ប្រធានសភា ពាណិជ្ជកម្ម អឺរ៉ុបចង់បង្កើត ទំនាក់ទំនងសិ្នទ្ធស្នាល ជាមួយសភា ពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ប្រធានគណៈប្រតិភូនៃសភា ពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មអឺរ៉ុប  បានបង្ហាញអំពីទស្សនវិស័យ និងយុទ្ធសាស្រ្តផ្សេងៗ ដើម្បីឲ្យមានកិច្ចសហការជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ឲ្យកាន់តែស៊ីចង្វាក់ជាមួយបរិយាកាស ពាណិជ្ជកម្មកម្ពុជា។

នេះការលើកឡើងនៅក្នុង ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងលោក អេម៉ានូអ៊ែល មែនណាន់ធឺ (Emmanuel MENANTEAU) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។

លោក អេម៉ានូអ៊ែល មែនណាន់ធឺ មានប្រសាសន៍ថា « សភាពាណិជ្ជកម្មអឺរ៉ុបទទួលបានការគាំទ្រពីប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដែលក្នុងរយៈពេល ២ឆ្នាំកន្លងមក យើងទទួលបានកញ្ចប់ថវិកាដើម្បីពង្រឹងនិងពង្រីក សភាពាណិជ្ជកម្មអឺរ៉ុប និងទំនាក់ទំនងសេដ្ឋកិច្ច រវាងសហគមន៍អឺរ៉ុបនិងកម្ពុជា»។

 ចំពោះគោលបំណងធំ របស់សភាពាណិជ្ជកម្មអឺរ៉ុប ត្រូវបានលោកបន្តថា គឺទាក់ទាញវិនិយោគិនពីអឺរ៉ុប ឲ្យមកបោះទុននៅស្រុកខ្មែរ ជាពិសេសខ្នាតតូចនិងមធ្យម របស់អឺរ៉ុប ហើយពង្រីកនិងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហគមន៍អឺរ៉ុបនិងកម្ពុជា និងជួយសម្រួលដល់ការភ្ជាប់បណ្តាញ រវាងបណ្តាក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនកម្ពុជារបស់ខ្មែរផងដែរ។

លោកក៏បានលើកឡើងទៀតថា ដើម្បីសម្រេចគោលការណ៍នេះ ត្រូវមានសកម្មភាព សំខាន់៣គឺ១-សេវាកម្មធុរកិច្ចសមាជិសភាពាណិជ្ជកម្មអឺរ៉ុប , ២-ការទាក់ទាញអ្នក វិនិយោគទុនពីអឺរ៉ុបមកបោះទុននៅកម្ពុជា និងទី៣-ទំនាក់ទំនងសិ្នតស្នាល រវាងសភាពាណិជ្ជកម្មនិងរាជរដ្ឋាភិបាល។

ចំណែក លោក រដ្ឋមន្រ្តី អ៊ិត សំហេង មានប្រសាសន៍ថា វិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជា ផ្នែកមួយដ៏សំខាន់នៅក្នុងការវិនិយោគ ក៏ដូចជាការធ្វើ ពាណិជ្ជកម្មលើវិស័យនេះ។

លោកបញ្ជាក់ថា« ក្រសួងការងារ ក៏កំពុងតែបង្កើនប្រសិទ្ធិភាពការងារនៃការ អនុវត្តច្បាប់ការងារ ក្នុងនោះយើងមានប្រព័ន្ធ អធិការកិច្ចថ្មីរបស់យើងទើបតែ ជម្រុញឲ្យមានជាប់ជាប្រចាំ។ តាមរយៈនេះ គឺការបង្កើនច្បាប់និងលក្ខខណ្ឌផ្សេងៗ គឺត្រូវតែធ្វើឲ្យស្របទៅតាមហ្នឹងដែរ»។

លោករដ្ឋមន្ត្រីបន្តថា ក្រុមការងារក្រសួងការងារ នឹងចែករំលែកឥរិយាបថ ទៅដល់ក្រុមហ៊ុន និងទៅ ដល់កម្មករផងដែរ ដែលនេះគឺជាទំនាក់ទំនងវិជ្ជាជីវៈ សុដុមនីយកម្មជាបញ្ហា សំខាន់នៅកម្ពុជា ហើយនឹងខិតខំឲ្យមានការគោរពច្បាប់ ដើម្បីកាត់បន្ថយនូវវិវាទការងារ៕

ប្រធានសភា ពាណិជ្ជកម្ម អឺរ៉ុបចង់បង្កើត ទំនាក់ទំនងសិ្នទ្ធស្នាល ជាមួយសភា ពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា

ប្រធានសភា ពាណិជ្ជកម្ម អឺរ៉ុបចង់បង្កើត ទំនាក់ទំនងសិ្នទ្ធស្នាល ជាមួយសភា ពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា