ករណី​នាយទាហាន​បាញ់បោះ​សេរី នៅ​សៀមរាប ឃុំខ្លួន​អ្នកប្រព្រឹត្ត​

​សៀមរាប: ករណី​នាយទាហាន​ពីររូប ដែល​កងរាជអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី បាញ់បោះ​សេរី ក្នុង​ហាង​ខារ៉ាអូខេ មួយកន្លែង ក្នុង​ក្រុង​សៀមរាប​នោះ ជនដៃដល់​ម្នាក់ បាន​ត្រូវ​តុលា​ការសំរេច​ឃុំខ្លួន​។ រីឯ​នាយទាហាន​ម្នាក់ទៀត ត្រូវបាន​ដោះលែង ដោយ​មិន​ធ្វើការ​ចោទប្រកាន់​។  
​    ​
​ជនជាប់ចោទ ឈ្មោះ​គី ហាក់​ឡុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ឋា​ន្ត​ន​រស​ក្កិ ជា​វរសេនីយ៍ត្រី និង​មាន​មុខងារ​ជា ជំនួយការ​មណ្ឌល​៤ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦  បានចេញ​ដីកា ចោទប្រកាន់​ពីបទ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​ភ្ជាប់​ទៅនឹង​ជន​នោះ បាញ់បោះ​សេរី នៅក្នុង​ហាង​ខារ៉ាអូខេ​មួយ​។ ឈ្មោះ គី ហាក់​ឡុង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយឡែក ឈ្មោះ​តាន់ ហ៊ុយ​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ  ឋា​ន្ត​ន​រស​ក្កិ វរសេនីយ៍ត្រី មុខងារ​ជានា​យ​ស្នាក់ការ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​តំណាង​អយ្យការ សម្រេច​មិន​ឃុំខ្លួន ដោយសារ​គាត់​មិន​ពាក់ព័ន្ធ ក្នុងករណី​ខាងលើ​ទេ​។ ឈ្មោះ តាន់ ហ៊ុយ​ហួត មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។  
​    ​
​ក្រោយពី​តំណាង​អយ្យការ ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ជនជាប់ចោទ ឈ្មោះ គី ហាក់​ឡុង ត្រូវបាន​តំណាង​អយ្យការ បញ្ជូនទៅអោយ​កញ្ញា ជុំ សង្វារ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប បន្តទៀត​។​
​    
​នៅ​ល្ងាច​ថ្ងៃ​ដដែល កញ្ញា ជុំ សង្វារ បានសម្រេច ចេញ​ដីកាឃុំខ្លួន ហើយ​បញ្ជូនទៅ​ពន្ធនាគារ ខេត្តសៀមរាប ដើម្បី​ស៊ើបអង្កេត​បន្តទៀត​។​
​    ​
​កញ្ញា ជុំ សង្វារ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តសៀមរាប បាន​បញ្ជាក់ថា ជនជាប់ចោទ គី ហាក់​ឡុង ត្រូវបាន​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​រួចហើយ ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដើម្បី​រង់ចាំ​ស៊ើបអង្កេត តាម​នីតិវិធី​បន្តទៀត​។​
​    ​
​ជនជាប់ចោទ​ឈ្មោះ គី ហាក់​ឡុង ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ និង​ឈ្មោះ តាន់ ហ៊ុយ ហួត ដែល​បាន​ដោះលែង ដោយ​មិន​ចោទប្រកាន់​នោះ ត្រូវបាន​ការិយាល័យសន្តិសុខ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​មណ្ឌល​៤ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​ពួកគេ បានធ្វើ​សកម្មភាព​បាញ់ បោះ​សេរី ក្នុង​ខារ៉ាអូខេ ហើយ​រត់គេចខ្លួន​ទៅ​ទីនោះ​។​
