ក្រុមហ៊ុន​បញ្ជា​ទិញ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​នៅ​រោងចក្រ​ស្ដារឡៃថ៍

សហជីព​កម្មករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​កម្មករ​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ថា មាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​យក​ចិត្ត​ទុកដាក់​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​រោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) ដែល​ឋិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​ថា ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ធំ​មួយ​របស់​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន​ម៉ាក ធីមបើឡេន (Timberland) រៀបចំ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​កម្មករ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា បង្ក​ដោយ​ក្រុម​សន្តិសុខ​រោងចក្រ។

សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​អោយ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​អោយ​បើក​ការ​ស៊ើបអង្កេត​រក​អោយ​ឃើញ​ពី​មូលហេតុ​នាំ​អោយ​មាន​ការ​តវ៉ា​របស់​កម្មករ​បន្ថែម​ពី​លើ​ការ​ស្វែង​រក​អ្នក​ដែល​វាយ​ក្រុម​កម្មករ​តវ៉ា។

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី​ភាព​ការងារ​កម្ពុជា លោក សៀង ឫទ្ធី ដែល​មាន​សហជីព​មូលដ្ឋាន​ក្នុង​រោងចក្រ​ស្ដារឡៃថ៍ អឹភែរិល នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល មាន​ប្រសាសន៍​ថា អន្តរាគមន៍​របស់​ក្រុមហ៊ុន​បញ្ជាទិញ​បែប​នេះ នឹង​ជួយ​រក​យុត្តិធម៌​ដល់​កម្មករ​រងគ្រោះ៖ «»។

កម្មករ​ប្រមាណ ១​ពាន់​នាក់​នៃ​រោងចក្រ​ស្ដារឡៃថ៍ អឹភែរិល បាន​ឈរ​តវ៉ា​នៅ​មុខ​រោងចក្រ​នៅ​ក្នុង​ភូមិ​សេដា ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១៨​ចំណុច​រយៈពេល ៨​ថ្ងៃ​ទៅ​ហើយ ប៉ុន្តែ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ បែរ​ជា​ត្រូវ​មនុស្ស​មួយ​ក្រុម​មាន​ចំនួន​ប្រមាណ ៤០​នាក់​វាយ​កាប់​ចាក់​មន្ត្រី​សហជីព និង​កម្មករ បណ្ដាល​ឲ្យ​រង​របួស​ស្រាល ៨​នាក់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

ក្រុម​សហជីព​ចោទ​ប្រកាន់​ថា ក្នុង​ចំណោម​អ្នក​ដែល​វាយ​ដំ​ និង​កាប់​ចាក់​លើ​អ្នក​តវ៉ា​នោះ​មាន​ទាំង​ក្រុម​សន្តិសុខ​រោងចក្រ អ្នក​បើ​កឡាន និង​អ្នក​ដែល​គេ​ស្គាល់​ថា មាន​ទំនាក់ទំនង​នឹង​អ្នក​គ្រប់គ្រង​រោងចក្រ។

ទាក់ទិន​ករណី​នេះ​ដែរ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ថា ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្បីៗ​មួយ​ចំនួន ដែល​ទិញ​ផលិតផល​ពី​រោងចក្រ ស្ដារឡៃថ៍ អឹភែរិល គឺ​ក្រុមហ៊ុន ធីមបើឡេន បាន​អះអាង​ថា បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត និង​ជូន​ដំណឹង​នេះ​ទៅ​អ្នក​គ្រប់គ្រង​រោងចក្រ​រួច​ហើយ​ដែរ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​រោងចក្រ​ស្ដារឡៃថ៍ អឹភែរិល បាន​នៅ​ឡើយ​ទេ កាល​ពី​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​គួរ​ត្រូវ​ធ្វើ​ដើម្បី​ពិនិត្យ​ការ​អនុវត្ត​ការងារ​របស់​ភាគី​រោងចក្រ និង​មូលហេតុ​នៃ​ការ​បង្ក​ហិង្សា​នៅ​ក្នុង​ពេល​កម្មករ​តវ៉ា៖ «»។

មិន​ខុសគ្នា​នេះ​ដែរ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព ការងារ​អន្តរជាតិ ហៅ​កាត់​ថា អេស៊ីល (ACILS) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​ច្បាស់លាស់​មួយ​នឹង​ជួយ​កែប្រែ​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ៖ «»។

ចំពោះ​សំណុំ​រឿង​នេះ សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​កំពុង​ប្រមូល​ភស្តុតាង​នានា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ភាគី​ពាក់ព័ន្ធ និង​ជំហាន​បន្ទាប់​នឹង​ដាក់​ទៅ​បណ្ដា​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន​ដែល​ទិញ​ផលិតផល​ពី​រោងចក្រ​ស្ដារឡៃថ៍ អឹភែរិល។

លក្ខខណ្ឌ​ការងារ ១៨​ចំណុច ដែល​ក្រុម​កម្មករ​បាន​ទាមទារ​គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​មន្ត្រី​សហជីព និង​កម្មករ ចូល​ធ្វើ​ការ​ធម្មតា​វិញ បញ្ឈប់​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​កម្មករ និង​ឈប់​ប្រើ​កម្មករ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ពលកម្ម បើក​ប្រាក់​ខែ​សមាមាត្រ​ចំនួន ៣​ខែ​ឲ្យ​កម្មការិនី​សម្រាល​កូន និង​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។