ១០ ចែង​ថា៖ «បុគ្គល​គ្រប់​រូប ទោះ​ជា​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល មាន​សិទ្ធិ​ស្នើសុំ​ព័ត៌មាន​គ្រប់​ប្រភេទ​ពី​ស្ថាប័ន​សាធារណៈ ដោយ​គ្មាន​ការ​រើសអើង»

ក្រុម​ការងារ​គ្រោង​ប្រជុំ​ពិភាក្សា​គ្នា​មួយ​ខែ​ម្ដង ដើម្បី​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឱ្យ​ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦។ ក៏​ប៉ុន្តែ​ក្រុម​ការងារ​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​សម្រាប់​កិច្ច​ប្រជុំ​លើក​ទី​៨ នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។