លោក ទា គឹម​សុទ្ធ មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​នៅ​ខេត្តសៀមរាប​ឈ្មោះ កេ​ន និង​ឈ្មោះ ហាក់​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តសៀមរាប​បាន​បង្ហើប​អោយដឹងថា ឈ្មួញ​ឈើ​ឈ្មោះ កេ​ន និង​ឈ្មោះ ហាក់ ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដឹកឈើ​ចេញពី​តំបន់​ខ្វាវ ចូល​ក្រុង​សៀមរាប  តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​រលូន រីឯ​សមត្ថកិច្ច​ជំនាញ​មិន​យក​ភ្នែក​មើល ឬ​បង្ក្រាប​ទប់ស្កាត់​នោះ​ទ្បើ​យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​ខាងលើនេះ​បាន​សរ​បញ្ជាក់ថា លោក ទា គឹម​សុទ្ធ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​សៀមរាប​មិនមាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ហើយ​ថែមទាំង​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាមួយ​ឈ្មួញ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​បច្ចុប្បន្ន​មាន​ឈ្មួញ​ឈើ​ល្បីឈ្មោះ​មួយ​ក្តាប់​តូច ពិសេស​ឈ្មោះ កេ​ន ឈ្មោះ ហាក់ និង​ឈ្មោះ ចែ​ថា កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ឈើ​សុ​ក្រំ និង​ឈើ​គគីរ យ៉ាងសកម្ម​ចេញពី​តំបន់​ខ្វាវ ក្នុងស្រុក​ជីក្រែង យកមក​លក់​ឲ្យ​ឈ្មួញ​ធំៗ​នៅតាម​ដេប៉ូ​នៅ​ក្រុង​សៀមរាប ជាពិសេស​លក់​ឲ្យ​ថៅកែ​សណ្ឋាគារ ខ្នាត​ផ្កាយ​៥​មួយកន្លែង នេះ​បើ​យោងតាម​សកម្មជន​ព្រៃឈើ​នៅ​ខេត្តសៀមរាប​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​ឈ្មោះ កេ​ន មាន​រថយន្ត​កូរ៉េ​ច្នៃ​ទ្រុង​ឃ្លុប​១​គ្រឿង​សម្រាប់​ដឹក​បទល្មើស​ព្រៃឈើ ហើយ​ឈ្មួញ​ឈើ​ឈ្មោះ​ហាក់ មាន​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ម៉ាក​នីសា​ន់​១​គ្រឿង កាមរី​គូថ​ហើម​១​គ្រឿង និង​រថយន្ត​កូរ៉េ​១​គ្រឿង​ទៀត​។​

​កន្លងមក​លោក ទា គឹម​សុទ្ធ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​សៀមរាប​តែងតែ​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន និង​ថ្នាក់លើ​របស់ខ្លួន​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្តសៀមរាប​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ តែ​ឈ្មួញ​ឈើ​ភាគច្រើន​តែងតែបាន​បង្ហើ​ប​ថា​មន្ត្រី​ជំនាញ​សុទ្ធតែ​បានជា​ប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ ព្រោះ​បើ​មន្ត្រី​ជំនាញ​មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ ឈ្មួញ​ឈើ​ក៏​មិនអាច​ដឹកឈើ​ចូល​ក្រុង​សៀមរាប​បាន​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ដូច​សព្វថ្ងៃ​នេះដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹកឈើ​បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ចៅហ្វាយ​គាត់​បាន​បង់ប្រាក់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​រួចទៅហើយ ដូច្នេះ​រថយន្ត​ដឹកឈើ​អាច​ចូលដល់​ក្រុង​សៀមរាប​ដោយ​មិន​ខ្វល់ខ្វាយ​ចំពោះ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​។ ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ពិសេស​លោក ទា គឹម​សុទ្ធ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​សៀមរាប មាន​ភាព​ស្អាតស្អំ​ពិតមែន​នោះ រថយន្ត​ដឹកឈើ​ខុសច្បាប​ក៏​មិនអាច​បើក​ចូល​ក្រុង​សៀមរាប​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្មាន​ការបង្ក្រាប​បែបនេះ​ទេ​៕

545-2 wood