ម៉ូតូ​បុក​រថយន្ត មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ នៅ​បាត់ដំបង​

បាត់ដំបង: មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន រ៉េ​ច​ង្កូ​ចជ្រុល ទៅបុក​រថយន្ត​ចំ​ពីមុខ ពេញទំហឹង ដួល​ហើយក៏​ត្រូវ​រថយន្ត​កិន​ពីលើ​ទាំង​២នាក់​តែម្តង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅចំណុច​ផ្លូវ​កោង​ខាងកើត ដងស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​កំពង់​ពិល  ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ  ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ទាំងពីរ​នាក់ ដែលមាន​ឈ្មោះ សន ធិ​ន  ភេទ​ប្រុស  អាយុ​៣០​ឆ្នាំ  រស់នៅភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២  ស្រុក​សង្កែ និង​ម្នាក់ទៀត​​មានឈ្មោះ ចាយ ឡែ​មភេទ​ប្រុស  អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​បោះ​ពោធិ៍  ឃុំ​អូរ​ដំបង​១  ស្រុក​សង្កែ​។ ចំណែកអ្នកបើកបរ​រថយន្ត ក្រោយពី​​កើតហេតុ​ភ្លាម បាន​ចុះ​គេចខ្លួនបាត់​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​គេ​បានឃើញ ជនរងគ្រោះ ជិ​:​ម៉ូតូ​ឃ្លិ​ក ១​គ្រឿង ពណ៌ស  ស៊េរី​ឆ្នាំ​២០១៥  គ្មាន​ស្លាក​លេខ ឌុប​គ្នា​២​នាក់ បើក​ក្នុង​ល្បឿន​លឿន លុះមកដល់​ចំណុច​ខាងលើ ម៉ូតូ​បាន​រេ​ចង្កូត ទៅបុក​ជាមួយ​រថយន្ត​រថយន្ត​ដឹក​ដី​ធុនតូច ពាក់​ស្លាក​លេខ​បាត់ដំបង 3A-1412 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខពេញទំហឹង បណ្តាល​ឲ្យ​ដួល​ហើយក៏​ត្រូវ​រថយន្ត កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់​នៅ​និង​កន្លែង កើតហេតុ​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សម្ថ​កិច្ច បានមក​ដល់ ហើយ​បាន​ទាក់ទង​ទៅក្រុមគ្រួសារ​ឲ្យ​មក​ទទួល​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​​ប្រពៃណី​។ ចំណែករថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​បា​ន​យកទៅ​រក្សាទុក ក្រោយពី​វាស់វែង​រួចដើម្បី​ចាត់ការ​តាមច្បាប់​៕R​