ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​ក្លែងក្លាយ​ចំនួន​5​នាក់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​ផ្សឹក រួច​បញ្ជូន​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រលប់​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦  បន្ទាប់​ពី​លួច​ចូល​ទៅ​ដី​ថៃ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​។

ជនសង្ស័យ​ទាំង​5 រួម​មាន ១-​ឈ្មោះ​ម៉ៅ ធី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​, ២-​ឈ្មោះ​សន បូ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​, ៣-​ឈ្មោះ​អ៊ូញ ចាន់​ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​, ៤-​ឈ្មោះ​ជា ប្រុស ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឈូក ខេត្តកំពត និង​៥-​ឈ្មោះ​លឹ​ម វ៉ា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ដងទង់ ខេត្តកំពត​។

ជនសង្ស័យ​ទាំង​5 ម្នាក់​ចេញពី​កម្ពុជា​តាម​ច្រក​មួយ​ក្នុងស្រុក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ និង​៤​នាក់​ទៀត​ចេញ​តាម​ច្រក​មួយ​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ហើយ​ទាំង​5 នាក់ អ្នកខ្លះ​ត្រូវ​មេខ្យល់​យក​ប្រាក់​អស់​២០​ម៉ឺន​រៀល ខ្លះ​ថា អស់​២៥​ម៉ឺន​រៀល និង​ខ្លះ​ទៀត​ថា​អស់​៣០​ម៉ឺន​រៀល​។

ជន​ក្លែង​ជា​សង្ឃ​ទាំងនេះ ក្រោយ​ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង​មក​ដល់ទី​តាំង​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​យក​ទៅ​សួរនាំ​បន្ត​។ ពួក​គេ​ប្រាប់​សមត្ថកិច្ច​ថា ចេញពី​កម្ពុជា​តាម​រយៈ​មេខ្យល់​មិន​ស្គាល់ឈ្មោះ បាន​យក​ពួក​ខ្លួន​ឆ្លង​ព្រំដែន​ទៅ​ដី​ថៃ បន្ទាប់​មក​គេ​ទិញ​ស្បង់​ចីវរ​បាត្រ និង​ថង់យាម​ឲ្យ ដើម្បី​ដើរ​បិណ្ឌ​បាត្រ​រក​ប្រាក់ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ផ្សឹក រួច​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ ។

លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ជន​ក្លែង​ជា​សង្ឃ​ទាំង​៥​នេះ ក្រោយ​អប់រំ​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តទៅ​ទៀត បន្ទាប់​មក​ក៏​បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ​។  អ្នកស្រុក​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​មាន​វិធានការ​លើ​ជន​ទាំងឡាយ​ណា​ដែល​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម ដើម្បី​ឲ្យ​រាងចាល​៕