ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន PTT បាន​គ្រោង​កាត់​បន្ថយ​ថវិកា​ចំណាយ​លើ​មូលធន​ផលិតកម្ម និង​ប្រតិបត្តិការ​របស់​ខ្លួន​ជា​លើក​ទី​៣ ដោយសារ​តែ​តម្លៃ​ប្រេង​នៅ​តែ​បន្ត​ធ្លាក់​ចុះ ។

ការ​កែប្រែ​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​១ ប្រសិនបើ​តម្លៃ​ប្រេង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្រោម​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អគ្គនាយក និង​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពហុ​ផលិតផល​ប្រេង និង​ឧស្ម័ន​ជាតិ ។

ក្រុមហ៊ុន PTT និង​ក្រុមហ៊ុន​សាខា​របស់​ខ្លួន បាន​រក្សា​ទុក​ប្រាក់​ចំនួន​១​ទ្រី​លាន​បាត​សម្រាប់​មូលធន​ចំណាយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ដោយ​រំពឹង​ថា តម្លៃ​ប្រេង​ជា​មធ្យម​មាន​តម្លៃ​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​២០១៦ ។ នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ក្រុមហ៊ុន​បាន​កែប្រែ​ការ​កាត់​បន្ថយ​ថវិកា​ចំណាយ​របស់​ខ្លួន​ជា​លើក​ទី​៣ ចាប់តាំងពី​ការ​ធ្លាក់​ចុះថ្លៃ​ប្រេង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ មក ។

ក្រុមហ៊ុន PTT បាន​កាត់​បន្ថយ​ថវិកា​របស់​ខ្លួន​ពី​៣២៦​ប៊ី​លាន​បាត មក​នៅ​ត្រឹម​៣០០​លាន​បាត​នៅ​ដើមឆ្នាំ​២០១៥ និង​២៩៧​លាន​បាត​នៅ​ដំណាច់ឆ្នាំ​២០១៥ ដើម្បី​កម្រិត​ការ​ចំណាយ​ឱ្យ​ស្រប​នឹង​និន្នាការ​នៃ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ។

ទោះជា​យ៉ាងណា លោក Tevin បាន​ឲ្យ​ដឹង​ថា ៖ « គម្រោង​អភិវឌ្ឍន៍​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នឹង​បន្ត​ធ្វើ​ឡើង​ដូច​ជា គម្រោង​បំពង់​លំហូរ​ប្រេង​ទី​៥ និង​ស្ថានីយ​ទី​២ សម្រាប់​ចម្រាញ់​ឧស្ម័ន​ធម្មជាតិ ។ សរុប​មក ក្រុមហ៊ុន​បាន​ត្រៀម​ចំណាយ​ទឹកប្រាក់​ចំនួន​៥០,៨​ប៊ី​លាន​បាត​សម្រាប់​គម្រោង​ទាំងនេះ​ក្នុងឆ្នាំនេះ » ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន PTT ជឿជាក់​ថា តម្លៃ​ប្រេង​សកល​នឹង​អាច​រើប​ឡើង​វិញ ប្រសិនបើ​រុ​ស្សី​យល់ព្រម​ជាមួយនឹង​អង្គការ​នាំ​ចេញ​ប្រេងឥន្ធនៈ Opec ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ចម្រាញ់​ប្រេង​ឆៅ​មក​នៅ​ត្រឹម​៥% » ។

ប្រេង​ឆៅ​សកល​នា​ពេល​បច្ចុប្បន្ន មាន​ផល​លើសប្រមាណ​១​លាន​បារ៉ែល ប៉ុន្តែ​វា​អាច​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន​បំផុត ប្រសិនបើ​រុ​ស្ស៊ី និង​អង្គការ Opec យល់ព្រម​លើ​កិច្ច​ព្រម​ព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ចម្រាញ់​ប្រេង​ឆៅ ។

ក្រៅពី​កាត់​បន្ថយ​មូលធន​ចំណាយ​របស់​ខ្លួន ក្រុមហ៊ុន PTT ក៏​បាន​ព្យាយាម​ធ្វើ​ជំនួញ​លើ​ផលិតផល​រង ដើម្បី​ស្រោចស្រង់​ក្រុមហ៊ុន​ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង ។
គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន PTT បាន​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​រង​នៅ​ក្រុមហ៊ុន​ចម្រាញ់​ប្រេងឥន្ធនៈ Bangchak និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Star Petroleum Plc ។ គ្រានោះ​ដែរ ក្រុមហ៊ុនប្រេង PTT មាន​មូលធន​ត្រឹមតែ​១,៣៩​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ប្រតិបត្តិការ​លក់​ធ្យូង​រ៉ែ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ត្រូវ​បាន​ខាតបង់​ដោយសារ​តែ​តម្លៃ​ធ្យូង​ធ្លាក់​ចុះ ។ ដោយឡែក ភាគហ៊ុន​របស់​ក្រុមហ៊ុន PTT មាន​តម្លៃ​២៣២​បាត​ក្នុង​មួយ​ហ៊ុន ធ្លាក់​ចុះ​៨​បាត ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ប្រមាណ​១,៥៥​ប៊ី​លាន​បាត ៕