ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឆេង សុវត្ថិ ខ្លះ​ផង​

មន្ត្រីនគរបាល​បម្រើកា​រងារ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​លោក ឆេង សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់​។ ដោយហេតុថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ឆេង សុវត្ថិ ប្រើ​អំណាច​និង​តួនាទី​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​អាង​មាន​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។

ថ្មីៗ​កន្លងទៅនេះ​លោក ឆេង សុវត្ថិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​មួយក្រុម​ចុះទៅ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ​២​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ត្រូវ​ទទួលរង​នូវ​ភាពអាម៉ាស់​យ៉ាងខ្លាំង​។ ដោយហេតុថា ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​មិន​សហការ​ជាមួយ​លោក ឆេង សុវត្ថិ ឡើយ​ដោយ​មិន​ព្រម​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ទេ ព្រោះ​ទំនិញ​ដែល​ពួកគេ​នាំចូល​គឺ​បង់​ពន្ធគយ​ត្រឹមត្រូវ និង​មាន​បិត​ក្រដាស់​ពន្ធ​ទៀតផង​។ បញ្ហា​នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនត្រូវ​បណ្ដោយ​ឲ្យ​លោក ឆេង សុវត្ថិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​បាន​ឡើងកាន់តំណែង​ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជំនួស​លោក ចាប សុ​ផា​រិ​ទ្ធ រួចមក ស្រាប់តែ​លោក ឆេង សុវត្ថិ និង​បក្ខពួក​ដាក់ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ទោះបី​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ​ឬ​ទំនិញ​ស្របច្បាប់​ក៏ដោយ ក៏ត្រូវ​កូនចៅ​លោក ឆេង សុវត្ថិ រាប់​ក្បាល​រថយន្ត​កំណត់​ឲ្យ​បង់លុយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដែរ ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​៥​ពី​ក្រុង​ប៉ោយប៉ែត ដល់ទី​រួម​ខេត្តបន្ទាយមានជ័យ និង​លើផ្លូវ​ជាតិ​លេខ​៦​ពី​ខេត្តបន្ទាយមានជ័យ ដល់​ព្រំប្រទល់​ខេត្តសៀមរាប​។ អំពើអាក្រក់​របស់លោក ឆេង សុវត្ថិ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនត្រូវ​ទុក​ឲ្យ​មន្ត្រី​ខិលខូច​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

311លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្