ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ

​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ត្បូងឃ្មុំ សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​បទល្មើស​ផ្សេងៗ​ដូចជា ល្បែងស៊ីសង អំពើចោរកម្ម និង​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពញាក្រែក ស្រុក​មេមត់ និង​ក្រុង​សួង បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​បាន​តិចតួច​ក្នុងខណៈដែល​ល្បែងស៊ីសង​និង​គ្រឿងញៀន​រាលដាល​កាន់តែ​ខ្លាំងក្លា​តាំងពី​ទីប្រជុំជន​រហូតដល់​តំបន់​ចុងកាត់មាត់ញក​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ​នោះទេ​។​

កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​កាស៊ីណូ​ហេង​ហេង ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​២១​នាក់ រឹបអូស​បាន​រថយន្ត​១៦​គ្រឿង ម៉ូតូ​១៤​គ្រឿង មាន់​ត្រៀម​បញ្ជល់​១៤​ក្បាល និង​មាន់​ក្នុង​ទ្រុង​ជាង​១០០​ក្បាល​ទៀត ហើយ​អ្នក​លេងល្បែង​ភាគច្រើន​គឺជា​ជនជាតិខ្មែរ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ពញាក្រែក បាន​លើកឡើងថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​សង្វៀន​ប​ញ្ជ​ល់​មាន់នៅ​ភូមិ​អន្លង់​ជ្រៃ​នោះ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការបង្ក្រាប​បទល្មើស ព្រោះ​ជាក់ស្តែង​បទល្មើស​រាលដាល​យ៉ាង​អនាធិបតេយ្យ​ទៅហើយ​។

​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ និង​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ បាន​ទទួលស្គាល់ថា ចាប់តាំងពី​ថ្ងៃទី​១៨ ខែមករា រហូតមក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក មាន​ភាពស្ងប់ស្ងាត់​ប៉ុន្តែ​បទល្មើស​ផ្សេងៗ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង កន្ទុយលេខ និង​គ្រឿងញៀន​ជាដើម នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​៕

ម៉ៅ-ពៅ-មេស្នងការ-ខេត្តត្បូងឃ្មុំលោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ 54632 82394 932564