នគរបាល​​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​ក្រុមមនុស្ស​សម្លាប់​អ្នក​កាសែត

ព្រះ​រាជ​អាជ្ញាខេត្ត​​​កំពង់ស​​​្ពឺ​​​បាន​​​បង្គាប់​​​ឲ្យ​​​នគរ​​​បាល​​​ស៊ើប​អង្កេត​​​ការ​​​ស្លាប់​​​អ្នក​​​យក​​​ព័ត៌​មាន​​​​​កាសែត​​​ក្នុង​​​ស្រុក​​​ម្នាក់​​​ឡើង​​​វិញ​​​ ដែល​​​ត្រូវ​​​បាន​​​​​​ក្រុ​​​ម​​​មនុស្ស​​​មាន​កំហឹង​ព្រួត​វាយ​​​​រហូត​​​ដល់​​​ស្លាប់​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ខណៈ​​​ដែល​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ និង​​​ចាង​​​ហ្វាង​​​កាសែត​​​បាន​​​ដាក់​​​ការ​​​សង្ស័យ​​​ទៅ​​​លើ​​​ការ​​​បកស្រាយ​​​ហេតុការណ៍​​​​​​​​​ជា​ផ្លូវ​​​ការ​​​។

លោក ម៉េង ឈឿន អាយុ៣៧​​​ឆ្នាំ ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ឲ្យ​​​កាសែត​​​រស្មីព្រះវិហារ​ ​​ដែល​​​គេ​​​​មិនសូវ​​​ស្គាល់​​​​​​នៅ​​​ពេល​​​គាត់​​​ត្រូវ​​​បាន​​​សម្លាប់​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ដែលតាម ព័ត៌មានថា ​ដោយ​​សារ​គាត់​​​លួច​​​ម៉ូតូ​​​ហុង​​​ដា​​​ឌ្រីម​​​ពី​​​ក្រោម​​​ផ្ទះ​​​មួយ ហើយ​​​ត្រូវ​​​បាន​​​មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​៦០​​​នាក់​​​វាយ​​​សម្លាប់​​​ដោយ​​​ប្រើ​​​ដំបង​​​នៅក្នុង​​​ឃុំ​​​វាល ស្រុក​​​គង​​​ពិសី​​​ ។

ទោះជា​​​យ៉ាង​​​ណា​​​ ដោយ​​​មាន​​​ជំនួយ​​​ពី​ចាង​​​​​​ហ្វាង​​​កាសែត​​​នេះ និង​​​ក្រុម​​​ប្រឹក្សា​​​សារ​ព័ត៌មាន​​​​​​កម្ពុជា​​​ ប្រពន្ធ​​​លោក ម៉េង ឈឿន មាន​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​នៅ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ស្ពឺ និង​​​ក្រសួង​​​មហាផ្ទៃ ជំទាស់​​​នឹង​​​ការ​​​បក​​​ស្រាយ​​​ហេតុការណ៍​​​នេះ​​​។

​​យោង​​​តាម​​​លោក សោម បូរ៉ា ស្នង​​​ការ​​​រង​​​នគរ​​​បាលខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​​តុលាការ​​​បាន​​​បង្គាប់​​​ឲ្យអាជ្ញាធរ​​​សើុបអង្កេត​​​ករណី​​​នេះ​ឡើង​វិញ​​​​ហើយ​​​។

លោក​​​​ថ្លែង​​​ថា ”យើង​​​កំពុង​​​សើុប​​​​​​អង្កេត​​​ឡើង​វិញ​ករណី​​​សម្លាប់​​​ដោយ​ក្រុមម​នុស្ស​នេះ​​​​​” តែ​​​លោក​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​ពី​​មូលហេតុ​​​​ដែល​​​ជំរុញ​​​ឲ្យ​​​តុលាការ​​​ចេញ​​​សេច​ក្តី​​​​បង្គាប់​​​ឡើយ​​​។

អ្នកស្រី ហួត សុភ័ណ ប្រពន្ធ​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​មាន​​​ការ​​​សង្ស័យ​​​​​នៅ​​​ពេល​​​គាត់​​​ទទួល​​​​​​សព​​​ប្តីរបស់​​​គាត់​​​ពី​​​នគរ​​​បាល​​​ ហើយ​​​បាន​​​ឃើញ​​​ស្នាម​​​រយះ​​​បី​​​កន្លែង​​​ត្រង់​​​ក្បាល​​​ និង​​​ក​​​ ដែល​​​បង្ហាញ​​​ថា ជា​​​ស្នាម​​​មុខ​​​កាំបិត​​​ ជា​​​ជាង​​​ការ​​​វាយ​​​ដោយ​​​ដំបង​​​។

