ចាំមើល​នាយប៉ុស្តិ៍​នគរបាល​និង​អធិការនគរបាល​ណាខ្លះ ដែល​ត្រូវ​លោក ជួន សុវណ្ណ ដកតំណែង​?

ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដែល​ប្រព្រឹត្តទៅ​នៅ​សាលា​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា​លោ​កមេ​ប៉ុស្តិ៍​និង​អធិការនគរបាល ត្រូវ​ប្រឈម​នឹង​ការដកតំណែង​ចោល​បើ​មិន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​នគរបាល​ថ្នាក់លើ​មក​បង្ក្រាប​បទល្មើស​នេះ​ជំនួស​បាន​ចំនួន​២​លើក​។ លោក ជួន សុវណ្ណ បាន​ព្រមាន​ថា ចំពោះ​មេ​បុ​ស្តិ៍​និង​អធិការនគរបាល​ទូទាំង​រាជធានី ត្រូវតែ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​ពុំ​នោះទេ​គឺ​ត្រូវ​ប្រឈម​នឹង​ការដកតំណែង​។

​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ជួន សុវណ្ណ បាន​បញ្ជាក់ថា ប្រសិនបើ​ថ្នាក់​អធិការ​ចុះទៅ​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​មេ​ប៉ុស្តិ៍​ណាមួយ​ចាប់ពី​២​ដង​ឡើងទៅ គឺ​ត្រូវតែ​ដក​មេ​ប៉ុស្តិ៍​ចេញ​ជា​ស្វ័យប្រវត្តិ ហើយ​ប្រសិនបើ​ខាង​ស្នងការដ្ឋាន​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ដែនដី​អធិការ​ណាមួយ​ចាប់ពី​២​ដង​ឡើងទៅ គឺ​អធិការ​រូបនោះ​នឹងត្រូវ​ដកចេញ​ពី​តំណែង​ភ្លាម​។ ប៉ុន្តែ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ពុំមាន​ជំនឿ​លើ​ការព្រមាន​របស់លោក ជួន សុវណ្ណ នោះទេ​ហើយ​ថា គ្រប់​បញ្ហា​ដែល​កើតឡើង​លោក ជួន សុវណ្ណ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ប្រសិនបើ​លោក ជួន សុវណ្ណ មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​របស់ខ្លួន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​នោះ គឺ​មិនមាន​បញ្ហា​អសន្តិសុខ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​សព្វថ្ងៃ​នេះឡើយ​។

ក្រោយ​ការព្រមាន​របស់លោក ជួន សុវណ្ណ ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​រង់ចាំ​មើលថា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ តើ​មេ​ប៉ុស្តិ៍នគរបាល​សង្កាត់​ណាខ្លះ និង​អធិការនគរបាល​ខណ្ឌ​ណាខ្លះ ត្រូវ​ដកហូត​តំណែង​ដោយសារ​ភាព​អសកម្ម​របស់​ពួកគេ​។ មានការ​កត់សម្គាល់​ពី​ប្រជាពលរដ្ឋ​ថា អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាដើម មិនសូវ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ជាពិសេស​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គឺ​ល្មម​ដល់ពេល​លោក ជួន សុវណ្ណ ដកហូត​តំណែង​នាយប៉ុស្តិ៍​សង្កាត់​ទឹកថ្លា និង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​ហើយ​។ លើស​នេះ​ទៅទៀត​លោក ជួន សុវណ្ណ ខ្លួនឯង​គួរ​មានការ​ទទួលខុសត្រូវ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ហើយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ​៕

chounsovan-305លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