ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ ស្រប​ពេល​​ដែល​ឱ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ​កាន់តែ​ខិត​ជិត​មក​ដល់នោះ​ គេ​សង្កេត​ឃើញ​មាន​ដើម​ផ្កា​អង្គសីល ​ដែល​ឈ្មួញ​ដឹក​ពី​កន្លែង​មួយ​ទៅ​​កន្លែង​មួយ ដើម្បី​លក់​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​​​ខ្សែស្រឡាយ​ខ្មែរ​កាត់​ចិន​-វៀតណាម ​ជាក់ស្តែង​នៅ​មុខ​ផ្សារ​ស្រុក​អូរ​រាំង​ឪ ​និង​ផ្សារ​ក្រុង​កំពង់ចាម ត្រូវ​បាន​​គេ​ដាក់​តាំង​​​លក់ ​សម្រាប់​យក​ទៅ​សែន​ក្នុង​នៅ​​ថ្ងៃ​ចូល​ឆ្នាំ ​។

អ្នកស្រី ស៊ុ​យ ផ​ល្លី អាយុ​៥៣​ឆ្នាំ ​នៅ​ភូមិ​សាញ់​ជី​សែន ​ឃុំ​តំបែរ ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ ​បាន​​ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី​៥ ​កុម្ភៈ ​ថា រូប​គាត់​​ និង​បងប្អូន​បាន​នាំ​គ្នា​ចេញ​ទៅ​រក​ដើម​ផ្កា​អង្គាសីល​ពី​ក្នុង​ព្រៃជ្រៅ​ដោយ​បាន​សរុប​ជាង​១០០​បាច់ ​​សម្រាប់​យក​មក​លក់​នៅ​ផ្សារ​ក្រុង​កំពង់ចាម ​ខេត្តកំពង់ចាម ​។ អ្នកស្រី ​បាន​បន្ត​​​ថា ​កាល​ពី​មុន​​​ដើម​​ផ្កា​អង្គាសីល​​​​​មិន​ពិ​បាក​​រក​ទេ ​តែ​​​សព្វថ្ងៃ​មនុស្ស​ចេះ​តែ​កាប់រាន​ដី​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​ដោយ​បាន​កាប់​ទាំង​ដើម​ផ្កា​អង្គាសីល​ចោល​​ទៀត​ផង​ ​​និង​កាន់តែ​ខ្សត់ទៅ​ៗ​ពិបាក​​ដើរ​រក​​​ខ្លាំងណាស់​ ។ ជា​​រៀង​​រាល់​ឆ្នាំ​ ​គាត់​បាន​ដឹក​យក​មក​លក់​នៅ​ក្រុង​កំពង់ចាម ​បាន​ប្រាក់​​ចាប់​ពី​២០ម៉ឹន​រៀល​ទៅ​៣០​ម៉ឺន​រៀល ​ដើម្បី​​យក​ទៅ​​​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក​ឧកញ៉ា ហេង ឡុ​ង ​ប្រធាន​សមាគម​​ខ្មែរ​-​ចិន ប្រចាំ​ខេត្តកំពង់ចាម ​បាន​​ឲ្យ​ដឹង​ថា ​ដើម​ផ្កា​អង្គា​សីល​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​​និង​វៀតណាម​ តែង​តែ​​យក​មក​ដាក់​តាំងនៅ​ក្នុងផ្ទះ​រដូវចូល​ឆ្នាំ​ចិន​-​វៀតណាម មាន​តាំងពី​ជីដូន​ជីតា​យូរ​​មកហើយ​ ​ផ្កា​នេះ​ឲ្យ​តែ​ដល់​ចំ​ថ្ងៃ​ចូល​ឆ្នាំ ​​វា​​ត្រូវ​​តែ​រីក​ចេញ​ពណ៌​លឿង​ស្អាត ​ដែល​នាំ​លាភ​នាំ​សំណាងដល់​ក្រុម​គ្រួសារ​នីមួយ​ៗ ៕