អ្នកស្រី សុភ័ណ ​បាន​និយាយ​​​ថា “ប្តី​​​របស់​​​ខ្ញុំ​ត្រូវ​បាន​កាប់​ចិញ្ច្រាំដោយ​កាំបិត​​​ផ្គាក់​​​ ឬ​ពូថៅ ប៉ុន្តែ នគរ​​​បាល​​​បាន​​​បង្ហាញ​​​​​​ខ្ញុំ​​​ដោយ​​​ដំបង​តែ​​​ប៉ុណ្ណោះ​​​”។

អ្នកស្រី​​​បាន​​​បន្ថែម​​​ថា “ប្តី​​​របស់​​​ខ្ញុំ​​​មាន​​​រថយន្ត​​​​​​តាកូម៉ា (Tacoma)មួយ​​​គ្រឿង​​​ និង​​​ទូរស័ព្ទ​​​ដៃ​​​បី​​​គ្រឿង​​​ រួម​​​ទាំង​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​មួយ​​​គ្រឿង​​​តម្លៃ​​​ ៥០០​​​ដុល្លារ​​​។ ខ្ញុំ​​​មិន​​​ជឿ​​​ថា ប្តី​​​របស់​​​ខ្ញុំ​​​ជា​​​ចោរ​​​ទេ​​​”។

លោក សុខ សុវណ្ណ ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​សារព័ត៌មាន​​​កម្ពុជា​​​ និង​​​លោក ឃុន ឌីម ចាង​​​ហ្វាង​​​កាសែត​​​រស្មី​​​ព្រះ​វិហារ ​​​មាន​​​ប្រសាសន៍​​​ថា ពួកគាត់​​​​​​បាន​​​សើុប​​​អង្កេត​​​ហេតុ​​​ការណ៍​ជុំវិញ​​​ការ​​​សម្លាប់​​​នេះ​​​ ហើយ​​​នឹង​ជួយ​​​​​​អ្នក​​​ស្រី ​សុភ័ណ ក្នុង​​​រឿង​​​នេះ។

លោក​​​ ឃុន ឌីម បាន​​​មាន​​​ប្រសាសន៍​​​ថា ​”យើង​​​បាន​​​សម្ភាសអ្នក​​​ភូមិ​​​ពី​​​ភូម​​ិ​​​មួយ​​​ទៅភូមិ​​​មួយ រួម​​​ទាំង​​​នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​ផង​​​ដែរ ហើយ​​​ពួក​​​គាត់​​​​និយាយ​​​ថា ពួក​​​គាត់​​​​ឮ​​​ត្រឹម​​​តែ​​​ថា អ្នក​​​ភូមិ​​​ស្រែក​​​ថា ចោរ​​​!ចោរ! ប៉ុណ្ណោះ ប៉ុន្តែ ការ​​​ពិត​​​គ្មាន​​​អ្នក​​​ភូមិ​​​ណានិយាយ​​​ថា ពួក​​​គាត់​​​​បាន​​​ឃើញ​​​​​​ជន​​​រង​​​គ្រោះ​​​ស្លាប់​​​ទេ​​​”។

យោង​​​តាម​​​ចាង​​​ហ្វាង​​​រូប​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាសែត​​​រស្មីព្រះវិហារ​​​បោ​​​ះ​​​ពុម្ព​​​តែមួយ​ដង​ប៉ុណ្ណោះ​ក្នុង​​​មួយ​​​ខែ​​​ ហើយ​​​បាន​​​ផ្តោតតែ​​​​ទៅ​​​លើ​​​រឿង​​​ពាក់​​​ព័ន្ធ​​​ល្បែង​​​ស៊ីសង​​​​​​ និង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។

លោក​​​ ម៉េង ឈឿន បាន​​​ក្លាយ​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​ទីនោះ​ប្រហែល​​​៣​​​ឆ្នាំ​​​មក​​​ហើយ ​បន្ទាប់​​​ពី​​​​​​ពី​​​មុន​​​ធ្វើ​​​ជា​​​អ្នក​​​បើ​​​ករថយន្ត​​​ទួរីស​​​​​​ដឹក​​​ស្ត្រី​​​​​​ផ្សព្វ​ផ្សាយ​​​​ស្រាបៀរ​​​ទៅ​​​កន្លែង​​​ផឹក​​​ស៊ី​​​នានា៕សារុន​​​

 

The post នគរបាល​​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​ក្រុមមនុស្ស​សម្លាប់​អ្នក​កាសែត appeared first on ខេមបូឌា ដេលី.