​    ​
​ការបាញ់បោះ​សេរី​នេះ ប្រព្រឹត្តឡើង កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី នៅ​ហាង​ខារ៉ាអូខេ HIDDEN PALACE បន្ទប់​លេខ​៧៧៧៧ ស្ថិតក្នុង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ការបាញ់បោះ​សេរី​នេះ គឺ​ឈ្មោះ គី ហាក់​ឡុង ជា​អ្នកបាញ់​ដោយ​ផ្ទាល់ដៃ នៅ​កាំភ្លើងខ្លី​របស់ខ្លួន គឺ​បាញ់​ភ្ជុ​ច​ទៅ​ជញ្ជាំង​មួយ​គ្រាប់ ដោយសារ​រឿង​ទំនាស់​គ្នា ជាមួយ​មិត្ត​ភ័ក្ត្រ​ក្នុង​វង់​ផឹកស៊ី​។ ប៉ុន្តែ​ប្រភព​មួយ បាន​បញ្ជាក់ថា ការបាញ់បោះ​នេះ គឺ​បណ្តាលមកពី​រឿង ស្រី​នៅក្នុង​ខារ៉ាអូខេ​។​
​    ​
​សូមបញ្ជាក់ថា ឈ្មោះ គី ហាក់​ឡុង បាន​ប្រព្រឹត្ត ការបាញ់បោះ​សេរី ចំនួន​៣ លើក​រួចមកហើយ ប៉ុន្តែ​គេ​ចាំ​ថា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ គី ហាក់​ឡុង បាន​ប្រព្រឹត្ត​ការបាញ់បោះ​សេរី ម្តងទៀត ហើយ​ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ ហើយ​តុលាការ ក៏បាន​ចោទប្រកាន់ ពីបទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ចាប់ខ្លួនបាន ក៏​ប​ញ្ពូ​ន​ទៅ​តុលាការ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​
​    ​
​ប៉ុន្តែ​ក្រោយពី​បញ្ជូនទៅ​តុលាការ ក្រោយពេល​ចាប់ខ្លួន លើក​ទី​១​នោះ ក៏មាន​ការអន្តរាគមន៍​ពី​ថ្នាក់លើ ហើយ​ឈ្មោះ គី ហាក់​ឡុង ត្រូវបាន​ដោះលែង និង​ដាក់អោយ​ស្ថិត ក្រោម​ការតាមដាន តាមផ្លូវ​តុលាការ​។ ករណី​ចាប់ខ្លួន លើក​ទី​២​នេះ នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ឈ្មោះ គី ហាក់ ឡុង ដែល​បច្ចុប្បន្ន ក៏បាន​តាំង​ខ្លួនឯង ជា​ឧកញ៉ា ដ៏​មាន​ឥទ្ធិពល ក្នុង​ខេត្តសៀមរាប​ផង​នោះ គ្មាន​ការអន្តរាគមន៍ ពី​ថ្នាក់លើ​ទៀត​ទេ ប៉ុន្តែ​បើ​មានការ​អន្តរាគមន៍ ពី​ថ្នាក់លើ​ដូចពេលមុន ក៏​តុលាការ មិន​ដោះលែង​ទៀត​ដែរ​៕V/S

ករណី​នាយទាហាន​បាញ់បោះ​សេរី នៅ​សៀមរាប ឃុំខ្លួន​អ្នកប្រព្រឹត្ត​

ករណី​នាយទាហាន​បាញ់បោះ​សេរី នៅ​សៀមរាប ឃុំខ្លួន​អ្នកប្រព្រឹត្ត​

ករណី​នាយទាហាន​បាញ់បោះ​សេរី នៅ​សៀមរាប ឃុំខ្លួន​អ្នកប្រព្រឹត្ត​

ជនជាប់ចោទ​ឈ្មោះ គី ហាក់​ឡុង ពេល​ចាប់ខ្លួន​លើក​ទី​១​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៤ និង​ការចាប់ខ្លួន​លើក​ទី​២​នៅ​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៦(រូបៈ ច័ន្ទគារ)