នគរបាល​ត្រៀម​ពង្រាយ​រថយន្ត ៤៨ គ្រឿង នៅ​៨​គោលដៅ​ធំៗ​នៅ​ទូទាំង​រាជធានី ត្រៀម​បង្ការ​អគ្គិភ័យ​ថ្ងៃ​ចូលឆ្នាំ​ចិន​

ភ្នំពេញ: លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ នៅ​រាជធានី​ភ្នំពេញ​តែងមាន​អគ្គិភ័យ​ឆេះ​ឡើង ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែមាន​ការមិន​ប្រុងប្រយ័ត្ន​ខ្ពស់​នៃ​ការអុជ​ធូប ទៀន​របស់​ពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន​។ ជាមួយគ្នា​នោះដែរ អង្គភាព​នគរ​បាលព​ន្ល​ត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ពង្រាយ​រថយន្ត​ចំនួន ៤៨ គ្រឿង នៅ​៨​គោលដៅ​ធំៗ នៅ​ទូទាំង​រាជធានី​។​

​លោក​ក៏បាន​ក្រើនរំឭក និង​ណែនាំ​ដល់​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ពី​ការត្រៀម​រៀបចំ​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​កត្តា​ហានិភ័យ​នៃ​ភ្លើង​ធូប ទៀន ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​។​

​ក្នុង​កិច្ចប្រជុំ​ពី​ការត្រៀម បង្ការ និង​ពន្លត់​អគ្គិសនី​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកុម្ភៈ​នេះ លោក ឃួ​ង ស្រេង អភិបាលរង បាន​ជំរុញ​ឲ្យ​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ អនុវត្ត​សកម្មភាព​ត្រៀម​បង្ការ​ប្រកបដោយ​ស្មារតី​ខ្ពស់ ដើម្បី​បម្រើ​ដល់​សុវត្ថិភាព និង​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។

​លោក ឃួ​ង ស្រេង ក៏បាន​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​នៅតាម​ផ្សារ និង​កន្លែង​កម្សាន្ដ​សប្បាយ ពី​ការបង្ការ​អគ្គិភ័យ និង​រក្សា​សន្តិសុខ​សុវត្ថិភាព ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និង​ចរន្ដអគ្គិសនី​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។​

​មន្ត្រី​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ​ខាងមុខនេះ អង្គភាព​ត្រៀម​ពង្រាយ​រថយន្ត​ចំនួន​៤៨​គ្រឿង ដោយ​ពង្រាយ​៨​គោលដៅ​ធំៗ​នៅ​ទូទាំង​រាជធានី​។ ប្រភព​ដដែល​បាន​បន្តថា នៅតាម​គោលដៅ​នីមួយៗ​មាន​រថយន្ត​២​គ្រឿង​នៅ​ប្រចាំការ ហើយ​គោលដៅ​ទាំងនោះ​មានដូចជា​៖ សាលាខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ​សែន​ជ័យ នាយកដ្ឋានអង្គរក្ស និង​អធិការដ្ឋាន​ខណ្ឌទួលគោក​។​
​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​ដែរ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​សាធារណជន​ដុត​ផាវ និង​កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​។ ជាមួយគ្នានេះ ការដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត និង​ហាម​ដាច់ខាត​មិន​ឲ្យ​ដុត​នៅលើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​៕​