អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​អំពី​ការអភិវឌ្ឍ​សហគមន៍​ជាមួយ​ក្រុម​ជំនាញ​ញូ​វ​ហ្សេ​ឡែ​ន​

សៀមរាប: ​លោក ស៊ុំ ម៉ាប់ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឲ្យ​ក្រុម​ជំនាញ​៤​រូប ដឹកនាំ​ដោយ​លោក Tubbs Michle អ្នកជំនាញការ​នៃ​នាយកដ្ឋាន​អភិរក្ស​របស់​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ចូលជួប​ពិភាក្សា​អំពី​ការអភិវឌ្ឍ​សហគមន៍​នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ វត្តមាន​នៃ​អ្នកជំនាញ​ទាំង​៤​រូប​នៅពេលនេះ គឺធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ហៅ​កាត់​ថា ACHA ដែលជា​គម្រោង​សហការ​អាជ្ញាធរ​ជាតិ​អប្សរា​-​ញូ​វ​ហ្សេ​ឡែ​ន​។​

​ប្រធានបទ​នៃ​ជំនួប​ពិភាក្សា​នេះ គឺ​ផ្តោតទៅលើ ទី​១ ការងារ​អនុវត្ត​គម្រោង និង​បន្ត​ការរៀបចំ​ផែនការ​​អភិឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​រប​ស់​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។ ទី​២ និយាយ​អំពី​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​​ស្តីពី​ការពង្រឹង​សមត្ថភាព ដល់​មន្ត្រី​អនុវត្ត​គម្រោង​ផ្ទាល់ និង​មន្ត្រី​បុគ្គលិក​ពាក់ព័ន្ធ​មួយចំនួនទៀត​របស់​អជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុងជំនួប​នេះ លោក ស៊ុំ ម៉ាប់ រៀបរាប់ថា អាជ្ញាធរ​ជាតិ​អប្សរា​ពិតជា​រីករាយ និង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​របស់​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ដែលជា​ដៃគូ​អភិវឌ្ឍ​សហគមន៍​ដ៏​ល្អ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​បញ្ជាក់ថា គម្រោង​ACHA​នេះ​បាន​ដំណើរ​ដោយ​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​បេសកកម្ម​លើកតម្កើង​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ក៏ដូចជា​ការ​អប់​រំបេ​តិក​ភណ្ឌ​អង្គរ​ផងដែរ​។ តាមរយៈ​គម្រោង​នេះ ប្រជាពលរដ្ឋ​មាន​យល់ដឹង​និង​បាន​ចូលរួម​យ៉ាងច្រើន​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជាមួយគ្នានេះដែរ លោក​អគ្គនាយក​ក៏បាន​រៀបរាប់​អំពី​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​អភិរក្ស​ភ្ជាប់​គ្នា​នឹង​ការអភិវឌ្ឍ​សហគមន៍ ជាពិសេស គឺ​ការបង្កើត​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នូវ​ចំនួន​ខ្នង​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​ក៏បាន​សុំ​ឲ្យ​ឲ្យ​ប្រទេស​​ញូ​វ​ហ្សេ​ឡែ​ន​ពិចារណា លើ​ការជួយ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុង​ផ្នែក​ណាមួយ ដែល​អាចទៅរួច​។​

​ជាការ​ឆ្លើយតប ដើម្បី​ងាយស្រួល​ក្នុងការ​សម្រេចចិត្ត​ចូលរួម​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក Tubbs Michle នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ខាងមុខនេះ​ក្នុង​គោលបំណង​ពិនិត្យ​និង​វាយតម្លៃ​ស្ថានភាព​អភិវឌ្ឍន៍​ជាក់ស្តែង​នៅ​ទីនោះ​ជាមុន​។ លោក Tubbs Michle ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុម​របស់លោក​មក​ក​ម្ពុ​ជា​ពេលនេះ គឺ​ដើម្បី​សហការ​ជាមួយ​មន្ត្រី​​អនុវត្ត​គម្រោង សិក្សា​និង​កែលម្អ​ចំណុច​ខ្វះខាត​ផ្សេងៗ​។ ក្រុម​របស់លោក​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បុគ្គលិក ពាក់ព័ន្ធ​នឹង​ជំនាញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្រុម​របស់លោក​ក៏​នឹង​​សិក្សា​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ទៅវិញទៅមក ជាមួយ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ផងដែរ​៕​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​អំពី​ការអភិវឌ្ឍ​សហគមន៍​ជាមួយ​ក្រុម​ជំនាញ​ញូ​វ​ហ្សេ​ឡែ​ន​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​អំពី​ការអភិវឌ្ឍ​សហគមន៍​ជាមួយ​ក្រុម​ជំនាញ​ញូ​វ​ហ្សេ​ឡែ​ន​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​អំពី​ការអភិវឌ្ឍ​សហគមន៍​ជាមួយ​ក្រុម​ជំនាញ​ញូ​វ​ហ្សេ​ឡែ​ន​