ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តីរាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​ខណៈ​ពេល​នេះ​​​​​​រណ្តៅ​កម្ទេចក្រណាត់​រាប់​សិប​តោន​ដែល​​ក្រុមហ៊ុន​​សារុំ​ត្រេទីង ​បាន​ដុត​បំផ្លាញ​ចោល​នោះ​​​បណ្តាល​ឱ្យ​មាន​​​ផ្សែង​​​ហុយ​ទ្រលោម​​បង្ក​ផល​ប៉ះ​ពាល់​​ដល់​​សុខ​ភាព​​ប្រជា​ពល​រដ្ឋ​​រាប់​រយ​គ្រួសារ​ដែល​រស់នៅ​ជិត​តំបន់នោះ ស្ថិត​នៅ​​ក្នុង​ភូមិ​​ព្រៃកុដិ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​ព័ត៌​មាន​​​បាន​បន្ត​ថា ​ការ​ដុត​សំរាម​​ក្នុង​រណ្តៅ​​របស់​ក្រុម​ហ៊ុន​​​នា​ថ្ងៃ​ត្រង់​ថ្ងៃទី​៥ កុម្ភៈ ២០១៦ នេះ ភាគ​ច្រើន​ជា​កម្ទេច​ក្រណាត់​​ដែល​គេ​យក​ទៅ​ចាក់​ចោល​ក្នុង​រណ្តៅ​រាប់​សិប​តោន ​រួច​ដុច​កម្ទេច​ចោល​បង្ក​​​ឱ្យ​ឆេះ​​​​និង​មាន​ផ្សែង​ហុយ​ទ្រលោម​​​គ្រប​ដណ្តប់​​​ទៅ​ដោយ​​ផេះ និង​កម្ទេច​កម្ទីរ​​​រសាត់​​​ចម្ងាយ​រាប់​សិប​គីឡូ​ម៉ែត្រ​​ប៉ះពាល់​ដល់​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅ​​ក្នុង​​សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែនជ័យ និង​ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល​​ ខេត្ត​កណ្តាល ​​ដោយ​ខាង​ក្រុម​ហ៊ុន​​ឆ្លើយ​ដោះ​សារ​ក្រោម​​លេស​ថា​វា​ឆេះ​ខ្លួន​ឯង ​។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​រិះ​ដល់​អាជ្ញា​ធរមូល​ដ្ឋាន​ថា ​​ខណៈ​​​​ពេល​មាន​ភ្លើង​ឆេះ​​​សំរាម​​​ដែល​បង្ក​ផល​ប៉ះ​ពាល់​​ដល់​សុខភាព​​ពលរដ្ឋនេះ​​​មិន​មែន​ជា​លើក​ទី​១នោះទេ ​​ពួក​គាត់​​បន្ត​ថា ​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​​បែប​នេះ​ហើយ​ គេ​​មិន​​​​ឃើញ​​សមត្ថកិច្ច ឬ​អាជ្ញា​ធរ​មូល​ដ្ឋាន​​ចុះ​ទៅ​ជួយ​អន្តរាគមន៍​​ដើម្បី​ហៅ​រថយន្ត​អគ្គិភ័យ​ជួយ​បាញ់​ទឹក​ពន្លត់​នោះ​ទេ ​​​ហាក់​ដូច​ជា​​មិន​ខ្វល់​អ្វី​ទាំង​អស់ ​សង្ស័យ​​ត្រូវសំណែន​​របស់​ក្រុម​ហ៊ុន​ទេ​ដឹង​ ៕