លើកកម្ពស់​ក្រមសីលធម៌​វិជ្ជា​ជិ​វៈ​គ្រូពេទ្យ​គួរ​ផ្ដើមចេញពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​

ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅនេះ ការវាយប្រហារ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​នៅតាម​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ​នានា បានកើត​ឡើងជា​បន្តបន្ទាប់ ព្រោះ​គ្រូពេទ្យ​ភាគច្រើន​លើសលប់​មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ទេ​។ ក្រមសីលធម៌​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) និង​មន្ទីរពេទ្យ​រដ្ឋ​តាម​បណ្ដា​ខេត្ត​មួយចំនួន ត្រូវ​ប្រឈម​នឹង​ការ​វាយតម្លៃថា មាន​សភាព​អាក្រក់​បំផុត​។ បញ្ហា​នេះ​ក្រសួងសុខាភិបាល​ដែលមាន​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​ដែលមាន​លោក ធា គ្រុយ ជា​ប្រធាន គួរ​គិតគូរ​ចាត់វិធានការ​លើ​គ្រូពេទ្យ​ទាំងនោះ​ជាបន្ទាន់​។

​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បាន​សំណូមពរ​ដល់​ក្រុមគ្រូពេទ្យ​ឲ្យ​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នកជំងឺ​និង​មហាជន​រិះគន់​។ ការលើកឡើង​របស់លោក ធា គ្រុយ បែបនេះ​បានកើត​ឡើង​ក្នុងពេលដែល​រូបលោក​ចូលរួម​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​ខេត្តឧត្ដរមានជ័យ​។ នៅក្នុង​ឱកាស​នោះដែរ​លោក ធា គ្រុយ បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​កំពុង​ទទួលរង​នូវ​ការរិះគន់​យ៉ា់ងខ្លាំង​ពី​មហាជន​ក៏ដូចជា​អ្នកជំងឺ​ទៅលើ​បញ្ហា​ក្រមសីលធម៌​ក្នុង​ការបំពេញ​វិជ្ជាជីវៈ​។ លោក​បាន​សំណូមពរ​ដល់​គ្រូពេទ្យ​ត្រូវ​លើកកម្ពស់​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ឲ្យ​បានជា​ប្រចាំ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មតិ​មហាជន ក៏ដូចជា​អ្នកជំងឺ​មានការ​រិះគន់​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ អ្នកតាមដាន​ស្ថានភាព​វិស័យ​សុខាភិបាល​បាន​លើកឡើងថា ប្រសិនបើ​ចង់​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ គួរ​ចាប់ផ្ដើម​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មុនគេ​។ ដោយហេតុថា​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ច្រើន​ឆ្នាំ​កន្លងទៅនេះ លោក ម៉ម ប៊ុនហេង មិនបាន​យកចិត្តទុកដាក់​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ឲ្យ​បាន​ប្រសើ​នោះទេ ផ្ទុយទៅវិញ​លោក ម៉ម ប៊ុនហេង គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម គ្រួសារនិយម ហើយ​បណ្ដោយ​ឲ្យ​ប្រពន្ធ​លូកដៃ​ចូល​កិច្ចការ​របស់ខ្លួន​ទៀតផង​។ ជាមួយគ្នានេះ​ក្រុមអ្នកតាមដាន​ស្ថានភាព​វិស័យ​សុខាភិបាល​បានបញ្ជាក់​ទៀតថា អ្នក​ដែល​ធ្លាប់មាន​បងប្អូន​សាច់ញាតិ​កូនចៅ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ជាដើម គឺអាច​វាយតម្លៃ​បាន​យ៉ាងច្បាស់​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​។ ហេតុនេះហើយ​ទើប​ពេលខ្លះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ជំងឺ​មិន​ហ៊ាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទេ សុខចិត្ត​ដេក​ឈឺ​ស្លាប់​នៅផ្ទះ​ព្រោះ​មិន​ពេញចិត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ភាគច្រើន​ដែល​គិតតែ​ផលប្រយោជន៍​ជាធំ​៕

M-mormbunheng_health_minister_150129_-vicheika--2015-02-25លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល