ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ​៖ ស្ថានភាព​បទល្មើស​គ្រឿងញៀន​ និង​បទ​​ល្មើស​ព្រហ្មទណ្ឌសម្រាប់​ខេត្តក្រចេះ គឺ​មិនកើត​មាន​ធ្ងន់ធ្ងរ​​​នោះ​​ទេ ដោយ​សារ​តែ​កម្លាំង​​នគរបាល​ខេត្តមាន​ឆន្ទៈ​​មោះមុត​​នឹង​​ការងារ តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ស្នងការដ្ឋាន ​។ ​ទោះ​បី​ជា​បែប​ណា​​ក្តី កម្លាំង​នគរបាល​ត្រូវ​តែ​បន្តសកម្មភាព​ឲ្យ​កាន់តែ​​​ល្អប្រសើរ​​​​​ ​ដើម្បី​បង្ការ​​និងទប់ស្កាត់​រាល់​បទល្មើស​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព ​។ នេះ​ជា​ប្រសាសន៍​​របស់​លោកស្នងការ​នគរបាល​ខេត្ត ថ្លែង​ទៅ​កាន់​លោកស្នងការ​រង​គ្រប់​ផែន នាយ​កា​រិ​យាល័យ អធិការ​នគរបាល​ស្រុក​-​ក្រុង និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​។

ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំប្រចាំខែ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​នៅ​ខែ​ថ្មី ព្រមទាំង​ផ្សា​ព្វ​ផ្សាយ​សេចក្តីជូនដំណឹង​លេខ០០៥/១៦ ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ​ជា​ប្រធាន​ ​និង​សេចក្តីណែនាំ​លេខ​០០១ របស់​អគ្គស្នងការ​នគរបាល​ជាតិ ស្តី​ពីការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​-​វៀតណាម​​ នា​​ពេ​ល​ខាង​មុខ ។

​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុ​ម្ភៈ នេះ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន​​កោតសរសើរដល់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រុក​-​ក្រុង នៅ​ទូ​ទាំង​ខេត្ត ដែល​បាន​​ខិតខំ​បំពេញ​កិច្ច​ការងារ​ធ្វើ​ឲ្យ​មូលដ្ឋាន​មានសុខ​សុវត្ថិភាព​ ទទួល​បានការ​សរសើរ ​និង​មាន​ទំនុក​ចិត្តយ៉ាង​ខ្លាំង​ពី​ពលរដ្ឋ ​។ ​ប៉ុន្តែ​លោក​​សូម​ព្រមាន​​នឹង​មានវិធានការក្តៅ​​​ចំពោះ​មន្ត្រី​មួយ​ចំនួនដែល​អសកម្ម​​ក្នុង​​ការងារ ។

ស្រប​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ខិត​ជិត​ចូល​មក​ដល់នា​ពេល​ខាង​មុខនេះ​ លោក​ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ផែនការយ៉ាង​ម៉ឺងម៉ាត់​​បំផុត​បន្ថែម​​លើ​ទិស​ដៅ​ផែនការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ពង្រឹង​កិច្ច​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ បង្កើន​វេន​ប្រចាំការ​ឲ្យ​ជាប់​ជាប្រចាំ​តាម​​ទីប្រជុំជន បណ្តា​តំបន់​ទេសចរណ៍​នានា បង្ការ​និង​​ទប់ស្កាត់​កុំ​ឲ្យ​ជនល្មើស​​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​សកម្មភាព​ណាមួយ​បាន​​ជា​ដាច់​ខាត​ ។

​លោក​ឧត្តមសេនីយ៍​​ស្នងការ​នគ​​របាល​ខេត្ត​ ក៏​បាន​ធ្វើ​ពិធីប្រគល់​សម្ភារ​ប្រើប្រាស់​ដល់​​​ប៉ុស្តិ៍​រដ្ឋបាលឃុំ/សង្កាត់ទាំង​៤៦ នៅ​ទូ​ទាំង​ខេត្ត​ ក្នុង​១​ប៉ុស្តិ៍ទទួល​បានតុ​១ កៅអី​១ និង​ក្រដាសរាម​៥​ដុំ​ផង​​ដែរ​ ៕​