លោក​ជា មុនី ស្នើ​អភិបាលខេត្ត​កំពង់ស្ពឺ​ជួយ​អន្តរាគមន៍​ដោះលែង​សមាជិក​ខ្លួន​២​នាក់​

ភ្នំពេញ:  លោក​ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើសុំ​អន្តរាគមន៍​ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ឲ្យ​មានការ​ដោះលែង​សមាជិក​របស់ខ្លួន​ចំនួន​២​នាក់ នៅ​រោងចក្រ សេរី​ហ្គា​ម៉ិ​ន ខូ​អិ​ល​ធី​ឌី ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
​    ​
លិខិត​របស់លោក​ជា មុនី បានដាក់​ជូន​អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
​    ​
សមាជិក​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តុលាការ​ឃុំខ្លួន​មានឈ្មោះ យ៉ុង លាភ ភេទ​ស្រី ជា​បុគ្គលិក​សមាជិក​សហជីព​សេរី​កម្មករ​និង​ឈ្មោះ ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​នៅ​រោងចក្រ សេរី​ហ្គា​ម៉ិ​ន ខូ​អិ​ល​ធី​ឌី​។​
​    ​
នៅក្នុង​លិខិត​របស់លោក​ជា មុនី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ បុគ្គលិក​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់ គឺ​កញ្ញា យ៉ុង លាភ និង​លោក​ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​នៅ​រោងចក្រ សេរី​ហ្គា​ម៉ិ​ន ខូ​អិ​ល​ធី​ឌី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្បែរ​រោងចក្រ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ធំ​ពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​និង​បទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ចូលរួម​ធ្វើ​កូដកក​ម្ម​ជាមួយ​កម្មករ​...​។​
​    ​
លោក​ជា មុនី បាន​លើកឡើងថា ការឃុំខ្លួន​កញ្ញា យ៉ុង លាភ និង​លោក​ទូច ស្រ៊ុន ដាក់ពន្ធនាគារ គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ក្រុមគ្រួសារ​អ្នក​ទាំងពីរ ពីព្រោះ​អ្នក​ទាំងពីរ​ខិតខំ​បំពេញការងារ​ទទួលបាន​ប្រាក់កម្រៃ​បន្តិចបន្តួច​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទាំងមូល​។​
​    ​
ចំពោះ​ការស្នើសុំ​របស់លោក​ជា មុនី នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​អភិបាលខេត្ត​កំពង់ស្ពឺ​នៅឡើយ​ទេ​៕​

លោក​ជា មុនី ស្នើ​អភិបាលខេត្ត​កំពង់ស្ពឺ​ជួយ​អន្តរាគមន៍​ដោះលែង​សមាជិក​ខ្លួន​២​នាក់​

លោក​ជា មុនី ស្នើ​អភិបាលខេត្ត​កំពង់ស្ពឺ​ជួយ​អន្តរាគមន៍​ដោះលែង​សមាជិក​ខ្លួន​២​នាក់​