អ៊ីហ្ស៊ីខម អះអាងថា សេវាអ៊ីនធឺណិត នឹងគាំទ្រដល់ សមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន

ភ្នំពេញ៖ ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ដើម្បីទាក់ទាញអាជីវកម្ម និងការធ្វើពាណិជ្ជកម្មបន្ថែម សម្រាប់ការធ្វើសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅក្នុង ឆ្នាំនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ឈានមុខគេនៅកម្ពុជា អ៊ីហ្ស៊ីខម ក៏នឹងធ្វើឲ្យប្រាកដថា សេវាកម្ម និងបច្ចេកវិទ្យារបស់ខ្លួន មានការរីកចំរើនស្របតាមការ កើនឡើងនៃអាជីរកម្ម និងពាណិជ្ជកម្ម ក្នុង ប្រទេស ។

ថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ហែម សុវត្ថិ អគ្គនាយករង ក្រុមហ៊ុន អ៊ីហ្ស៊ីខម ថ្លែងថា “វាច្បាស់ណាស់ថា សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងកើតមាន ហើយការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនង នឹងកើនឡើងដូចគ្នា ។ សហគមន៍ពាណិជ្ជកម្ម នឹងប្រើប្រាស់ប្រព័ន្ធនេះដើម្បីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងទំនាក់ទំនង ទៅកាន់ប្រទេសផ្សេងៗ ។ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាអ៊ីនធឺណិត ដែលមានល្បឿនលឿន និងប្រសិទ្ធភាពបំផុតជូនដល់ពួកគេ” ។

លោក ហែម សុវត្ថិ បញ្ជាក់ផងដែរថា កម្ពុជា ជាប្រទេសដ៏ប្រសើរមួយសម្រាប់ការធ្វើអាជីវកម្ម ហើយជាមួយនឹងដំណើរការឆ្ពោះទៅមុខនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ នឹងទាក់ទាញ អ្នកវិនិយោគថែមទៀតមកកាន់ប្រទេសកម្ពុជា។ ដូច្នេះ វានឹងធ្វើឲ្យមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានវិទ្យា ។

គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺការបង្កើតឲ្យមានទីផ្សារប្រកួតប្រជែងតែមួយ ក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ កាលពីឆ្នាំមុន សហគមន៍សេដ្ឋកិច្ច  អាស៊ាន បានអនុម័តផែនការសម្រាប់ឆ្នាំ ២០២៥ ដើម្បីប្រាកដថាបណ្តា ប្រទេសទាំងនោះ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការធ្វើសមាហរណកម្មនេះ ។

ក្នុងឆ្នាំកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បណ្តាក្រុមហ៊ុននានាបានអនុវត្ត ការងារចាំបាច់រួចហើយ ដើម្បីប្រាកដថាប្រទេសកម្ពុជានៅតែរក្សាបានទីផ្សារប្រកួតប្រជែង ។ យោងតាមតួលេខចុងក្រោយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រទេសកម្ពុជាមានអ្នក ប្រើប្រាស់អ៊ីនធឺណិតចំនួន ៦,២លាននាក់ ក្នុងនោះអ្នកប្រើប្រាស់អ៊ីនធឺណិតប្រើខ្សែមានចំនួន ៧៧.៣០០នាក់ ។

លោក ហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងថា “យើងបានត្រៀមខ្លួនរួចហើយ សម្រាប់ការជួយដល់ក្រុមហ៊ុនមួយចំនួនដែលមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយយើង ក៏បានអនុវត្តការងារមួយចំនួនហើយដែរ ដើម្បីប្រាកដថាប្រទេសកម្ពុជានៅតែរក្សាបានទីផ្សារ               ប្រកួតប្រជែង ដែលមានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិជ្ជា ព័ត៌មានវិទ្យា ដ៏រឹងមាំមួយ ។”

យោងតាមក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ហើយបានប្រែក្លាយជាក្រុម ហ៊ុន ផ្តល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើង ២០% ជារៀងរាល់     ឆ្នាំ ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចហើយ សម្រាប់ការហូរចូលសមស្របណាមួយ ពីការធ្វើ សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ៕