ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេធាវី​ដើរ​បោកប្រាស់​លុយកាក់​ពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជា​អ្នក​ដែល​មាន​បញ្ហា​ក្តីក្តាំ​នៅ​តុលាការ ត្រូវ​បាន​នគរ​បាល​​ស្រុក​ឧដុង្គ ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​ច្បាប់​ចាត់ការ​។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​៥ កុម្ភៈ ២០១៦ នៅ​ចំណុច​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជន​ដែល​តាំងខ្លួន​ជា​មេធាវី​នេះ ត្រូវ​បាន​ស្គាល់​មានឈ្មោះ​ជា ម៉​ន ភេទ​ប្រុស  អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ឃាត់ខ្លួន​ខាងលើ​។

លោក​វរសេនីយ៍ត្រី ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​២៣៤ ចុះ​ថ្ងៃ​ទី​២៥ កក្កដា ២០១១ ពី​បទ​ឆបោក (​ប្រាក់​) ដែល​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ យ៉ា​ន សុភាព​។

តាម​ប្រភព​ពី​មន្ត្រី​តុលាការ​បានឱ្យ​ដឹង​ថា ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ បាន​តាំង​ខ្លួនឯង​ជា​មេធាវី ហើយ​ដើរ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​មាន​បញ្ហា​ក្តីក្តាំ​នៅ​តុលាការ ដូច​ជា​ខេត្តតាកែវ កំពត កំពង់ស្ពឺ និង​កណ្តាល​ជាដើម ។ នៅ​ពេល​ដែល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​អ្នក​រង​គ្រោះ​ដោយ​ការ​ឆបោក​នេះ ហើយ​តុលាការខេត្ត​កំពង់ស្ពឺ បាន​កោះ​ជនសង្ស័យ​រូប​នេះ ឱ្យ​ចូលខ្លួន​មក​បំភ្លឺ តែ​ជន​នេះ​បាន​គេចវេស​មិន​ចូលខ្លួន​មក​ឡើយ​។

ប្រភព​បន្ត​ថា ដោយសារ​តែ​គេ​គេចវេស​មិន​ចូលខ្លួន ទើប​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

លោក​វរសេនីយ៍ត្រី ពីង ពៅ អធិការរង​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​ជន​ម្នាក់​នេះ ដែល​ធ្លាប់​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ឧដុង្គ កន្លង​មក សូម​មក​ទំនាក់ទំនង​ដាក់​ពាក្យបណ្តឹង​បន្ថែម​នៅ​សាលាដំបូង​ខេត្ត ព្រោះថា ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​នេះ​បាន​ហើយ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ​ធ្វើ​យ៉ាងណា ចាត់ការ និង​ផ្តន្ទាទោស​ជនសង្ស័យ​រូប​នេះ​ឱ្យ​សម​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត ដើម្បី​រាងចាល​កុំឱ្យ​ពេល​ចេញ​មក​វិញ ថ្ងៃក្រោយ​ដើរ​ប្រព្រឹត្ត​អំពើ​ឆបោក​លុយ​ប្រជាពលរដ្ឋ​តទៅ​ទៀត​។ ជា​ពិសេស​គឺ​ស្ថាប័ន​មេធាវី​តែ​ម្តង ដែល​ត្រូវ​ជន​នេះ​យកឈ្មោះ​អង្គភាព​មក​ដើរ​បោកប្រាស់​គេ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​មេធាវី ក៏​គួរ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ​៕