លោក ហ៊ុន ម៉ាណែតថា អង់គ្លេសជាភាសា យានទំនាក់ទំនង នៅក្នុងតំបន់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងឲ្យ ដឹងថា អង់គ្លេសជាភាសាយានក្នុងការ ទំនាក់ទំនងនៅក្នុងតំបន់ ដូច្នេះប្រទេសនីមួយៗ ត្រូវបណ្តុះបណ្តាល ធនធាន មនុស្សផ្ទាល់ខ្លួនប្រកប ដោយសមត្ថភាពក្នុងការប្រើប្រាស់ ភាសាអង់គ្លេស ដើម្បីសម្រេចបាននូវគោល ដៅសហគមន៍អាស៊ានតែមួយ សហគមន៍តែមួយ។

ក្នុងកម្មវិធីប្រកួតប្រជែងជើងឯកនិយាយ និងពិភាក្សាជាភាសាអង់គ្លេស កាលពីរសៀលថ្ងៃទី ៤ ខែ កុម្ភៈ  ឆ្នាំ២០១៦ នៅសាលសហប្រតិ្តបត្តការកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ត្រូវបង្កើនសមត្ថភាពវិភាគ និងគិតពិចារណាឲ្យបានល្អិតល្អន់ និងត្រូវបង្កើនការទទួល ខុសត្រូវក្នុងការសម្រេចចិត្ត។

លោកបន្តថា ការប្រកួតប្រជែងនិយាយ និងពិភាក្សាជាភាសាអង់គ្លេស បាននាំមកនូវអត្ថប្រយោជន៍ សំខាន់ៗ ជាច្រើនដល់សិស្សានុសិស្សវិទ្យាល័យ មហាវិទ្យាល័យដើម្បីឲ្យប្អូនៗ ក្មួយៗមានសមត្ថភាព យល់ច្បាស់អំពី សារៈសំខាន់នៃការជជែកវែកញែកប្រកបដោយមានហេតុផលនិងការគោរពគ្នា។

លោកបន្ថែមថា  ដូច្នេះអត្ថប្រយោជន៍ដែលយុវជនទទួលបាននៅពេលនេះ គឺកើតចេញការខិតខំប្រឹង ប្រែង របស់ពួកគេហើយនេះ ជាគំរូដ៍ល្អនិងជាឱកាសដ៍អស្ចារ្យមួយសម្រាប់សិស្ស និស្សិតបង្ហាញសមត្ថភាព របស់ពួកគេក្នុងការនិយាយទៅកាន់មនុស្សដែលមានចំនួនច្រើនបែបនេះ។

គួរបញ្ជាក់ថា ប្រកួតប្រជែងនេះ ផ្តោតលើប្រធានបទទាក់ទងទៅនឹងវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ដែលកម្មវិធីនេះរៀបចំដោយស្ថាប័នSpringBoard4Cambodia ដែលមានការចូលរួម ប្រកួតប្រជែងពីសំណាក់សិស្សនិស្សិតចំនួន២៦៥ មកពី៧០ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការ ជម្រុះចំនួន០៤ ដំណាក់កាលដែលដំណាក់ចុងក្រោយនេះ មានចូលរួមប្រមាណជាង៥០០នាក់៕

លោក ហ៊ុន ម៉ាណែតថា អង់គ្លេសជាភាសា យានទំនាក់ទំនង នៅក្នុងតំបន់