សាលាឧទ្ធរណ៍ សម្រេចឲ្យកម្មករ៤រូប នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុង បាវិតនៅក្រៅឃុំ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះទៅ លើបណ្ដឹងរបស់ព្រះរាជអាជ្ញាខេត្ដស្វាយរៀង ដែលបានជំទាស់ទៅនឹងចៅក្រមសាលា ដំបូងខេត្ដស្វាយរៀង បានដោះលែងកម្មករ ៤រូប ដែលត្រូវបានចាប់ឃុំខ្លួន ក្នុងព្រឹត្ដិការណ៍កុបកម្មកាលពីខែធ្នូ ឆ្នាំ២០១៥ ដោយឱ្យពួកគេនៅក្រៅឃុំជាបណ្ដោះអាសន្ន ។ ដូច្នេះពួកគេអាចនឹងត្រូវចេញ ពីពន្ធនាគារ ខេត្ដស្វាយរៀងនៅថ្ងៃចន្ទសបា្ដហ៍ ។

សាវតារឿង

ស្ថានភាព នៅតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយសេង មានភាពស្ងប់ស្ងាត់ ឡើងវិញ

ក្រុងបាវិត៖ រហូតមកដល់ម៉ោង ២រសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថានភាពតវ៉ារបស់កម្មករ តំបន់សេដ្ឋកិច្ចមេនហាតធេន និងតាយសេង នៅក្រុងបាវិត ត្រឡប់មកសភាពស្ងប់ស្ងាត់វិញហើយ ដោយក្រុមកម្មករ បានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។

យោងតាមការឲ្យដឹង ពីមន្រ្តីប៉ូលិស ដែលធ្វើការសម្របសម្រួល ក្នុងសកម្មភាពតវ៉ានេះថា ភាគីតំណាងរោងចក្រ បានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ា វិលត្រឡប់ទៅផ្ទះវិញ ហើយក្រុមសមត្ថកិច្ច ក៏បានចូលសម្រាក់ហើយដែរ មិនមានការយាមកាមកុះករដូចមុនទៀតទេ។

ប្រភពដដែលបានបន្ដទៀតថា គេនៅមិនទាន់ដឹងថា នៅព្រឹកស្អែកនេះ នឹងមានកូដកម្ម ឬក៏កម្មករវិលត្រឡប់ចូលធ្វើការ ដូចធម្មតាវិញនោះទេ ប៉ុន្ដែខាងសមត្ថិកិច្ចក៏បានអំពាវនាវ ដល់តំណាងរោងចក្រ សហជីព ក៏ដូចជាសាលាខេត្ត ដើម្បីជួយដោះស្រាយ កុំឲ្យមានការផ្ទុះការតវ៉ាជាបន្ដទៀត។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃនេះ ក៏មានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដូចជាតំណាងរោងចក្រ សហជីព សាលាខេត្ត និងលោក សយ សុភាព ដើម្បីរកដំណោះស្រាយ ឈានដល់ការបញ្ចប់សកម្មភាពតវ៉ា របស់កម្មកររោងចក្រ៕

កម្មករកម្មការិនី នៅក្រុងបាវិត ចូលធ្វើ ការវិញ១០០ ភាគរយហើយ

ភ្នំពេញ ៖ អភិបាលខេត្ដស្វាយរៀង លោក ជៀង អំ បានថ្លែងអះអាងថា កម្មករ កម្មការិនី នៅក្រុងបាវិត ដែលបានធ្វើបាតុ កម្មនាពេលកន្លងមក នាព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានត្រឡប់ចូលទៅធ្វើ ការវិញអស់ហើយ ជាមួយនឹងការថ្លែងអំណរ គុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ចំណែកធ្វើឱ្យសភាពការណ៍ ត្រឡប់ទៅសភាពដើមវិញ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកអភិបាលខេត្ដបានមានប្រសាសន៍ថា “កម្មករកម្មការិនី បានត្រឡប់ចូលទៅធ្វើការ វិញ១០០ភាគរយហើយ នៅព្រឹកនេះ ។ ខ្ញុំ សូមថ្លែងអំណរគុណដល់តំណាង សហជីព អាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ព្រមទាំងភាគីរោងចក្រ ដែលបានចូលរួម ចំណែក ដល់ការសម្របសម្រួលឱ្យកម្មករ ត្រឡប់ទៅធ្វើការវិញដូចដើម និងសូមថ្លែង អំណរគុណដល់លោកសយ សុភាព អគ្គ (នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល) ផង ដែរ” ។

លោកអភិបាលខេត្ដ ក៏បានស្នើសុំឱ្យស្ថា ប័នតុលាការ ជាពិសេសសាលាដំបូងខេត្ដ ស្វាយរៀង ពន្លឿននីតិវិធីច្បាប់ ដើម្បីឱ្យ ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិងថៅកែ រោងចក្របន្ដធ្វើការជាមួយគ្នា ឡើងវិញ ដើម្បីផលប្រយោជន៍ទាំងសងខាង ។

សូមបញ្ជាក់ថា ក្រុមកម្មករ ជាង៣ម៉ឺននាក់ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី១៦ ខែធ្នូ មក ដើម្បីទាមទារប្រាក់ខែគោលបន្ថែម បន្ទាប់ពី រាជរដ្ឋាភិបាល សម្រេចប្រគល់ឲ្យ ១៤០ដុល្លារនៅក្នុងឆ្នាំ២០១៦ខាងមុខ៕