លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ទទួលខុសត្រូវ​ធំជាងគេ​រឿង​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​និង​ផ្ទុក​សារធាតុ​គីមី​

​ថ្មីៗ​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​លោក​ប្រកាស​ប្រមូល​ទិញ​អង្ករ​ប្លា​ស្ទិ​ក​និង​ទឹក​ស៊ុប ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន​។ ការប្រកាស​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​កាំកុងត្រូល​តាម​ច្រកព្រំដែន ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ចូលមក​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក​ខ្មែរ​។ មានន័យថា ករណី​ឈ្មួញ​នាំចូល សាច់មាន់ សាច់គោ សាច់ជ្រូក ប្រហិត​ខូចគុណភាព និង​ទឹក​ស៊ុប​ជាដើម គឺជា​ការទទួលខុសត្រូវ​របស់​មន្ត្រី​កាំកុងត្រូល​តាម​ច្រកព្រំដែន​ទាំងស្រុង​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​លើកឡើងថា មន្ត្រី​កាំកុងត្រូល​ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​នៅតាម​ច្រកព្រំដែន​ពួកគេ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មាន​លាយ​សារធាតុ​គីមី​មក​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ​តែម្តង​។ ជាក់ស្តែង​កន្លងមក​មាន​សេចក្ដីរាយការណ៍​ថា នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែន​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង និង​ច្រក​អន្តរជាតិ​បាវិត​ជាដើម សមត្ថកិច្ច​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ បន្លែ​ផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និង​ប្រហិត ខូចគុណភាព​ទឹកដី​សៀម​ទឹកដី​យួន​ចូល​ស្រុក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។

​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ក៏បាន​រិះគន់​ដែរ​ថា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី ទឹក​ស៊ុប និង​ចំណីអាហារ​ផ្សេងៗ​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលទាន​។ ដោយហេតុថា ពេល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន មន្ត្រី​កាំកុងត្រូល​ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មិនបាន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​និង​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​បែរជា​នាំគ្នា​ទៅ​ត្រួតពិនិត្យ​ស្ពៃជ្រក់ ត្រសក់​ត្រាំ ដែល​អាជីវករ​លក់ដូរ​នៅលើ​ទីផ្សារ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ប្រសិនបើ​មន្ត្រី​កាំកុងត្រូល​តាម​ច្រកព្រំដែន​បំពេញការងារ​បាន​ត្រឹមត្រូវ​នោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ខូចគុណភាព​និង​គ្រឿងឧបភោគ​បរិភោគ​មាន​លាយ​សារ​ធាតុគីមី​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានឡើយ​៕

maok-pich-rith-500x281លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល 12573726_877339429053871_7880556150926909228_n 12541147_222028744796302_1958587943061409927_n