នាយករដ្ឋមន្រ្តី បកស្រាយ ទៅអ្នកវិភាគឯករាជ្យថា កម្ពុជាគ្មានភាព ចាំបាច់ទៅលួង លោមចិនទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា កម្ពុជាគ្មានភាពចាំបាច់ ឬប្រញាប់ប្រញាល់ ទៅបកស្រាយឲ្យចិន ស្តាប់ពីដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃើរី មកកម្ពុជានោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតនៅសកលវិទ្យាល័យជាតិ គ្រប់គ្រងនៅព្រឹកថ្ងៃទី៥ កុម្ភៈ ថា “ក្នុងប៉ុន្មានថ្ងៃនេះ មានការអធិប្បាយថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានទៅទីក្រុងប៉េកាំង ប្រទេសចិន យ៉ាងប្រញាប់ប្រញាល ហាក់បីដូចជា ទៅលួងលោមចិនកុំឲ្យខឹង ដោយសារតែរដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃើរីមក កាន់ទីក្រុងភ្នំពេញ ហើយបន្តិចទៀត លោក ហ៊ុន សែន នឹងទៅប្រជុំរដ្ឋមន្រ្តីអាមេរិកនិងអាស៊ាន។ ខ្ញុំសូមបញ្ជាក់ថា នយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា មិនតម្រូវឲ្យសុំ យោបល់ ពីអ្នកណាទាំងអស់។ រឿងនេះ គឺជារឿងដែលខ្ញុំធ្លាប់ជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីអាយុ២៧ឆ្នាំមកម្ល៉េះ តាំងតែពីអ្នកខ្លះ តាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យខ្លះនៅរត់លេង ស្រាតខោនៅឡើយ”។

សម្តេចបន្តថា បើកម្ពុជាគ្មាននយោបាយការបរទេសឯករាជ្យមួយទេ គឺកម្ពុជាមិនអាចគេចចេញផុត ពីអន្លូងគ្រោះថ្នាក់នៃស្រមោលអន្តកាលបានឡើយ។

សម្តេចថា នយោបាយឈ្នះឈ្នះនេះ គឺជានយោបាយដាច់ដោយឡែក ដែលគ្មានអ្នកណាម្នាក់ ធ្វើបានឡើយ។ អ៊ុន តាក់មិនអាចចូលប៉ៃលិនបាន ប៉ុន្តែសម្តេច អាចចូលបាន ហើយ អ៊ុន តាក់ខ្លាចខ្មែរក្រហម។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា គ្មានការងារចាំបាច់ដែលសម្តេច ត្រូវរាយការណ៍ទៅឲ្យចិនពីការងារ ជាមួយអាមេរិក  ឬរាយការណ៍ឲ្យអាមេរិកពីការងារជាមួយចិននោះទេ ហើយមានតែខ្មែរ មួយនោះទេ ដែលមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង។

សម្តេចអះអាងថា ក្នុងជំនួបពិភាក្សាជាមួយចន ឃើរី កាលពីអំឡុងមកទស្សនកិច្ចកម្ពុជា សម្តេចតេជោ បានប្រាប់ទៅចន ឃើរីថា កម្ពុជាអត់មានភាពចាំបាច់ទៅរើសប្រទេស មួយណា នោះដែរ ព្រោះកម្ពុជាត្រូវការធ្វើជាមិត្តភ័ក្តជាមួយគ្រប់ប្រទេសក្នុងពិភពលោក៕