ជប៉ុនធ្វើតេស្តប្រព័ន្ធ ប្រកាសអាសន្នជាតិ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបន្ដធ្វើតេស្ត នុយក្លេអ៊ែរ

តូក្យូ៖ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្ដើមសមយុទ្ធថ្នាក់ជាតិ លើប្រព័ន្ធដែលអាចប្រើប្រាស់ដើម្បីប្រកាសអាសន្នដល់អាជ្ញាធរក្នុងស្រុក នៅពេលកូរ៉េខាងជើងប្រតិបត្តិការគ្រាប់រ៉ុក្កែត ក្រោយក្រុងព្យុងយ៉ាងប្រកាសថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបនៅចុងខែកុម្ភៈនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយ និងអគ្គីភ័យ បានប្រើសេវាប្រឹក្សាសង្គ្រោះបន្ទាន់ ហៅថា (The J-Alert System) ដើម្បីបញ្ជូនសារទៅកាន់អាជ្ញាធរគ្រប់ខេត្ត ក្រុង ភូមិ ស្រុក នៅម៉ោង ១១ព្រឹកនេះ។

រដ្ឋាភិបាលជប៉ុន នឹងធ្វើសមយុទ្ធក្នុងខេត្តអូគីណាវ៉ា ដែលជាខេត្តមានសក្ដានុពលបំផុតសម្រាប់ប្រតិបត្តិការបាញ់មីស៊ីល របស់កូរ៉េខាងជើង នេះក្នុងន័យដើម្បីប្រមូលផ្ដុំព័ត៌មាន ហើយបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធប្រកាសអាសន្ន នឹងធ្វើការផ្ដល់ព័ត៌មានពីរដ្ឋាភិបាលកណ្ដាលទៅកាន់អាជ្ញាធរក្រុង ដើម្បីសម្របសម្រួលដល់ល្បឿនបញ្ជូនព័ត៌មាន និងសកម្មភាពផ្សេងទៀតក្នុងព្រឹត្តិការណ៍គ្រោះមហន្ដរាយ៕

ជប៉ុនធ្វើតេស្តប្រព័ន្ធ ប្រកាសអាសន្នជាតិ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបន្ដធ្វើតេស្ត នុយក្លេអ៊ែរ