វណ្ណ មករា​ នៅ​​​សល់​ស្នាដៃ​រឿង​​ធំមួយ​​ទៀត​មិន​ទាន់​សម្ពោធ

វណ្ណ មករា​ នៅ​​​សល់​ស្នាដៃ​រឿង​​ធំមួយ​​ទៀត​មិន​ទាន់​សម្ពោធ

តារា​ចម្រៀង វណ្ណ មករា ដែល​បាន​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​​ក្រឡាប់​រថយន្ត ​នៅ​ម្ដុំ​ពេជ្រ​និល​កាល​ពី​ពេល​កន្លង​ទៅ​នោះ លោក​​នៅ​ស្នាដៃ​ខ្សែភាពយន្ត​មួយ​​ទៀត​មិន​ទាន់​សម្ពោធ។

 

វណ្ណ មករា​ នៅ​​​សល់​ស្នាដៃ​រឿង​​ធំមួយ​​ទៀត​មិន​ទាន់​សម្ពោធ

 

ខ្សែភាពយន្ត​មួយ​នោះ​ មាន​ចំណង​ជើង​ថា​រឿង “ដៃគូ​កំចាត់​ខ្មោច” ដែល​ជា​វណ្ណកម្ម​របស់​ផលិតកម្ម​ BKS។ រឿង​មួយ​នេះ​ បាន​ថត​ជិត​រួច​រាល់​​ហើយ ដោយ​មាន​តារា​សម្ដែង​ជា​ច្រើន​បាន​ចូល​រួម​សម្ដែង​​ដូច​ជា ​តារា​ទឹក​ភ្នែក នី មុន្នីនាថ លោក ប៉ែន ចំរ៉ុង កញ្ញា ពៅ លីដា លោក វណ្ណ មករា ព្រម​ទាំង​តារា​កំប្លែង​ល្បី​ឈ្មោះ​ដូច​ជា​នាយ គ្រឿន អ្នក​នាង ខ្ញុង និង ​អ្នក​មាន​ទេព​កោសល្យ​សមត្ថភាព​ផ្សេង​ទៀត។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ឈុន សុវណ្ណភក្ដី ម្ចាស់​ផលិតកម្ម​ BKS រឿង “ដៃគូ​កំចាត់​ខ្មោច”  លោក វណ្ណ មករា បាន​ដើរ​តួ​ជា​បង​ធំ​ក្នុង​ភូមិ ប៉ុន្តែ​មាន​ចិត្ត​ល្អ​ចេះ​យកអាសា​គេ​​ឯង ប្រជាជន​ក្នុង​ភូមិ​ស្រលាញ់​រាប់​អាន។ក្នុង​រយៈ​ពេល​ជិត១ខែ​ដែល​ផលិតកម្ម​ចេញ​ថត លោក វណ្ណ មករា មាន​​ប្លង់​ថត៤ថ្ងៃ ហើយ​លោក​គឺ​ជា​តួ​សំខាន់​ម្នាក់​នៅ​ក្នុង​សាច់​រឿង​នេះ​តែ​ម្ដង។  រយៈ​ពេល​នៃ​ការ​ថត៤ថ្ងៃ​របស់​វណ្ណ មករា បាន​តម្លៃ​ខ្លួន​២៥០ដុល្លារ។

 

វណ្ណ មករា​ នៅ​​​សល់​ស្នាដៃ​រឿង​​ធំមួយ​​ទៀត​មិន​ទាន់​សម្ពោធ

 

ចាងហ្វាង​ផលិតកម្ម​រូប​នេះ បាន​រំលឹក​​ឡើង​វិញ​ថា អតីត​តារា​ចម្រៀង​វណ្ណ មករា គឺ​ជា​តួអង្គ​ម្នាក់​​មាន​អត្តចរិត​រួសរាយ​រាក់ទាក់ គោរព​ពេល​វេលា​ ហើយ​​​​សម្ដែង​បាន​ល្អ​ខ្លាំង​ណាស់។ ​

 

ចង់​​គាំទ្រ​លោក វណ្ណ មករា សូម​កុំភ្លេច​ខ្សែភាពយន្ត​មួយ​នេះ​ គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៧ ខែ មិនា ឆ្នាំ ២០១៦ ខាង​មុខ​ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី ភ្នំពេញ និង ​ខេត្តសៀមរាប៕

 

អត្ថបទ៖ ខុត សីហា